ក្រសួងអប់រំ៖ ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិព្រឹកថ្ងៃទី១ ប្រព្រឹត្តទៅដោយរលូន មិនមានបាតុភាពមិនប្រក្រតីណាមួយកើតឡើងគួរឲ្យកត់សម្គាល់ឡើយ
AKP ភ្នំពេញ ថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៦--ក្នុងដំណើរការសំណេរ នាព្រឹកថ្ងៃទី១ នៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង៖ ១០ សីហា ២០២៦ មានពីរមុខវិជ្ជាគឺ ប្រវត្តិវិទ្យា និងជីវវិទ្យា (សម្រាប់ថ្នាក់វិទ្យាសាស្ត្រ) ផែនដី និង
បរិស្ថានវិទ្យា និងប្រវត្តិវិទ្យា(សម្រាប់ថ្នាក់វិទ្យាសាស្ត្រសង្គម) បានប្រព្រឹត្តទៅដោយរលូន មិនមានបាតុភាពមិនប្រក្រតីណាមួយកើតឡើងគួរឲ្យកត់សម្គាល់ឡើយ។ នេះបើតាមការអះអាងរបស់ក្រសួងអប់រំ យុវជន និងកីឡា។

នៅព្រឹកថ្ងៃទី១នេះ មានបេក្ខជនអវត្តមានចំនួន ១២៩៤នាក់ (ស្រី ៤៧៤នាក់) ស្មើនឹង០,៨៥ភាគរយ បេក្ខជនស្វ័យរិនចំនួន ១១០០នាក់ (ស្រី ៣៨៧នាក់) បេក្ខជនចំណេះទូទៅចំនួន ១៩៤នាក់ (ស្រី ៨៧នាក់)។ បេក្ខជនដែលមានបញ្ហាសុខភាព ៩៦នាក់ ក្នុងនោះបោះបង់ការប្រឡងចំនួន ១១នាក់ បេក្ខជនប្រឡងដាច់ដោយឡែក ២៤នាក់ បេក្ខជនមានជំងឺគ្រុនឈាមចំនួន ២៧នាក់ និងគ្រោះថ្នាក់ចរាចរណ៍ ២នាក់។ ដោយឡែកគណៈមេប្រយោគមានបញ្ហាសុខភាពចំនួន ១៩នាក់។
បេក្ខជនដែលមានបញ្ហាសុខភាពទាំងអស់បានបន្តការប្រឡងក្រោមការយកចិត្តទុកដាក់មើលថែពីក្រុមគ្រូពេទ្យ បន្ទាប់ពីមានអាការៈធូរស្រាល។ សូមជម្រាបថា នៅខេត្តសៀមរាបមានករណីដកនាឡិកាឆ្លាតវៃពីគណៈកម្មការចំនួន ៣ករណី។

ក្រសួងអប់រំ យុវជន និងកីឡា បានគូសបញ្ជាក់ថា នៅតាមមណ្ឌលប្រឡងនីមួយៗ មានដំណើរការល្អ មានសភាពស្ងប់ស្ងាត់ និងរបៀបរៀបរយល្អ ដោយបានអនុវត្តតាមសេចក្ដីណែនាំរបស់ក្រសួងអប់រំយុវជន និងកីឡា មានការចិត្តយកទុកដាក់ និងទំនួលខុសត្រូវខ្ពស់ពីគណៈមេប្រយោគទូទាំងប្រទេសគណៈអប្បមាទទូទាំងប្រទេស ជំនួយការអប្បមាទ ប្រធាន អនុប្រធានមណ្ឌល គណៈកម្មាការកណ្ដាល គណៈកម្មាការត្រួតពិនិត្យអគារ គណៈកម្មការអនុរក្ស ដោយមានការចូលរួមសហការដោយ សហភាពសហព័ន្ធយុវជនកម្ពុជា អង្គភាពប្រឆាំងអំពើពុករលួយ និងអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធ៕

ដោយ៖ ចាន់ សុភឿន (ប្រភព៖ ក្រសួងអប់រំ)





