ការចែកបណ្ណកម្មសិទ្ធិដីធ្លីជាង ២.២៣២បណ្ណ នៅស្រុកមង្គលបូរី ឆ្លុះបញ្ចាំងពីការយកចិត្តទុកដាក់ខ្ពស់របស់រាជរដ្ឋាភិបាល
AKP បន្ទាយមានជ័យ ថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២៦ — ការទទួលបាន «បណ្ណកម្មសិទ្ធិដីធ្លី» ស្របច្បាប់ មិនត្រឹមតែជាការធានានូវសុវត្ថិភាពគតិយុត្តក្នុងការកាន់កាប់អចលនវត្ថុប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាសក្ខីភាពដ៏រស់រវើកដែលស្តែងឱ្យឃើញពីការយកចិត្តទុកដាក់ខ្ពស់បំផុតរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការគិតគូរពីសុខទុក្ខ និងការលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនៅមូលដ្ឋាន។

ប្រសាសន៍ដ៏មានអត្ថន័យនេះ ត្រូវបានគូសបញ្ជាក់ដោយ ឯកឧត្តម អ៊ុ រាត្រី អភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ ក្នុងឱកាសដែលឯកឧត្តមបានអញ្ជើញជាអធិបតីភាពក្នុងពិធីចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ (បណ្ណកម្មសិទ្ធិដីធ្លី) ជាលក្ខណៈប្រព័ន្ធ ជូនដល់ប្រជាពលរដ្ឋចំនួន ០២ភូមិ សរុបចំនួន ២.២៣២បណ្ណ (ភូមិសាយសាម៉ន ឃុំចំណោម និងភូមិអូរជួបថ្មី ឃុំសឿ) នាវត្តចំណោម ឃុំចំណោម ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ កាលពីរសៀលថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២៦។
នៅក្នុងពិធីដែលមានការចូលរួមពីថ្នាក់ដឹកនាំមន្ទីរជំនាញ អាជ្ញាធរស្រុក-ឃុំ និងប្រជាពលរដ្ឋជាម្ចាស់ដីយ៉ាងកុះករនោះ ឯកឧត្តម អ៊ុ រាត្រី បានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខយ៉ាងកក់ក្តៅពីសំណាក់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលជានិច្ចកាលតែងតែរួមសុខរួមទុក្ខ និងគិតគូរឥតឈប់ឈរលើការបង្ខិតសេវាសាធារណៈឱ្យកៀកជិតប្រជាពលរដ្ឋ។

ឯកឧត្តមអភិបាលខេត្ត បានគូសបញ្ជាក់យ៉ាងស៊ីជម្រៅថា បណ្ណកម្មសិទ្ធិដីធ្លីដែលរាជរដ្ឋាភិបាលផ្តល់ជូននាពេលនេះ មិនត្រឹមតែបញ្ចប់នូវក្តីបារម្ភ ឬវិវាទដីធ្លីផ្សេងៗនោះទេ ប៉ុន្តែវាគឺជាការផ្តល់នូវសិទ្ធិស្របច្បាប់ពេញលេញ និងជាបង្អែកសេដ្ឋកិច្ចដ៏រឹងមាំសម្រាប់បងប្អូនប្រជាពលរដ្ឋ។ នេះជាផ្លែផ្កាកើតចេញពីនយោបាយគិតគូរពីប្រជាជនជាចម្បងរបស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត។
ឯកឧត្តមបានបន្ថែមថា បណ្ណកម្មសិទ្ធិទាំងនេះ គឺជា «ទ្រព្យសកម្មដ៏មានតម្លៃមហាសាល» មានសុវត្ថិភាពគតិយុត្តពេញលេញ និងត្រូវបានការពារដោយច្បាប់ ដែលប្រជាពលរដ្ឋអាចយកទៅប្រើប្រាស់ដើម្បីពង្រីកសេដ្ឋកិច្ចគ្រួសារ និងបង្កើនលំនឹងជីវភាពឱ្យកាន់តែប្រសើរឡើងពីមួយថ្ងៃទៅមួយថ្ងៃ។
ទន្ទឹមនឹងបរិយាកាសរីករាយ ឯកឧត្តមអភិបាលខេត្ត ក៏បានសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្ត មន្ត្រីបច្ចេកទេស ព្រមទាំងអាជ្ញាធរស្រុកមង្គលបូរី និងសហការីទាំងអស់ ដែលបានខិតខំប្រឹងប្រែងបំពេញភារកិច្ចយ៉ាងសកម្ម មិនខ្លាចនឿយហត់ រហូតឈានដល់ការចេញបណ្ណកម្មសិទ្ធិជាស្ថាពរជូនប្រជាពលរដ្ឋនាពេលនេះ។

ជាចុងក្រោយ ឯកឧត្តម អ៊ុ រាត្រី បានអំពាវនាវយ៉ាងទទូចដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ សូមមេត្តាថែរក្សាបណ្ណកម្មសិទ្ធិនេះឱ្យបានល្អប្រសើរ ជៀសវាងការខូចខាត ឬបាត់បង់។ ត្រូវប្រើប្រាស់ទ្រព្យសម្បត្តិនេះឱ្យចំគោលដៅក្នុងការអភិវឌ្ឍ និងលើកកម្ពស់ បន្តចូលរួមសហការជាមួយអាជ្ញាធរមូលដ្ឋានក្នុងការអនុវត្តគោលនយោបាយ «ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព» ដើម្បីរួមគ្នារក្សាសន្តិសុខ និងសណ្តាប់ធ្នាប់ក្នុងសហគមន៍ឱ្យបានល្អប្រសើរ។

ស្នាមញញឹម និងក្តីរំភើបបានស្តែងឡើងយ៉ាងច្បាស់នៅលើផ្ទៃមុខរបស់ប្រជាពលរដ្ឋក្នុងភូមិសាយសាម៉ន និងភូមិអូរជួបថ្មី។ សម្រាប់ពួកគាត់ ការទទួលបាន «បណ្ណដី» នៅថ្ងៃនេះ មិនត្រឹមតែជាក្រដាសផ្លូវការមួយសន្លឹកនោះទេ ប៉ុន្តែជាក្តីកក់ក្តៅ និងភាពស្ងប់ចិត្តឈប់បារម្ភពីបញ្ហាទំនាស់ ឬការទន្ទ្រានដីធ្លី ព្រោះមានច្បាប់ការពារយ៉ាងរឹងមាំ មានក្តីសង្ឃឹមថ្មីសម្រាប់គ្រួសារ មានឱកាសប្រើប្រាស់បណ្ណនេះជាបង្អែកដើមទុន ក្នុងការប្រកបមុខរបរ បង្កើនប្រាក់ចំណូល និងកសាងអនាគតកូនចៅឱ្យកាន់តែរុងរឿង។ ប្រជាពលរដ្ឋបានសម្តែងនូវការថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរាជរដ្ឋាភិបាល ពិសេស សម្តេចធិបតី ហ៊ុន ម៉ាណែត និងអាជ្ញាធរខេត្តបន្ទាយមានជ័យ ដែលបានយកចិត្តទុកដាក់ និងផ្តល់សេវាដ៏មានន័យនេះដល់ដៃពួកគាត់ដោយផ្ទាល់៕
ដោយ៖ ឈុន សារ៉ាត





