ពលរដ្ឋជាង៣៦ម៉ឺននាក់រងផលប៉ះពាល់ផ្ទាល់ពីសង្គ្រាមដោយសារការបាញ់ផ្លោងគ្រាប់បែកចង្កោម ការទម្លាក់គ្រាប់បែកនិងគ្រាប់យុទ្ធភណ្ឌទូទៅរបស់យោធាថៃ
AKP ភ្នំពេញ ថ្ងៃទី ១១ ខែសីហា ឆ្នាំ២០២៦--សង្គ្រាមឈ្លានពានរបស់យោធាថៃមកលើដែនអធិបតេយ្យភាពកម្ពុជាបានធ្វើឱ្យតំបន់ស៊ីវិលជាក្រុង និងភូមិចំនួន៣៤៩ ដែលរងផលប៉ះពាល់ដោយផ្ទាល់ពីសង្គ្រាម ដោយសារការបាញ់ផ្លោងគ្រាប់បែកចង្កោម ការទម្លាក់គ្រាប់បែកនិងគ្រាប់យុទ្ធភណ្ឌទូទៅ គឺមានចំនួន៩១.៤១១គ្រួសារ គិតជាមនុស្សរាយមានចំនួន៣៦៤.៩៨៤នាក់។

ឯកឧត្តម ហេង រតនា អគ្គនាយកមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជាបានលើកឡើងថា ថៃខិតខំកែប្រែប្រកែកទម្លាក់កំហុស និងបង្វែរសាច់រឿងពិតប្រឌិតរឿងថ្មី ដើម្បីលាក់បាំងនូវមហាពុតត្បុតរបស់ខ្លួន ក្នុងគោលបំណងមួលបង្កាច់កម្ពុជានូវតួលេខជនភៀសសឹកចំនួនជាង ៦៥០.០០០នាក់នៃរបាយការណ៍អង្គការសិទ្ធមនុស្សរបស់អង្គការសហប្រជាជាតិលើកឡើង។

ឯកឧត្តម ហេង រតនាបានបញ្ជាក់ថា តំបន់ស៊ីវិលជាក្រុង និងភូមិចំនួន៣៤៩ ដែលរងផលប៉ះពាល់ដោយផ្ទាល់ពីសង្គ្រាមដោយសារការបាញ់ផ្លោងគ្រាប់បែកចង្កោម ការទម្លាក់គ្រាប់បែកនិងគ្រាប់យុទ្ធភណ្ឌទូទៅ គឺមានចំនួន៩១.៤១១គ្រួសារ គិតជាមនុស្សរាយមានចំនួន៣៦៤.៩៨៤នាក់។បច្ចុប្បន្ននេះអង្គភាពCMACបានបញ្ចប់ការស្រាវជ្រាវព័ត៌មានសំណល់យុទ្ធភណ្ឌសង្គ្រាមសៀមឈ្លានពានរួចរាល់ហើយបានចំនួន៣៣៥ភូមិ ដែលមានផ្ទៃដីរងផលប៉ះពាល់ដោយសំណល់គ្រាប់យុទ្ធភណ្ឌសង្គ្រាមចំនួនជាង៣.៨០០គីឡូម៉ែត្រក្រឡា។ តួរលេខនេះមិនគិតចំនួនក្រុង ភូមិឋាន និងចំនួនប្រជាជន ដែលបានរត់បោះបង់ចោលដោយសារការភ័យខ្លាចនៃសង្គ្រាម ហើយរងផលប៉ះពាល់ដោយសំណល់យុទ្ធភណ្ឌសង្គ្រាមនោះទេ។

ភស្តុតាងក្រៅពីជនរងគ្រោះ នៅមានប្រាង្គប្រាសាទបុរាណខ្មែរ ផ្ទះសំបែងប្រជាពលរដ្ឋ សាលារៀន មន្ទីរពេទ្យ វត្តអារាម អគារតូច ធំ....រាប់ម៉ឺនខ្នង ដែលរងការបំផ្លិចបំផ្លាញយ៉ាងកម្រោលឃោរឃៅដោយការបាញ់ផ្លោងគ្រាប់បែកចង្កោម ការទម្លាក់គ្រាប់បែក និងអាវុធ/សារធាតុគីមី កំពុងតែឈរទន្ទឹងរង់ចាំយ៉ាងសង្វេក"រកយុត្តិធម៌"៕


ដោយ វាសនា





