គណៈប្រតិភូប្រទេសហ្វីជី និងប៉ាពួ ញូវហ្គីណេ អញ្ជើញមកដល់កម្ពុជា ដើម្បីចូលរួមវេទិកាសមាជិកសភាអាស៊ី-ប៉ា ស៊ីហ្វិក ស្តីពីសុខភាពសកល លើកទី៩
AKP ភ្នំពេញ ថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៦--គណៈប្រតិភូតំណាងប្រទេសហ្វីជី (Fiji) ដឹកនាំដោយ ឯកឧត្តម Ratu Atonio Rabici Lalabalavu និងគណៈប្រតិភូតំណាងប្រទេសប៉ាពួ ញូវហ្គីណេ (Papua New Guinea) ដឹកនាំដោយ លោក Pascoe Kase នាព្រឹកថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៦ បានអញ្ជើញមក ដល់ព្រះរាជាណាចក្រកម្ពុជា ដើម្បីចូល រួម «វេទិកាសមាជិកសភាអាស៊ី-ប៉ា ស៊ីហ្វិក ស្តីពីសុខភាពសកល លើកទី៩»
(9th APPF-GH)។

នៅក្នុងឱកាសនោះ ឯកឧត្តម ឃឹង សុភាព និងឯកឧត្តម ញឿន រ៉ាដែន សមាជិកគណៈកម្មការសុខាភិបាល សង្គមកិច្ច អតីតយុទ្ធជន យុវនីតិ សម្បទា ការងារ បណ្តុះបណ្តាលវិជ្ជាជីវៈ និងកិច្ចការនារី នៃរដ្ឋសភា (គណៈក ម្មការទី៨) បានអញ្ជើញទទួលស្វាគមន៍គណៈប្រតិភូនៃប្រទេសទាំងពីរយ៉ាងកក់ក្តៅ និងប្រកបដោយមិត្តភាព នៅអាកាសយានដ្ឋានអន្តរជាតិតេជោ។

វត្តមានអញ្ជើញមកដល់របស់គណៈប្រតិ ភូនៃប្រទេសទាំងពីរនាពេលនេះ គឺជាសក្ខីភាពស្តែងឱ្យឃើញយ៉ាងច្បាស់ពីការប្តេជ្ញាចិត្តដ៏មុតមាំរបស់បណ្តាប្រទេសក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិក ក្នុងការរួមគ្នាលើកកម្ពស់វិស័យសុខភាពសកល ការផ្លាស់ប្តូរបទពិសោធន៍ និងការពង្រឹងកិច្ចសហប្រតិបត្តិការអន្តរជាតិលើកិច្ចការសុខភាពសាធារណៈឱ្យកាន់តែមាន ប្រសិទ្ធភាព និងចីរភាព។

សូមជម្រាបជូនថា រដ្ឋសភានៃព្រះរាជាណាចក្រនឹង ធ្វើជាម្ចាស់ផ្ទះរៀបចំ «វេទិកាសមាជិកសភាអាស៊ី-ប៉ាស៊ីហ្វិក ស្តីពីសុខភាពសកល លើកទី៩» ចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៦ខាងមុខ។

ព្រឹត្តិការណ៍ថ្នាក់តំបន់ដ៏មានសារៈ សំខាន់នេះ នឹងក្លាយជាវេទិកាយុទ្ធ សាស្ត្ររួមមួយសម្រាប់សមាជិកសភា តំណាងរដ្ឋាភិបាល និងអ្នកជំនាញការក្នុងតំបន់ ដើម្បីពិភាក្សា ដោះស្រាយបញ្ហាប្រឈមចំពោះមុខ និងកំណត់ទិសដៅរួមគ្នា សំដៅកសាងប្រព័ន្ធសុខាភិបាលក្នុងតំបន់ឱ្យកាន់តែរឹងមាំ និងឆ្លើយតប ទៅនឹងតម្រូវការជាក់ស្តែងរបស់ប្រជាពលរដ្ឋ៕
ដោយ៖ ប៊ុនរិទ្ធ, ប្រភព៖ រដ្ឋសភា





