បញ្ជីឈ្មោះ លេខតុ លេខបន្ទប់ បានបិទជាលើកទី២ នៅថ្ងៃទី៩ ខែសីហានេះ សូមបេក្ខជនប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិទៅពិនិត្យមើលឱ្យបានគ្រប់ៗគ្នា
AKP ភ្នំពេញ ថ្ងៃទី៩ ខែសីហា ឆ្នាំ២០២៦--នៅថ្ងៃនេះគណៈគ្រប់គ្រង និងគណៈកម្មការកណ្ដាលប្រចាំមណ្ឌលប្រឡងទូទាំង២៥ រាជធានី/ខេត្ត បានបិទបញ្ជីឈ្មោះ លេខតុ លេខបន្ទប់ តារាងប្រព្រឹត្តទៅនៃវិញ្ញាសា ប្លង់បន្ទប់ និងបទប្បញ្ញត្តិក្នុងការប្រឡង ព្រមទាំងត្រៀមរៀបចំឯកសារពាក់ព័ន្ធនានាបានរួចរាល់ ប្រកបដោយសា្មរតីទទួលខុសត្រូវខ្ពស់ ដើម្បីធានាបានថា ដំណើរការសំណេរនៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិនឹងប្រព្រឹត្តទៅដោយរលូន គោរពតាមគោលការណ៍ច្បាប់ យុត្តិធម៌ តម្លាភាព និងលទ្ធផលទទួលយកបាន។


បើតាមឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ក្នុងសន្និសីទសារព័ត៌មានស្តីពីដំណើរការនៃការប្រឡងនាពេលកន្លងទៅនេះបានឱ្យដឹងថា ដើម្បីឱ្យការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង៖ ១០ សីហា ២០២៦ ដែលមានបេក្ខជនចុះឈ្មោះប្រឡងសរុប ១៥១ ២៣៨នាក់ (ស្រី ៨៤ ៧៣៥នាក់) ក្នុងនោះ បេក្ខជនថ្នាក់វិទ្យាសាស្ត្រ មានចំនួន ៣៧ ៤៤៥នាក់ (ស្រី ២២ ១៩៣នាក់) បេក្ខជនថ្នាក់វិទ្យាសាស្ត្រសង្គម មានចំនួន ១១៣ ៧៩៣នាក់ (ស្រី ៦២ ៥៤២នាក់)ប្រព្រឹត្តទៅដោយរលូន គោរពតាមគោលការណ៍ច្បាប់ យុត្តិធម៌ តម្លាភាព និងលទ្ធផលទទួលយកបាន នៅថ្ងៃប្រឡងនឹងមានការចូលរួមពីអង្គភាពប្រឆាំងអំពើពុករលួយ សហភាពសហព័ន្ធយុវជនកម្ពុជា អាជ្ញាធររាជធានី/ខេត្ត និងអ្នកស្ម័គ្រចិត្តប្រមាណជា ៥,០០០នាក់ ដើម្បីធ្វើការសង្កេតការណ៍នៅក្នុងការប្រឡងនេះ៕
ដោយ ចាន់ សុភឿន





