ការឆ្លងជំងឺអេបូឡានៅសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោកើនលើសពី ៤.០០០ករណី
AKP ភ្នំពេញ ថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៦ -- ការផ្ទុះឡើងនៃជំងឺអេបូឡានៅក្នុងសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ បានឈានដល់ដំណាក់កាលដ៏សំខាន់មួយ ដែលបណ្តាលមកពីមេរោគ Bundibugyo ដោយមានការឆ្លងចំនួន ៤.០៣៥ករណី និងអ្នកស្លាប់ចំនួន ១.៨៥០ករណី ដែលរាលដាលពាសពេញតំបន់សុខភាពចំនួន៥១ ក្នុងខេត្តចំនួនប្រាំ ដែលការផ្ទុះឡើងនៃជំងឺនេះកំពុងរីករាលដាលយ៉ាងឆាប់រហ័សមិនធ្លាប់មានពីមុនមក។ ក្នុងរយៈពេលស្រដៀងគ្នានេះ វាបានកត់ត្រាករណីឆ្លងជិតប្រាំបួនដង និងការស្លាប់ច្រើនជាងប្រាំមួយដង បើប្រៀបធៀបទៅនឹងការផ្ទុះឡើងនៃជំងឺនេះនៅអាហ្វ្រិកខាងលិចកាលពីក្នុងឆ្នាំ២០១៤។
ជាការឆ្លើយតប មជ្ឈមណ្ឌលត្រួតពិនិត្យ និងបង្ការជំងឺអាហ្វ្រិក និងអង្គការសុខភាពពិភពលោក (WHO) កំពុងបោះបង់ចោលការតាមដានទំនាក់ទំនងបែបប្រពៃណី ដែលបានបង្ហាញថាវាមិនគ្រប់គ្រាន់ដើម្បីរក្សាល្បឿននៃការចម្លងនោះទេ។ បច្ចុប្បន្ន អាជ្ញាធរសុខាភិបាលកំពុងតាមដានទំនាក់ទំនងត្រឹមតែប្រហែល ១៧.០០០នាក់ប៉ុណ្ណោះ ជំនួសឱ្យការប៉ាន់ស្មានចំនួន ១៦០.០០០នាក់ដែលត្រូវការ។ ដើម្បីដោះស្រាយគម្លាតនេះ មន្ត្រីកំពុងពង្រីកការចាក់វ៉ាក់សាំង និងការព្យាបាលប្រឆាំងមេរោគ ខណៈដែលអង្គការសុខភាពពិភពលោកធ្វើការសិក្សាដើម្បីស៊ើបអង្កេតកត្តាដែលអាចកើតមាននៅពីក្រោយភាពធ្ងន់ធ្ងរនេះ រួមទាំងការបម្លែងមេរោគដែលអាចកើតមាន។
អាជ្ញាធរសុខាភិបាល និងរដ្ឋាភិបាលសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោកំពុងផ្លាស់ប្តូរទៅជាយុទ្ធសាស្ត្រពីភូមិមួយទៅភូមិមួយ ដែលផ្តោតសំខាន់ទៅលើការចូលរួមយ៉ាងសកម្មរបស់សហគមន៍។ បុគ្គលិកសុខភាពសហគមន៍រាប់ម៉ឺននាក់ ដែលបំពាក់ដោយឧបករណ៍ឌីជីថល និងការតភ្ជាប់អ៊ីនធឺណិត នឹងធ្វើការចុះទៅតាមផ្ទះនីមួយៗដើម្បីស្វែងរកករណីសង្ស័យ លើកទឹកចិត្តការធ្វើតេស្ត និងគាំទ្រដល់ការធ្វើចត្តាឡីស័ក។ ដោយសង្កត់ធ្ងន់ទៅលើការអនុវត្តនេះ អគ្គនាយកអង្គការសុខភាពពិភពលោក លោក ធេដ្រូស អាដហាណុម ហ្គេប្រេយ៉េស៊ុស បានព្រមានថា វីរុសនេះកំពុងវ៉ាដាច់វិធានការបច្ចុប្បន្ន ហើយបានអំពាវនាវឱ្យមានការគាំទ្រពីអន្តរជាតិកាន់តែច្រើន៕
ដោយ៖ យា ចិន្ដាខន្ដី (ប្រភព៖ ឆាយណាដេលី)





