មន្រ្តីជាន់ខ្ពស់ក្រសួងកសិកម្មបានប្រាប់គណៈប្រតិភូគម្រោងនាវាសន្តិភាពមេគង្គ-ឡានឆាងថា៖ «សន្តិភាពជាគ្រឹះដ៏សំខាន់នៃការអភិរក្សសត្វផ្សោតនៅកម្ពុជា»
AKP ភ្នំពេញ ថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២៦ — លោកជំទាវ អ៊ឹម រចនា អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានទទួលស្វាគមន៍យ៉ាងកក់ក្តៅចំពោះគណៈប្រតិភូ នៃ «គម្រោងនាវាសន្តិភាពមេគង្គ-ឡានឆាង លើកទី២» ដែលរួមមានតំណាងមន្ត្រីរាជការ អ្នកស្រាវជ្រាវ និងយុវជនមកពីប្រទេសចំនួន៦ ក្នុងតំបន់ទន្លេមេគង្គ-ឡានឆាង ក្នុងឱកាសនៃការចុះបំពេញបេសកកម្មទៅកាន់ខេត្តក្រចេះ។

គួរបញ្ជាក់ថា បេសកកម្មនេះមានគោលដៅស្វែងយល់ផ្ទាល់អំពីកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជា ក្នុងការគ្រប់គ្រង ការពារ និងអភិរក្សសត្វផ្សោតទន្លេមេគង្គ ដែលជារតនសម្បត្តិជាតិកាត់ថ្លៃមិនបានរបស់ប្រទេសកម្ពុជា និងតំបន់មេគង្គទាំងមូល។
ក្នុងឱកាសនៃជំនួបពិភាក្សាដែលធ្វើឡើងនាថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២៦ លោកជំទាវ អ៊ឹម រចនា បានលើកឡើងអំពីរឿងរ៉ាវនៃសត្វផ្សោតទន្លេមេគង្គ ដែលជាកញ្ចក់ឆ្លុះបញ្ចាំងយ៉ាងច្បាស់អំពីផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរនៃសង្គ្រាម និងតម្លៃដ៏កាត់ថ្លៃមិនបាននៃសន្តិភាព។

ថ្លែងទៅកាន់គណៈប្រតិភូ លោកជំទាវបានរំឭកថា នៅក្នុងអំឡុងពេលសង្គ្រាម ចាប់ពីទសវត្សរ៍ឆ្នាំ១៩៧០ រហូតដល់ទសវត្សរ៍ឆ្នាំ១៩៩០ ចំនួនសត្វផ្សោតបានធ្លាក់ចុះយ៉ាងគំហុកសឹងតែជិតផុតពូជ ដោយរងគ្រោះពីការបាញ់ប្រហារ ការទម្លាក់គ្រាប់បែក និងការប្រមាញ់យកខ្លាញ់ដើម្បីធ្វើជាប្រេងម៉ាស៊ីន។

ពេលដែលប្រទេសកម្ពុជាទទួលបានសន្តិភាព និងស្ថិរភាពពេញលេញនៅក្នុងឆ្នាំ១៩៩៨ រាជរដ្ឋាភិបាលកម្ពុជាបានជំរុញសកម្មភាពអភិរក្សសត្វផ្សោតយ៉ាងសកម្ម ដោយមានក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ជាអ្នកអនុវត្តផ្ទាល់ រួមជាមួយអង្គការដៃគូនានា។ សកម្មភាពនេះរួមបញ្ចូលទាំងការបង្កើតតំបន់ការពារ និងអភិរក្សសត្វផ្សោតយ៉ាងម៉ឺងម៉ាត់ តាមរយៈការបង្ក្រាបបទល្មើសនេសាទ ការយាមល្បាត ២៤ម៉ោងលើ ២៤ម៉ោងជារៀងរាល់ថ្ងៃ ការផ្ដល់ជម្រើសមុខរបរផ្សេងជូនប្រជានេសាទ និងការធ្វើទំនើបកម្មបច្ចេកទេសតាមដាន ស្រាវជ្រាវ និងការពារសត្វផ្សោតជាប់ជាប្រចាំ។

លោកជំទាវ អ៊ឹម រចនា បានលើកឡើងដោយថ្លែងបញ្ជាក់ថា វិធានការការពារដ៏ប្រុងប្រយ័ត្នទាំងនេះ បានធ្វើឱ្យមានកំណើនកូនផ្សោតកើតថ្មីជាបន្តបន្ទាប់នាប៉ុន្មានឆ្នាំចុងក្រោយនេះ ដោយសម្រេចបានជោគជ័យបំផុតនៅក្នុងឆ្នាំ២០២៥ ជាមួយនឹងកំណត់ត្រាកូនផ្សោតកើតថ្មីចំនួន ៨ក្បាល និងគ្មានការស្លាប់សោះ ដែលជាសមិទ្ធផលមិនធ្លាប់មានសោះក្នុងរយៈពេលជាងពីរទសវត្សរ៍មកនេះ។

លោកជំទាវអនុរដ្ឋលេខាធិការសង្កត់ធ្ងន់ថា «សន្តិភាព ជាគ្រឹះដ៏សំខាន់នៃការអភិរក្សសត្វផ្សោតនៅកម្ពុជា» និងថា ការថែរក្សាសន្តិភាពទូទាំងតំបន់មេគង្គ-ឡានឆាង មានសារៈសំខាន់ណាស់ដើម្បីប្រែក្លាយទន្លេមេគង្គឱ្យទៅជា «ទន្លេនៃសន្តិភាព និងជីវចម្រុះ» យ៉ាងពិតប្រាកដ៕
ដោយ៖ មករា





