ឯកឧត្តម លី ធុជ៖ ២០ឆ្នាំនៃគម្រោងបោសសម្អាតមីនគឺបានរួមចំណែកកសាងសហគមន៍មានសុវត្ថិភាព ខណៈកម្ពុជាកំពុងប្រឈមមនុស្សធម៌ថ្មី ដែលបង្កឡើងដោយប្រទេសថៃ
AKP ភ្នំពេញ ថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៦-- ឯកឧត្តម លី ធុជ បានបញ្ជាក់ថា កម្ពុជាកំពុងប្រឈមនឹងបន្ទុកមនុស្សធម៌ថ្មី ដែលបង្កឡើងដោយជម្លោះព្រំដែនកម្ពុជា-ថៃ ដោយមានផលប៉ះពាល់ថ្មីពីយុទ្ធភណ្ឌគ្រឿងផ្ទុះនៅតាមសហគមន៍ និងតំបន់មួយចំនួន ដែលធ្លាប់ត្រូវបានបោសសម្អាត និងប្រគល់ជូនប្រជាពលរដ្ឋប្រើប្រាស់ដោយសុវត្ថិភាពរួចមក។ សមិទ្ធផលជិត ២០ឆ្នាំនៃគម្រោងបោសសម្អាតមីន គឺបានរួមចំណែកកសាងសហគមន៍មានសុវត្ថិភាព ខណៈកម្ពុជាកំពុងប្រឈមមនុស្សធម៌ថ្មីដែលបង្កឡើងដោយប្រទេសថៃ។
ឯកឧត្ដមបណ្ឌិត លី ធុជ ទេសរដ្ឋមន្ដ្រី និងជាអនុប្រធានទី១ អាជ្ញាធរមីន បានបញ្ជាក់បែបនេះ ក្នុងកិច្ចប្រជុំក្រុមប្រឹក្សាភិបាលគម្រោងបោសសម្អាតមីន ដើម្បីលទ្ធផលដំណាក់កាលទី៥ (CfRV) នៅទីស្នាក់ការអាជ្ញាធរមីន នាថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៦។

ឯកឧត្តមបណ្ឌិត លី ធុជ បានបញ្ជាក់ថា សន្តិភាព និងស្ថិរភាព គឺជាមូលដ្ឋានគ្រឹះសម្រាប់ការអភិវឌ្ឍហើយរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៅតែប្តេជ្ញាដោះស្រាយបញ្ហាព្រំដែនកម្ពុជា-ថៃតាមមធ្យោបាយសន្តិវិធី តាមរយៈការសន្ទនា ការទូត ច្បាប់អន្តរជាតិ និងយន្តការទ្វេភាគី និងពហុភាគី ព្រមទាំងបន្តផ្តល់អាទិភាពដល់សុវត្ថិភាព និងសុខុមាលភាពរបស់ប្រជាពលរដ្ឋ ជាពិសេសអ្នករស់នៅតាមតំបន់ព្រំដែន។

ក្នុងរយៈពេលជិត២ទសវត្សរ៍ គម្រោងបោសសម្អាតមីនដើម្បីលទ្ធផល ដែលបានចាប់ផ្តើមអនុវត្តនៅឆ្នាំ២០០៦ បានរួមចំណែកបោសសម្អាត និងប្រគល់ដីដែលរងផល ប៉ះពាល់ដោយមីនប្រមាណ៤២៧ គីឡូម៉ែត្រការ៉េ ត្រឡប់ទៅប្រើប្រាស់ដោយសុវត្ថិភាព ស្មើប្រមាណ១៣.៥% នៃផ្ទៃដីបោសសម្អាតមីនសរុប ៣,៦៣៤ គីឡូម៉ែត្រការ៉េ របស់កម្ពុជា ព្រមទាំងរួមចំណែកលើកកម្ពស់ជីវភាព កសិកម្ម និងការអភិវឌ្ឍសហគមន៍។ បន្ទាប់ពីអនុវត្តបាន៤ដំណាក់កាល គម្រោងបានឈានចូលដំណាក់កាលទី៥ (២០២៦-២០៣០) ដោយផ្តោតលើការភ្ជាប់សកម្មភាពមីនជាមួយការអភិវឌ្ឍមនុស្ស ជីវភាព ការគាំពារជនរងគ្រោះ សមភាព យេនឌ័រ និងការប្រើប្រាស់ដីដែលបានបោសសម្អាតឱ្យមានផលិតភាព។

ក្នុងឆមាសទី១ ឆ្នាំ២០២៦ គម្រោង CfRV បានប្រគល់ដីសរុប ៣,៧៦៧,៥៨៤ ម៉ែត្រការ៉េ (៣.៧៧ គីឡូម៉ែត្រការ៉េ) និងរកឃើញ និងកម្ទេចមីនប្រឆាំងមនុស្ស ៥៨គ្រាប់ និង សំណល់ជាតិផ្ទុះពីសង្គ្រាម ១,០១២គ្រាប់។ គម្រោងក៏បានគាំទ្រឱ្យ មនុស្សមានពិការភាព ២,៤៦៤នាក់ ទទួលបានសេវាស្តារនីតិសម្បទា ក្នុងនោះជនរងគ្រោះដោយមីននិងសំណល់ជាតិផ្ទុះមាន ១,៧៤៦នាក់ ព្រមទាំងឆ្លើយតបកិច្ចការ EOD ចំនួន ៧៣០លើក និងផ្តល់ការអប់រំអំពីហានិភ័យមីន និងសំណល់ជាតិផ្ទុះដល់ប្រជាពលរដ្ឋ ៩,៧៣១នាក់។
ឯកឧត្តមបណ្ឌិត លី ធុជ បានបញ្ជាក់ថា ស្ថានភាពនេះបានបង្កើនតម្រូវការបន្ទាន់សម្រាប់ការសិក្សា ស្រាវជ្រាវទីតាំង ការបោសសម្អាត និងការអប់រំអំពីហានិភ័យជាដើម។ ដូច្នេះសូមដៃគូអភិវឌ្ឍន៍ និងមិត្តភក្តិអន្តរជាតិ បន្តផ្តល់ការគាំទ្រ និងសាមគ្គី ភាពជាមួយកម្ពុជា ដើម្បីរួមគ្នាការពារជីវិតប្រជាពល រដ្ឋ ស្តារសហគមន៍ឱ្យមានសុវត្ថិភាពឡើងវិញ និងរក្សាសមិទ្ធ ផលដែលកម្ពុជាសម្រេចបានតាមរយៈកិច្ចខិតខំប្រឹងប្រែងកសាងសន្តិភាព និងសកម្មភាពមីនអស់រយៈពេលជាច្រើនទសវត្សរ៍។

ឯកឧត្តមបណ្ឌិត លី ធុជ បានថ្លែងអំណរគុណជាថ្មីចំពោះ អូស្ត្រាលី នូវែលសេឡង់ លុចសំបួ អ៊ីតាលី UNDP និងដៃគូអភិវឌ្ឍន៍ទាំងអស់ ដែលបានបន្តឈរជាដៃគូជាមួយកម្ពុជា។ កម្ពុជានឹងបន្តអនុវត្តគម្រោងបោសសម្អាតមីនដើម្បីលទ្ធផល ដំណាក់កាលទី៥ (២០២៦-២០៣០) ប្រកបដោយប្រសិទ្ធភាព និងបន្តអនុវត្តគោលនយោបាយជាតិសកម្មភាពមីន ២០២៦-២០៣៥ ដើម្បីការពារជីវិត សុវត្ថិភាព និងជីវភាពប្រ ជាពលរដ្ឋ និងឈានទៅសម្រេចគោលដៅកម្ពុជាគ្មានផលប៉ះពាល់ដោយយុទ្ធភណ្ឌគ្រឿងផ្ទុះ៕
ដោយ សួស សំរិត





