និស្សិតសាកលវិទ្យាល័យកម្ពុជា-កូរ៉េ ធ្វើសកម្មភាពស្ម័គ្រចិត្តអប់រំអនាម័យ សុខភាព និងបរិស្ថានសម្រាប់សិស្សា នុសិស្ស នៅសាលាបឋមសិក្សាសន្តិភាព ក្នុងខេត្តកំពង់ស្ពឺ
AKP កំពង់ស្ពឺ ថ្ងៃទី៧ ខែសីហា ឆ្នាំ ២០២៦---
លោក សាយ វ៉ាន់ នាយកសាលាបឋម សិក្សាសន្តិភាព រួមជាមួយគណៈសាស្ត្រាចារ្យ និងនិស្សិត បានស្វាគមន៍យ៉ាងកក់ ក្តៅចំពោះក្រុមនិស្សិតស្ម័គ្រចិត្តសាកលវិទ្យាល័យកូរ៉េ ដឹកនាំដោយលោកនាយក ហ្វាង អុីនស៊ូ តំណាងលោក ឆែ ម្យ៉ង់កឺន និងលោកវេជ្ជបណ្ឌិត ហៃ សុវង្ស ទីប្រឹ ក្សាជាន់ខ្ពស់ និងជាអ្នកស្រាវជ្រាវនៅមហាវិទ្យាល័យច្បាប់ នៃសាកលវិទ្យា ល័យជាតិកម្ពុជា (NUM) បានមកធ្វើទស្សនកិច្ចដើម្បីធ្វើសកម្មភាពស្ម័គ្រចិត្តសហការជាមួយនិស្សិតមកពីសាកលវិទ្យាល័យជាតិកម្ពុជា (NUM)។
កម្មវិធីអប់រំ និងសកម្មភាពចូលរួមចំណែកសង្គមនេះបានធ្វើឡើងនៅសាលារៀនដែលមានទីតាំងស្ថិតនៅ សង្កាត់រកាធំ ក្រុងច្បាមន ខេត្តកំពង់ស្ពឺ។ សកម្មភាពស្ម័គ្រចិត្តមនុស្សធម៌នេះត្រូវបានរៀបចំឡើងដោយក្រុមប្រឹក្សាសា កលវិទ្យាល័យកូរ៉េសម្រាប់សេវាសង្គម (KUCSS) ក្រោមក្រសួងអប់រំ និងអនុវត្តដោយ KOSSIAN ជាផ្នែកមួយនៃគំនិតផ្តួចផ្តើមមិត្តភ័ក្តិពិភពលោកកូរ៉េ (WFK)។ ដែលជាសកម្មភាពធ្វើជាលើកទី 50 ក្នុងឆ្នាំ 2026។


លោក សាយ វ៉ាន់ នាយកសាលាបឋមសិ ក្សាសន្តិភាព បានសម្តែងការអរគុណយ៉ាងជ្រាលជ្រៅចំពោះនិស្សិតស្ម័គ្រចិត្តទាំងអស់ដែលបានមកទស្សនាសាលាបឋមសិក្សាសន្តិភាព ដើម្បីកែលម្អសម្ភារៈសិក្សា និងចែករំលែកចំណេះដឹងដែលមានប្រយោជន៍ដល់កុមារ។
លោកបានគូសបញ្ជាក់ថា សកម្មភាពទាំងនេះ ពិតជាបានរួមចំណែកយ៉ាងធំធេងក្នុងការលើកកម្ពស់វិស័យអប់រំនៅតាមមូលដ្ឋាន និងជួយឱ្យកុមារៗទទួលបានបរិយាកាសសិក្សាកាន់តែប្រសើរឡើង។
ឆ្លៀតក្នុងឳកាសនោះ លោកនាយក ហ្វាង អុីនស៊ូ ប្រធានក្រុមនិស្សិតស្ម័ គ្រចិត្ត ណាងឱ្យប្រទេសទាំងពីរ លោក ឆែ ម្យ៉ង់កឺន តំណាង KOSSIAN និងអ្នកស្ម័គ្រចិត្តបានចូលរួមយ៉ាងសកម្មក្នុងការដឹកនាំថ្នាក់រៀនសម្រាប់សិស្សា នុសិស្ស ដោយផ្តោតលើអនាម័យផ្ទាល់ខ្លួនរបស់កុមារ ការថែទាំសុខភាព និងការការពារបរិស្ថាន។ ក្រៅពីការងារអប់រំ ក្រុមនិស្សិតក៏បានចូលរួមការងារកែលម្អសម្ភារៈសាលារៀន ព្រមទាំងបង្កើតកម្មវិធីផ្លាស់ប្តូរវប្បធម៌ ដើម្បីកសាងទំនាក់ទំនង និងមិត្តភាពដ៏មានតម្លៃជាមួយសហគមន៍មូលដ្ឋានក្នុងខេត្តកំពង់ស្ពឺ។


លោកនាយក ហ្វាង អុីនស៊ូ បានលើក ឡើងបន្តទៀតថា ការរៀបចំកម្មវិធីដែលឈានមកដល់លើកទី៥០នេះ គឺពិតជាមានអត្ថន័យធំធេងណាស់ ហើយសកម្មភាពរួមគ្នាទាំងនេះ មិនត្រឹមតែជាឱកាសក្នុងការចែករំលែកចំណេះដឹងប៉ុណ្ណោះទេ ប៉ុន្តែវាបានបង្កើតនូវការរៀន សូត្រទៅវិញទៅមក ការទទួលខុសត្រូវរួមគ្នា និងការរឹតចំណងមិត្តភាពឱ្យកាន់តែស្អិតរមួត និងយូរអង្វែងរវាងយុវជនកូរ៉េ និងយុវជនកម្ពុជា។
លោកហ្វាង អុីនស៊ូ និងតំណាងក្រុមនិស្សិត បានបង្ហាញយ៉ាងច្បាស់ពីកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធរវាងធនធានយុវជននៃប្រទេសទាំងពីរ ក្នុងការចូលរួមចំណែកអភិវឌ្ឍវិស័យអប់រំនៅតាមមូលដ្ឋាន ជួយឱ្យកុមារទទួលបានការរស់នៅស្អាត ធានាបាននូវសុខភាពល្អ និងបរិស្ថានសាលារៀនបៃតង ព្រមទាំងរួមចំណែកលើកកម្ពស់ការយល់ដឹងពីវប្បធម៌រវាងគ្នាទៅវិញ ទៅមកឱ្យកាន់តែទូលំទូលាយ៕

ដោយ៖ ម៉ែន ប៊ុនធីម





