អភិបាលខេត្តកំពង់ឆ្នាំងចុះពិនិត្យតាមមណ្ឌលប្រឡង សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ
AKP កំពង់ឆ្នាំង ថ្ងៃទី៩ ខែសីហា ឆ្នា២០២៦-- ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំងបានចុះពិនិត្យស្ថានភាពទូទៅនៅតាមមណ្ឌលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ក្នុងខេត្តកំពង់ឆ្នាំង នៅថ្ងៃទី៩ ខែសីហា ឆ្នា២០២៦ នៅវិទ្យាល័យរលាប្អៀរ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង រួមដំណើរដោយប្រធានមន្ទីរអប់រំខេត្ត អង្គភាពប្រឆាំងអំពើពុករលួយ លោកគ្រូ អ្នកគ្រូ អភិបាលស្រុករលាប្អៀរ និងមន្ត្រីអមដំណើរជាច្រើនរូបផងដែរ។


ក្នុងឱកាសនោះឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ បានមានប្រសាសន៍ថា ស្ថានភាពតាមមណ្ឌលប្រឡងត្រៀមសម្រាប់ដំណើរការសំណេរការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ដែលនឹងប្រព្រឹត្តទៅរយ:ពេល២ថ្ងៃគឺចាប់ពីថ្ងៃស្អែកនេះតទៅ ដើម្បីឱ្យការប្រឡងប្រព្រឹត្តទៅដោយរលូន គោរពតាមគោលការណ៍ច្បាប់ យុត្តិធម៌ តម្លាភាព និងលទ្ធផលទទួលយកបាន។ មណ្ឌលប្រឡងនីមួយៗត្រូវបំពេញឱ្យបាននូវស្តង់ដាដែលបានកំណត់ដោយក្រសួងអប់រំ យុវជន និងកីឡា។ ត្រូវមានហេដ្ឋារចនាសម្ព័ន្ធរឹងមាំគ្រប់គ្រាន់ដូចជា តុ កៅអី ក្កាខៀន ទ្វា បង្អួច មានបំពាក់ឧបករណ៍បំពងសំឡេង អគ្គីសនី បន្ទប់ទឹក បន្ទប់សង្គ្រោះបឋម និងបន្ទប់ប្រឡងសម្រាប់បេក្ខជនមានបញ្ហាសុខភាព។ បន្ទប់ប្រឡងត្រូវមានពន្លឺចេញចូល មានដំបូលរឹងមាំជិតល្អ មិនមានផលប៉ះពាល់ករណីមានភ្លៀងធ្លាក់ជាដើម។


ទន្ទឹមនឹងនេះឯកឧត្តមក៏បានផ្ដាំផ្ញើដល់ប្អូនៗសិស្សានុសិស្សបេក្ខជន ថែរក្សាសុខភាព ទទួលទានអាហារ សម្រាកឲ្យបានគ្រប់គ្រាន់ និងសូមត្រៀមឆ័ត្រ អាវភ្លៀង ហើយធ្វើដំណើរតាមផ្លូវដោយប្រុងប្រយ័ត្នខ្ពស់។ ជូនពរក្មួយៗប្រឡងទទួលបានជោគជ័យគ្រប់ៗគ្នា បេក្ខជនប្រឡងទាំងអស់ ខិតខំយកចិត្តទុកដាក់ពង្រឹងស្មារតី យកអស់កម្លាំងកាយចិត្តបញ្ចេញបញ្ញាវៀងវៃ ដើម្បីដណ្ដើមយកជោគជ័យឱ្យទល់តែបាន៕
ដោយ បៃ ស៊ីថុន





