មន្ទីរសុខាភិបាលខេត្តព្រះសីហនុចុះអន្តរាគមន៍ឆ្លើយតបករណីគ្រុនឈាម និងបាញ់ថ្នាំសម្លាប់មូសនៅតាមសហគមន៍ និងសាលារៀន
AKP ព្រះសីហនុ ថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៦-- ក្រុមការងារកម្មវិធីគ្រុនឈាមនៃមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តព្រះសីហនុ បានចុះអន្តរាគមន៍ និងទប់ស្កាត់ការរីករាលដាលនៃជំងឺគ្រុនឈាម គ្រុនឈីកនៅក្នុងស្រុកព្រៃនប់ និងស្រុកកំពង់សិលា កាលពីថ្ងៃសុក្រ ទី០៧ ខែសីហា ឆ្នាំ២០២៦ រួមមាន៖ ការឆ្លើយតបករណីគ្រុនឈាម ស្ថិតក្នុងភូមិតានៃ (ឃុំតានៃ) និងភូមិវាលមាស (ឃុំវាលរេញ) ស្រុកព្រៃនប់។ ភូមិស្ទឹងឆាយខាងជើង (ឃុំស្ទឹងឆាយ) ស្រុកកំពង់សិលា។ ការចុះអន្តរាគមន៍បាញ់ថ្នាំសម្លាប់មូសខ្លានៅតាមគ្រឹះស្ថានសិក្សា ដូចជា ចុះបាញ់ថ្នាំសម្លាប់មូសខ្លានៅសាលាបឋមសិក្សាតានៃ វិទ្យាល័យវាលរេញ និងសាលាបឋមសិក្សាវាលរេញ។

ទន្ទឹមនោះ ក្រុមការងារនៃកម្មវិធីគ្រុនឈាម គ្រុនឈីក នៃមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តព្រះសីហនុ បានធ្វើការផ្សព្វផ្សាយអប់រំសុខភាពដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋានបានចំនួន ៦៧គ្រួសារ បាញ់ថ្នាំសម្លាប់មូសខ្លានៅតាមខ្នងផ្ទះប្រជាពលរដ្ឋបានចំនួន១២២ខ្នងផ្ទះ បាញ់ថ្នាំសម្លាប់មូសខ្លានៅតាមសាលារៀនបានចំនួន ០៣សាលានៅក្នុងស្រុកព្រៃនប់ និងស្រុកកំពង់សិលា។


ដោយសារតែរដូវវស្សានេះ ជំងឺគ្រុនឈាម គ្រុនឈីក បាន និងកំពុងកើតឡើងនៅតាមភូមិ ឃុំមួយចំនួនក្នុងខេត្តព្រះសីហនុ តម្រូវឱ្យមន្ទីរសុខាភិបាលខេត្តព្រះសីហនុបន្តចុះអន្តរាគមន៍បាញ់ថ្នាំសម្លាប់មូសខ្លា និងបានធ្វើការអប់រំ ផ្សព្វផ្សាយដល់ប្រជាពលរដ្ឋឱ្យមានការយល់ដឹងបន្ថែម ជាពិសេសបំបាត់ជម្រកមូសខ្លានៅជុំវិញផ្ទះរបស់ប្រជាពលរដ្ឋដូចជា កម្ចាត់សំបកកង់ឡាន កង់ម៉ូតូ សំបកដូង ពាង ក្រឡអាងទឹកដែលដក់ទឹក ដើម្បីការពារសុខុមាលភាពកូនចៅ ក៏ដូចសុខភាពសាធារណៈ សម្រាប់មនុស្សគ្រប់គ្នាកុំឱ្យមូសខ្លាញីខាំ៕
ដោយ ងូ សុមុនី





