ក្រុមប្រឹក្សាខេត្តកណ្តាលបើកកិច្ចប្រជុំសាមញ្ញលើកទី២៧ អាណត្តិទី៤ ដោយពិភាក្សា និងអនុម័តលើរបៀបវារៈសំខាន់ៗចំនួន៨
AKP កណ្ដាល ថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៦-- ក្រុមប្រឹក្សាខេត្តកណ្តាល នៅថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៦ បានបើកកិច្ចប្រជុំសាមញ្ញលើកទី២៧ អាណត្តិទី៤ នៅសាលាខេត្តកណ្តាល ដើម្បីពិនិត្យ ពិភាក្សា និងអនុម័តលើរបៀបវារៈសំខាន់ៗចំនួន៨ និងដាក់ចេញទិសដៅសំខាន់ៗ ដើម្បីបម្រើប្រជាពលរដ្ឋកាន់តែមានប្រសិទ្ធភាព ក្រោមអធិបតីភាពឯកឧត្តម នូ សាខន ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម គួច ចំរើន អភិបាលខេត្តកណ្តាល ដោយមានការចូលរួមផងដែរ ពីសមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត កងកម្លាំងមានសមត្ថកិច្ច ប្រធាន អនុប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត និងមន្ត្រីពាក់ព័ន្ធជាច្រើនរូប។

ថ្លែងក្នុងកិច្ចប្រជុំនេះ ឯកឧត្តម នូ សាខន បានបញ្ជាក់ថា ខេត្តកណ្តាលមានមោទនភាពចំពោះលទ្ធផលការងារដែលសម្រេចបានក្នុងឆមាសទី១ ឆ្នាំ២០២៦ ជាពិសេសលើវិស័យសន្តិសុខ សណ្តាប់ធ្នាប់ សេវារដ្ឋបាល សេវាសាធារណៈ សុខាភិបាល កសិកម្ម ធនធានទឹក និងបរិស្ថាន ជាងនេះទៅទៀតនោះ គឺរដ្ឋបាលខេត្តបានឆ្លើយតបចំពោះជំងឺគ្រុនឈាមបានយ៉ាងមានប្រសិទ្ធភាព ព្រមទាំងបានខិតខំការពារបរិស្ថាន និងការគ្រប់គ្រងសំរាមដោយបានដាក់វិធានការជាបន្តបន្ទាប់ ជាមួយគ្នានេះរដ្ឋបាលខេត្ត និងមន្ទីរជំនាញក៏កំពុងតែសកម្មក្នុងការងារជួសជុលកែលម្អផ្លូវ ដាក់លូ ដើម្បីសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ ជាពិសេសក្នុងក្រុងតាខ្មៅ។ ការអនុវត្តគោលនយោបាយភូមិ ឃុំ សង្កាត់មានសុវត្ថិភាព និងការចាត់វិធានការច្បាប់ បានរួមចំណែកកាត់បន្ថយបទល្មើសនានា ខណៈការទប់ស្កាត់សកម្មភាពស្កែមអនឡាញ និងការចុះរុះរើសំណង់អនាធិបតេយ្យតាមដងផ្លូវសំខាន់ៗ ក៏បានជួយពង្រឹងសន្តិសុខ សណ្តាប់ធ្នាប់ សម្រួលចរាចរណ៍ និងកែលម្អសោភ័ណភាពទីប្រជុំជន។

ប្រធានក្រុមប្រឹក្សាខេត្តក៏បានថ្លែងនូវការកោតសរសើរចំពោះការខិតខំប្រឹងប្រែងរបស់រដ្ឋបាលខេត្ត មន្ទីរពាក់ព័ន្ធដែលបានសហការគ្នាក្នុងការចុះវាស់វែង ចុះបញ្ជីដីធ្លីលក្ខណៈជាប្រព័ន្ធ បានបញ្ចប់ទាំង ១៣ ក្រុង ស្រុក ពិសេសការផ្តល់បណ្ណសម្គាល់ម្ចាស់អចលនវត្ថុជូនប្រជាពលរដ្ឋ ត្រូវបានចាត់ទុកថាជាសមិទ្ធផលសំខាន់មួយរបស់ខេត្ត ដែលបានបញ្ចប់ជាមូលដ្ឋាន បន្ទាប់ពីពិធីប្រគល់បណ្ណជូនប្រជាពលរដ្ឋ ដោយមានការអញ្ជើញចូលរួមដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កាលពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៦ នៅស្រុកខ្សាច់កណ្តាល។
មានប្រសាសន៍ក្នុងកិច្ចប្រជុំនេះ ឯកឧត្តម គួច ចំរើន បានណែនាំដល់មន្ទីរ អង្គភាពពាក់ព័ន្ធ អាជ្ញាធរក្រុង ស្រុក ត្រូវសហការគ្នាដើម្បីពន្លឿនការចែកបណ្ណកម្មសិទ្ធិដីធ្លីជូនដល់ដៃប្រជាពលរដ្ឋឱ្យបានឆាប់រហ័ស និងជួយសម្របសម្រួលនីតិវិធីបង់ពន្ធពាក់ព័ន្ធនឹងការចេញប័ណ្ណកម្មសិទ្ធិឱ្យបានឆាប់រហ័ស និងងាយស្រួលផងដែរ។ ពាក់ព័ន្ធនឹងបញ្ហាជំងឺគ្រុនឈាម ឯកឧត្តមអភិបាលខេត្តបានក្រើនរំលឹកដល់មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្ត និងអាជ្ញាធរពាក់ព័ន្ធទាំងអស់ត្រូវសហការគ្នា បន្តការផ្សព្វផ្សាយជូនប្រជាពលរដ្ឋឱ្យមានការយល់ដឹងក្នុងការការពារខ្លួនជៀសផុតពីការឆ្លងជំងឺនេះ គ្រប់មន្ទីរពេទ្យមណ្ឌលសុខភាពទាំងអស់ ត្រូវត្រៀមលក្ខណៈទុកជាមុន ដោយមានត្រៀមរៀបចំគ្រែពេទ្យ អគារ ឬកន្លែងស្នាក់នៅរបស់អ្នកជំងឺ ជាពិសេសនោះគឺ ត្រូវត្រៀមរៀបចំផែនការឆ្លើយតបឱ្យមានប្រសិទ្ធភាពខ្ពស់ ចំពោះការព្យាបាល និងការទប់ស្កាត់ជំងឺគ្រុនឈាម សម្រាប់ឆ្នាំក្រោយៗទៀត។

ឯកឧត្តម នូ សាខន ក៏បានស្នើឱ្យសមាជិកក្រុមប្រឹក្សា និងមន្ត្រីពាក់ព័ន្ធទាំងអស់ សូមផ្តល់ជាធាតុចូល និងសហការគ្នាឱ្យបានជិតស្និទ្ធ ដើម្បីដោះស្រាយបញ្ហាប្រឈម និងសំណូមពររបស់ប្រជាពលរដ្ឋ ព្រមទាំងធានាឱ្យការអនុវត្តការងាររបស់រដ្ឋបាលខេត្តនាពេលខាងមុខ កាន់តែមានប្រសិទ្ធភាព តម្លាភាព និងឆ្លើយតបបានទាន់ពេលវេលា៕
ដោយ ណយ នឿន (ប្រភព៖ រដ្ឋបាលខេត្តកណ្តាល)





