ក្រុមហ៊ុនអេមរុរ៉ាយស៍កម្ពុជា នឹងបង្កើនការប្រមូលទិញស្រូវសរីរាង្គរហូតដល់ ៤ម៉ឺនតោន ក្នុងខេត្តព្រះវិហារ ដែលស្មើនឹងទំហំថវិកាប្រមាណ ១២លានដុល្លារ
AKP ព្រះវិហារ ថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៦
ខេត្តព្រះវិហារ បាននិងកំពុងបន្តពង្រឹងទីតាំងជា «ខេត្តនៃកសិកម្មសរីរាង្គ» របស់ប្រទេសកម្ពុជា តាមរយៈការបោះជំហានយ៉ាងសកម្មលើការផលិតស្រូវសរីរាង។ ជាក់ស្តែង ក្រុមហ៊ុនអេមរុរ៉ាយស៍កម្ពុជា បានប្តេជ្ញាចិត្តបង្កើនការប្រមូលទិញស្រូវសរីរាង្គរហូតដល់ ៤ម៉ឺនតោន ស្មើនឹងទំហំថវិការហូតដល់ ១២លានដុល្លារ ខណៈក្រុមហ៊ុន CACC ទទួលទិញដំឡូងមីសរីរាង្គចំនួន ១៥ ០០០ តោន ពីសហគមន៍កសិកម្មក្នុងខេត្តព្រះវិហារ។
ថ្លែងក្នុងពិធីចុះហត្ថលេខា លើកិច្ចសន្យាផលិត និងផ្គត់ផ្គង់ស្រូវ និងដំឡូងមីសរីរាង្គ នាព្រឹកថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២៦ នៅខេត្ដព្រះវិហារ លោកឧកញ៉ា សុង សារ៉ន អគ្គនាយកក្រុមហ៊ុន អេមរុរ៉ាយស៍កម្ពុជា បានបញ្ជាក់ថា កិច្ចសន្យានេះ មិនមែនត្រឹមជាទំនាក់ទំនងរវាងអ្នកទិញ និងអ្នកលក់នោះទេ ប៉ុន្តែជាកិច្ចសន្យាប្រកបដោយទំនុកចិត្ត និងការទទួលខុសត្រូវ ដើម្បីភាពរីកចម្រើនរួមគ្នា។ លោកឧកញ៉ាបន្ដថា ក្រុមហ៊ុននឹងធ្វើការដោយបេះដូង និងកាយចិត្ត ដើម្បីធានាទីផ្សារជូនកសិករ ផ្តល់តម្លៃដែលមានតម្លាភាព ពង្រឹងការតាមដានប្រភពដើម និងជំរុញការដាំដុះស្រូវបែបធន់នឹងការប្រែប្រួលអាកាសធាតុ ព្រោះជោគជ័យរបស់កសិករ គឺជាជោគជ័យរបស់ក្រុមហ៊ុន។
លោកឧកញ៉ា ក៏បានស្នើសុំឱ្យបងប្អូនកសិករ រក្សានូវភាពស្មោះត្រង់ និងទំនុកចិត្ត ដើម្បីសហការគ្នារយៈពេលវែង ដើម្បីប្រកួតប្រជែងលើទីផ្សារអន្តរជាតិ។


ឯកឧត្តម គីម រិទ្ធី អភិបាល នៃគណៈអភិបាលខេត្តព្រះវិហារ បានសម្តែងនូវមោទនភាពយ៉ាងក្រៃលែង ដែលកម្ពុជាបានបោះជំហានមួយកម្រិតទៀតក្នុងការយកប្រៀបលើទីផ្សារអន្តរជាតិ តាមរយៈការផលិតស្រូវសរីរាង្គនៅខេត្តព្រះវិហារ ដែលមានបរិមាណច្រើនជាងគេលើពិភពលោក។ ឯកឧត្តមអភិបាលខេត្ត បានគូសបញ្ជាក់ពីទិន្នន័យសេដ្ឋកិច្ចថា ខេត្តព្រះវិហារមានផលិតផលក្នុងស្រុកសរុប (GDP) ប្រមាណ ៤០០លានដុល្លារ ដោយក្នុងនោះ ៥០ភាគរយ គឺជាផលទុនបានមកពីវិស័យកសិកម្ម។ ឯកឧត្តមអភិបាលខេត្ត បានបញ្ជាក់បន្ថែមថា៖ «កាលពីឆ្នាំ២០២៥ កន្លងទៅ ស្រូវសរីរាង្គក្នុងខេត្តផលិត បានជាង ២ម៉ឺនតោន ស្មើនឹងថវិកាប្រមាណ ៦លានដុល្លារ។ ប៉ុន្តែ សម្រាប់ឆ្នាំ២០២៦នេះ ការប្តេជ្ញាចិត្តទិញរហូតដល់ ៤ម៉ឺនតោន ពីសំណាក់ក្រុមហ៊ុន គឺស្មើនឹងទំហំថវិការហូតដល់ប្រមាណ ១២លានដុល្លារ ដែលនឹងត្រូវចាក់បញ្ចូលផ្ទាល់ទៅក្នុងចរន្តសេដ្ឋកិច្ចគ្រួសារប្រជាកសិករ»។


ជាមួយគ្នានេះ ឯកឧត្តមអភិបាលខេត្ត បានបង្ហាញបំណងប្រាថ្នាចង់ឃើញការកើនឡើងនៃផលិតកម្មស្រូវសរីរាង្គជាបន្តបន្ទាប់ ដើម្បីប្រែក្លាយខេត្តព្រះវិហារឱ្យទៅជា «ខេត្តសរីរាង្គ» ទាំងស្រុងនាពេលអនាគត។
ក្នុងឱកាសនោះដែរ ឯកឧត្តមបណ្ឌិត មាស ពិសិដ្ឋ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានលើកឡើងថា ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃព្រះរាជាណាចក្រកម្ពុជា បច្ចុប្បន្ន កម្ពុជា ផលិតស្រូវបានរហូតដល់ ១៤លានតោន លើសពីតម្រូវការក្នុងស្រុកដែលមានត្រឹម ៥លានតោន។ ឯកឧត្ដមបានបញ្ជាក់ទៀតថា ដូច្នេះ ទិសដៅបន្ត គឺការផ្តោតលើសុខភាពស្បៀង និងការថែរក្សាធនធានដី និងទឹក សម្រាប់កូនចៅជំនាន់ក្រោយ។

ឯកឧត្តមបណ្ឌិតបានឱ្យដឹងបន្ថែមថា រាជរដ្ឋាភិបាលកំពុងដោះស្រាយបញ្ហាប្រឈមក្នុងវិស័យកសិកម្ម តាមរយៈគោលនយោបាយអាទិភាពទី៥ និងទី៦ រួមមាន ការរក្សាលំនឹងថ្លៃ ការដាក់ពង្រាយមន្ត្រីកសិកម្មឃុំ ១ ៦០០នាក់ ទូទាំងប្រទេស និងការបង្កើតសហគមន៍កសិកម្មទំនើប៕

ដោយ៖ រិទ្ធី, ប្រភព៖ មន្ទីរព័ត៌មានខេត្ដព្រះវិហារ





