ប្រជាពលរដ្ឋទីទ័លក្រចំនួន ២៩៧គ្រួសារ នៅស្រុកស្ទឹងហាវទទួល អំណោយមនុស្សធម៌ពីសាខាកាកបាទក្រហមខេត្តព្រះសីហនុ
AKP ព្រះសីហនុ ថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២៦ — ឯកឧត្តម ម៉ាង ស៊ីណេត ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុ អញ្ជើញនាំយកអំណោយមនុស្សធម៌របស់សាខាកាកបាទក្រហមកម្ពុជាខេត្តចែកជូនប្រជាពលរដ្ឋទីទ័លក្រចំនួន ២៩៧គ្រួសារ នៅស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ នារសៀលថ្ងៃសៅរ៍ ទី០៨ ខែសីហា ឆ្នាំ២០២៦ នេះ។

នាឱកាសនោះ ឯកឧត្តម ម៉ាង ស៊ីណេត ប្រធានគណៈកម្មាធិការសាខាកាក បាទក្រហមកម្ពុជាខេត្តព្រះសីហនុ បានពាំនាំសួរសុខទុក្ខ និងសេចក្តីនឹករលឹកពី សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ដោយសម្តេចបានគិតគូរអំពីសុខទុក្ខ និងសុខភាពរបស់បងប្អូនប្រជាពលរដ្ឋទីទ័លក្រនៅទូទាំងប្រទេស ជាពិសេសប្រជាពលរដ្ឋទីទ័លក្រនៅខេត្តព្រះសីហនុ។ ក្នុងនាមគណៈកម្មាធិការសាខាកាកបាទក្រហមខេត្ត មន្ត្រីសាខា អនុសាខា និងអ្នកស្ម័គ្រចិត្តសាខាកាកបាទក្រហមខេត្តព្រះសីហនុ តែងតែគិតគូរពីសុខទុក្ខ និងការខ្វះខាតរបស់ប្រជាពលរដ្ឋនៅទូទាំងខេត្តព្រះសីហនុ។

ជាមួយគ្នានោះដែរ ឯកឧត្តមប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមខេត្តបានបញ្ជាក់ថា រាជរដ្ឋាភិបាលបានដាក់ចេញនូវបណ្ណសមធម៌ បណ្ណប.ស.ស សម្រាប់មន្ត្រីរាជការ និយោជិត កម្មករ ជាពិសេសប្រជាពលរដ្ឋទីទ័លក្រមាន ក្រ១ ក្រ២ នៅតាមមូលដ្ឋាន ធ្វើឱ្យមានជីវភាពកាន់តែប្រសើរឡើង។ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានដាក់ចេញនូវគោលនយោបាយបញ្ចកោណ ដំណាក់កាលទី១ នៃរដ្ឋសភា ក្នុងការអភិវឌ្ឍប្រទេសជាតិឱ្យមានការអភិវឌ្ឍរីកចម្រើន ស្របតាមយុទ្ធសាស្ត្រត្រីកោណ បញ្ចកោណ ធ្វើឱ្យកម្ពុជាទទួលបានសុខសន្តិភាព ហើយកត្តាសុខ សន្តិភាពទើបប្រទេសជាតិមានការអភិវឌ្ឍរីកចម្រើន។ យុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាល ផ្តោតសំខាន់លើធនធានមនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា។ រាជរដ្ឋាភិបាលបានវិនិយោគលើវិស័យអប់រំ ដោយបានរំរុញសាលារៀនឱ្យនៅជិតផ្ទះប្រជាពលរដ្ឋ ផ្តល់នូវក្នុងការបណ្តុះបណ្តាលធនធានមនុស្សឱ្យមានចំណេះដឹង ជំនាញ និងបំណិនជីវិត។

ទន្ទឹមនឹងនោះ រាជរដ្ឋាភិបាលក៏បានកសាងហេដ្ឋារចនាសម្ព័ន្ធពីថ្នាក់ជាតិ ខេត្ត រហូតដល់មូលដ្ឋានក្នុងការប្រាស្រ័យទាក់ទងគ្នាពីតំបន់មួយទៅតំបន់មួយនៅទូទាំងប្រទេស ស្របតាមចក្ខុវិស័យរបស់រាជរដ្ឋាភិបាលកម្ពុជានៅឆ្នាំ២០៥០ ជាប្រទេសដែលមានចំណូលខ្ពស់ និងជូនពរឱ្យពូមីងទាំងអស់មានសុខភាពល្អគ្រប់ក្រុមគ្រួសារ ជាពិសេសត្រូវមានការប្រុងប្រយ័ត្នពីជំងឺគ្រុន ឈាម គ្រុនឈីកក្នុងរដូវវស្សានេះឱ្យបានគ្រប់ក្រុមគ្រួសារ។

អំណោយរបស់សាខាកាកបាទក្រហមខេត្តព្រះសីហនុ ចែកជូនប្រជាពល រដ្ឋទីទ័លក្រចំនួន ២៩៧គ្រួសានាពេលនេះ ក្នុងមួយគ្រួសារទទួលបានអង្ករ ២៥គីឡូក្រាម មី ១កេស ត្រីខ ១យួរ ទឹកត្រី ១យួរ ទឹកសុទ្ធ ១យួរ ត្រីងៀត ១គីឡូក្រាម នំសណ្តែកដី ១កញ្ចប់ កន្ទេល១ ឃីតមួយកញ្ចប់ (មុង១ ភួយ១ ក្រមា១ សារុង១) និងថវិកា ៥០.០០០រៀល៕
ដោយ៖ ងូ សុមុនី





