ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំ២០២៦ទូទាំងប្រទេសចាប់ផ្តើមបើកដំណើរការ
AKP ភ្នំពេញ ថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៦--នៅព្រឹកថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៦ ដំណើរការ ប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) សម័យប្រឡង ១០ សីហា ឆ្នាំ២០២៦ បានចាប់ផ្តើមហើយ នៅទូទាំងប្រទេស។

ពិធីបើកវិញ្ញាសារ ធ្វើឡើងក្រោមអធិបតីភាព ឯកឧត្តម ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា និងឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ តំណាងអង្គភាពប្រឆាំងអំពើពុករលួយ នៅវិទ្យាល័យព្រះសីសុវត្ថិ រាជធានីភ្នំពេញ។

សូមបញ្ជាក់ថា ប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ឆ្នាំនេះ នឹងប្រព្រឹត្តិទៅរយៈពេល ២ថ្ងៃទី ចាប់ពីថ្ងៃទី១០-១១ ខែសីហា ឆ្នាំ២០២៦ ដោយមានបេក្ខជនចុះឈ្មោះប្រឡងសរុប ១៥១ ២៣៨ នាក់ ក្នុងនោះ បេក្ខជនថ្នាក់វិទ្យាសាស្ត្រ ចំនួន ៣៧ ៤៤៥ នាក់ និងបេក្ខជនថ្នាក់វិទ្យាសាស្ត្រសង្គម ចំនួន ១១៣ ៧៩៣ នាក់។ បេក្ខជន ត្រូវបានរៀបចំចំនួន ២៥នាក់ ក្នុងមួយបន្ទប់ តាមមណ្ឌលសំណេរនីមួយៗ លើកលែងតែបន្ទប់ចុងក្រោយ និងបន្ទប់ដែលមានបេក្ខជនមកពីវិទ្យាល័យអប់រំពិសេស។

មណ្ឌលសំណេរ មានចំនួនសរុប២៤៤មណ្ឌល ស្មើនឹង ៦ ១០៤ បន្ទប់ ក្នុងនោះ ថ្នាក់វិទ្យាសាស្ត្រ មាន ៦៨ មណ្ឌល ស្មើនឹង ១ ៥២៦ បន្ទប់ និងថ្នាក់វិទ្យាសាស្ត្រសង្គម មាន ១៧៦ មណ្ឌល ស្មើនឹង ៤ ៥៧៨ បន្ទប់។ ចំណែកឯ មណ្ឌលកំណែ មានចំនួន១០មណ្ឌល ស្ថិតនៅរាជធានីភ្នំពេញ។

ទន្ទឹមនឹងនេះ ក្រសួងអប់រំ យុវជន និងកីឡា សហការជាមួយនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា នៃក្រសួងមហាផ្ទៃ ដើម្បីតាមដាន ស្រាវជ្រាវ និងចាត់វិធានការតាមច្បាប់ ចំពោះបុគ្គលទាំងឡាយណា ដែលប្រព្រឹត្តល្មើសទៅនឹងការហាមឃាត់ស្តីពីការថត ចម្លង បង្ហោះ ឬផ្សព្វផ្សាយប្រធានវិញ្ញាសា អត្រាកំណែ សន្លឹកកិច្ចការបេក្ខជន និងសន្លឹកសម្រង់ពិន្ទុ (MCS) ក្នុងដំណើរការនៃការប្រឡងសញ្ញាបត្រមធ្យមសិក្សា ទុតិយភូមិ៕
ដោយ៖ប៊ុនរិទ្ធ





