រាជរដ្ឋាភិបាលកម្ពុជា រៀបចំទីតាំងដីក្រោមគម្រោង LASED III ដើម្បីជួយគាំទ្រពលករខ្មែរអាយុលើសពី ៤០ឆ្នាំ ត្រឡប់មកពីថៃ
AKP បន្ទាយមានជ័យ ថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៦--ក្នុងបរិបទនៃការរីកចម្រើន និងការយកចិត្តទុកដាក់ខ្ពស់ពីសំណាក់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា លោកពូ អ្នកមីង ជាអតីតពលករខ្មែរដែលមានអាយុចាប់ពី ៤០ឆ្នាំឡើងទៅ ដែលបានវិលត្រឡប់មកពីប្រទេសថៃ ឥឡូវនេះទទួលបាននូវ «ក្តីសង្ឃឹម និងស្មារតីអភិវឌ្ឍន៍ជីវភាពថ្មី» តាមរយៈកិច្ចអន្តរាគមន៍យ៉ាងសកម្មពីក្រសួងស្ថាប័នពាក់ព័ន្ធ ក្នុងការរៀបចំទីតាំងដីសម្បទានសង្គមកិច្ច ដើម្បីធានាបាននូវស្ថិរភាពជីវភាព និងការរស់នៅប្រកបដោយនិរន្តរភាព។

កាលពីព្រឹកថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម សូ ខនឬទ្ធីគុណ អនុរដ្ឋលេខាធិការ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានអញ្ជើញជាអធិបតីភាពក្នុងកិច្ចប្រជុំពិភាក្សាកំណត់ទីតាំងដី ដើម្បីគាំទ្រការអនុវត្ត «កម្មវិធីសម្បទានដីសង្គមកិច្ច និងសេដ្ឋកិច្ច គាំទ្រដល់ពលករខ្មែរដែលមានអាយុច្រើនជាង ៤០ឆ្នាំ ដែលបានត្រឡប់មកពីប្រទេសថៃ» ដោយប្រើប្រាស់យន្តការនៃគម្រោងបែងចែកដីដើម្បីសង្គមកិច្ច និងការអភិវឌ្ឍសេដ្ឋកិច្ច ជំហាន៣ (LASED III) នៅសាលប្រជុំសាលាខេត្តបន្ទាយមានជ័យ។

ថ្លែងក្នុងកិច្ចប្រជុំដ៏មានសារៈសំខាន់នេះ ឯកឧត្តម សូ ខនឬទ្ធីគុណ បានគូសបញ្ជាក់យ៉ាងច្បាស់ថា ការរៀបចំទីតាំងដីជូនពលករខ្មែរដែលត្រឡប់មកពីប្រទេសថៃ ជាពិសេសអ្នកដែលមានអាយុលើសពី ៤០ឆ្នាំ គឺបង្ហាញឱ្យឃើញពី ការយកចិត្តទុកដាក់ខ្ពស់បំផុតរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដែលជានិច្ចកាលតែងតែគិតគូរពីសុខទុក្ខ និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋគ្រប់រូប ដោយមិនទុកឱ្យពលរដ្ឋណាម្នាក់រងគ្រោះ ឬដាច់ឃ្លាតពីកិច្ចអភិវឌ្ឍន៍នោះឡើយ។ យន្តការគម្រោង LASED III នេះ គឺជាស្ពានចម្លងដ៏មានសារៈសំខាន់ក្នុងការផ្តល់ទាំងទីជម្រក ដីធ្វើកសិកម្ម និងឱកាសសេដ្ឋកិច្ច ដើម្បីឱ្យពួកគាត់អាចចាប់ផ្តើមជីវិតថ្មីនៅលើទឹកដីកំណើតខ្លួនឯងវិញដោយក្តីមោទនភាព។

ចំណែកឯ លោក លៀម សុដា អភិបាលរងនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ និងជាតំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្ត បានមានប្រសាសន៍បង្ហាញពីការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់រដ្ឋបាលខេត្ត។ លោកបានលើកឡើងថា អាជ្ញាធរខេត្តបន្ទាយមានជ័យ សហការយ៉ាងជិតស្និទ្ធជាមួយក្រសួងស្ថាប័ន និងមន្ទីរ-អង្គភាពពាក់ព័ន្ធទាំងអស់ ព្រមទាំងអភិបាលក្រុង-ស្រុក ក្នុងការចុះសិក្សាស្រាវជ្រាវ និងកំណត់ទីតាំងដីឱ្យបានត្រឹមត្រូវ សមស្រប និងមានសក្តានុពល ដើម្បីធានាថាបងប្អូនពលករគោលដៅទទួលបានផលប្រយោជន៍ពិតប្រាកដពីគម្រោងនេះ។

កិច្ចប្រជុំនេះ មិនត្រឹមតែជាការជជែកពិភាក្សាបច្ចេកទេសប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានកំណត់ផែនការសកម្មភាពច្បាស់លាស់ សម្រាប់មន្ត្រីជំនាញក្នុងការចុះបេសកកម្មជាក់ស្តែងនៅថ្នាក់មូលដ្ឋាន។ តាមរយៈគម្រោង LASED III នេះ ពលករខ្មែរវ័យចំណាស់ដែលត្រឡប់ពីថៃ នឹងមិនត្រឹមតែទទួលបានដីធ្លីសម្រាប់សាងសង់លំនៅឋាន និងបង្កបង្កើនផលប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងទទួលបានការគាំទ្រលើកកម្ពស់ហេដ្ឋារចនាសម្ព័ន្ធរូបវន្ត និងការបណ្តុះបណ្តាលបច្ចេកទេសកសិកម្ម ដើម្បីជួយទ្រទ្រង់ជីវភាពគ្រួសារឱ្យរួចផុតពីភាពក្រីក្រប្រកបដោយចីរភាព៕

ដោយឈុនសារ៉ាត





