ឯកឧត្តម សុខ លូ និងឯកឧត្តម អ៊ួង សុភារិន្ទ ជួបពិភាក្សាលើសក្តានុពល និងការទាក់ទាញវិនិយោគឱ្យមកខេត្តបាត់ដំបង
AKP បាត់ដំបង ថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៦-- ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង និងមន្ត្រីជំនាញពាក់ព័ន្ធ បានអញ្ជើញជួបប្រជុំជាមួយប្រតិភូក្រសួងយុត្តិធម៌ និងជាក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបាត់ដំបង ដែលមានឯកឧត្តម អ៊ួង សុភារិន្ទ រដ្ឋលេខាធិការក្រសួងយុត្តិធម៌ ដើម្បីពិភាក្សា និងបង្ហាញពីសក្តានុពលរបស់ខេត្តបាត់ដំបង ក្នុងការជំរុញការវិនិយោគ និងការអភិវឌ្ឍសេដ្ឋកិច្ចក្នុងមូលដ្ឋាន។

ក្នុងកិច្ចប្រជុំនេះបានបង្ហាញពីសក្តានុពលរបស់ខេត្តលើវិស័យសំខាន់ៗ ព្រមទាំងពិភាក្សា និងរកយន្តការនានា ដើម្បីជំរុញការទាក់ទាញអ្នកវិនិយោគទាំងក្នុងស្រុក និងក្រៅប្រទេស ឱ្យមកសិក្សាស្វែងយល់ និងបណ្តាក់ទុននៅក្នុងខេត្តកាន់តែច្រើន។

កិច្ចប្រជុំធ្វើឡើងនៅថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៦ ហើយក៏មានការចូលរួមពីឯកឧត្តម ឡុង គឹមឃន រដ្ឋលេខាធិការក្រសួងយុត្តិធម៌ ឯកឧត្តម ឯម ច័ន្ទមករា រដ្ឋលេខាធិការក្រសួងយុត្តិធម៌ អភិបាលរងខេត្ត និងប្រធាន អនុប្រធានមន្ទីរ ជុំវិញខេត្តជាច្រើនរូបទៀតផង៕

ដោយ ណយ នឿន (ប្រភព៖ រដ្ឋបាលខេត្តបាត់ដំបង)





