លោក ណេតាន់យ៉ាហ៊ូ៖ អ៊ីស្រាអែលបដិសេធផែនការ ១៥ចំណុចរបស់ក្រុមប្រឹក្សាសន្តិភាពសម្រាប់តំបន់ហ្គាហ្សា
AKP ភ្នំពេញ ថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៦ -- នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក បេនចាមីន ណេតាន់យ៉ាហ៊ូ បាននិយាយកាលពីថ្ងៃអាទិត្យថា អ៊ីស្រាអែលបដិសេធផែនការ ១៥ចំណុចសម្រាប់តំបន់ហ្គាហ្សា ដែលស្នើឡើងដោយក្រុមប្រឹក្សាសន្តិភាព ហើយបដិសេធមិនដកកងទ័ពចេញពីតំបន់នោះទេដរាបណាក្រុមចលនាហាម៉ាសប៉ាឡេស្ទីនត្រូវបានដកហូតអាវុធទាំងស្រុង។
លោកនាយករដ្ឋមន្ត្រី បេនចាមីន ណេតាន់យ៉ាហ៊ូ បាននិយាយថា «អ៊ីស្រាអែលបដិសេធឯកសារ ១៥ចំណុច។ កងកម្លាំងការពារអ៊ីស្រាអែលនឹងមិនដកថយទេរហូតដល់ក្រុមហាម៉ាសត្រូវបានដកហូតអាវុធ។ ហើយនៅពេលដែលខ្ញុំនិយាយអំពីការដកហូតអាវុធរបស់ក្រុមហាម៉ាស ខ្ញុំចង់មានន័យថា អាវុធធុនធ្ងន់ អាវុធស្រាល គឺអាវុធទាំងអស់។ ហើយយើងកំពុងនិយាយអំពីការដកហូតអាវុធពិតប្រាកដ មិនមែនជារឿងប្រឌិតទេ»។
ការិយាល័យនាយករដ្ឋមន្ត្រីអ៊ីស្រាអែល បានបង្ហាញការជំទាស់របស់ខ្លួនទៅកាន់សហរដ្ឋអាមេរិកកាលពីចុងខែកក្កដាទាក់ទងនឹងផែនការ ១៥ចំណុចសម្រាប់ដោះស្រាយជម្លោះនៅតំបន់ហ្គាហ្សា។
កាលពីថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២៥ អ៊ីស្រាអែល និងក្រុមហាម៉ាស ដោយមានការសម្របសម្រួលពីប្រទេសអេហ្ស៊ីប កាតា សហរដ្ឋអាមេរិក និងតួកគី បានយល់ព្រមអនុវត្តដំណាក់កាលដំបូងនៃផែនការសន្តិភាព ដែលបង្ហាញដោយប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ។ នៅថ្ងៃបន្ទាប់ បទឈប់បាញ់មួយបានចូលជាធរមាននៅក្នុងតំបន់ហ្គាហ្សា។ ស្របតាមកិច្ចព្រមព្រៀងនេះ កងទ័ពអ៊ីស្រាអែលបានដកថយទៅកាន់អ្វីដែលហៅថា ខ្សែបន្ទាត់លឿង ដោយរក្សាការគ្រប់គ្រងជាង ៥០% នៃទឹកដីនៃតំបន់ហ្គាហ្សា៕
ដោយ៖ យា ចិន្ដាខន្ដី (ប្រភព៖ ស្ពុតនីក)





