តម្លៃប្រេងចុះបន្ដិច ប្រេងសាំង ៤.១៥០រៀលក្នុង១លីត្រ ម៉ាស៊ូត ៤.៨៥០រៀលក្នុង១លីត្រ ដោយអនុវត្ដចាប់ថ្ងៃទី១១-២១ ខែសីហា ចាប់ពីម៉ោង ១:០០រសៀលនេះ
AKP ភ្នំពេញ ថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៦--យោងតាមសេចក្តីជូនដំណឹង របស់ក្រសួងពាណិជ្ជកម្ម បានឱ្យដឹងថា ប្រេងឥន្ធនៈនៅតាមស្ថានីយប្រចាំសប្តាហ៍ចាប់ពីថ្ងៃទី១១-២១ ខែសីហា ឆ្នាំ២០២៦ លើការព្រមព្រៀងលើរូបមន្តកំណត់តម្លៃជាមួយក្រុមហ៊ុនប្រេងឥន្ធនៈដែលប្រកបអាជីវកម្មនៅកម្ពុជា។ យោងតាមការប្រែប្រួលនៃតម្លៃប្រេងឥន្ធនៈលើទីផ្សារក្នុងតំបន់ និងអន្តរជាតិ រាជរដ្ឋាភិបាលបាន ១.បន្តបញ្ចុះចំនួន ៦,៥សេនដុល្លារ/លីត្រ ក្នុងគោលបំណងជួយសម្រួលដល់ជីវភាពរបស់ប្រជាពលរដ្ឋ ២. បន្តបញ្ចុះ ១សេនដុល្លារ/លីត្របន្ថែមទៀត ដោយសារថ្លៃប្រេងសាំងអន្តរជាតិឡើងលើសពី ៩០ដុល្លារ/បារ៉ែល និងប្រេងម៉ាស៊ូតអន្តរជាតិ ឡើងលើស ១០០ដុល្លារ/បារ៉ែល ៣. ពន្ធគយ ០ (សូន្យ) ដុល្លារ និង ៤. ផ្អែកតាមសភាពការណ៍ និងថ្លៃប្រេងឥន្ធនៈបន្តកើនឡើងនៅ ទីផ្សារអន្តរជាតិ ក៏ដូចជាថ្លៃដឹកជញ្ជូន និងថ្លៃធានារ៉ាប់រងមានការកើនឡើងខ្ពស់ សម្តេចធិបតីនាយករដ្ឋមន្ត្រី បានសម្រេចបញ្ចុះអាករបន្ថែមលើប្រេងសាំង និងប្រេងម៉ាស៊ូតមក ០ (សូន្យ) ដុល្លារ បញ្ចុះអាករពិសេសលើប្រេងសាំងពី ៣០% មក ១៥% និងប្រេងម៉ាស៊ូត ពី ៤% មក ០% និងបញ្ចុះអាករលើតម្លៃបន្ថែមលើប្រេងសាំងពី ១០% មក ៤% និងប្រេងម៉ាស៊ូត ពី ១០% មក ០% ដោយរាជរដ្ឋាភិបាលទទួលបន្ទុកជំនួសសរុបចំនួន ៦% សម្រាប់ប្រេងសាំង និង ១០% សម្រាប់ប្រេងម៉ាស៊ូត។

ដូច្នេះ ថ្លៃលក់រាយប្រេងឥន្ធនៈត្រូវអនុវត្តជារៀងរាល់សប្តាហ៍ចាប់ពីវេលាម៉ោង ១:០០រសៀលថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៦ រហូតដល់ថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៦ គឺត្រូវលក់ ៤.១៥០រៀល/លីត្រ សម្រាប់ប្រេងសាំងធម្មតា (Gasoline 92) និង ៤.៨៥០រៀល/លីត្រ សម្រាប់ប្រេងម៉ាស៊ូត (Gasoil 10ppm)៕
ដោយ៖ សួស សំរិត





