ឯកឧត្តម សុខ លូ នាំអំណោយឧបត្ថម្ភដល់មជ្ឈមណ្ឌលបន្សាប ព្យាបាលញៀនគ្រឿងញៀននៅស្រុកបវេល និងស្រុករតនមណ្ឌល
AKP បាត់ដំបង ថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៦–ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង នៅថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៦ បានអញ្ជើញសំណេះសំណាលជាមួយអ្នកញៀនគ្រឿងញៀនដែលកំពុងបន្សាបព្យាបាល និងនាំយកអំណោយឧបត្ថម្ភដល់មជ្ឈមណ្ឌលពិភពនៃក្ដីសង្ឃឹមនៅស្រុកបវេល និងមជ្ឈមណ្ឌលបន្សាប ព្យាបាល និងស្តារនីតិសម្បទាអ្នកញៀនគ្រឿងញៀន កែ ស៊ីនួននៅស្រុករតនមណ្ឌល។

មានប្រសាសន៍ក្នុងឱកាសនោះឯកឧត្តម ណែនាំដល់អ្នកកំពុងបន្សាបគ្រឿងញៀនត្រូវខិតខំកែប្រែខ្លួនហើយនៅពេលបានត្រឡប់ទៅលំនៅឋានវិញត្រូវខិតខំជួយការងារក្នុងគ្រួសារ កុំសេពគប់មិត្តអាក្រក់ដែលនាំឱ្យប្រព្រឹត្តអំពើអាក្រក់ប៉ះពាល់ដល់ខ្លួនឯង គ្រួសារ និងសង្គមជាតិ។ ឯកឧត្តម បានបង្ហាញការគាំទ្រយ៉ាងពេញទំហឹងចំពោះអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនដែលអនុញ្ញាតឱ្យប្រធានមណ្ឌលអាចនាំអ្នកកំពុងបន្សាបគ្រឿងញៀនទៅធ្វើការនៅខាងក្រៅមណ្ឌលបាន។ អ្នកកំពុងបន្សាបគ្រឿងញៀននឹងខិតខំកែប្រែខ្លួនឱ្យក្លាយទៅជាមនុស្សល្អក្នុងសង្គម ក្រេបយកចំណេះជំនាញវិជ្ជាជីវៈផ្សេងៗដើម្បីប្រកបមុខរបរចិញ្ចឹមជីវិតក្រោយពេលចេញពីមណ្ឌល។

សូមជម្រាបថា នៅក្នុងខេត្តបាត់ដំបងមានមណ្ឌលបន្សាបព្យាបាលអ្នកញៀនគ្រឿងញៀនចំនួន២ទីតាំងគឺទី១ មជ្ឈមណ្ឌលពិភពនៃក្តីសង្ឃឹមនៅស្រុកបវេលជាមជ្ឈមណ្ឌលរបស់រដ្ឋ និងទី២ មជ្ឈមណ្ឌលបន្សាបព្យាបាល និងស្តារនីតិសម្បទាអ្នកញៀនគ្រឿងញៀន កែ ស៊ីនួន នៅស្រុករតនមណ្ឌលដែលមជ្ឈមណ្ឌលឯកជន។មណ្ឌលអប់រំ កែប្រែ និងស្តារនីតិសម្បទាអ្នកញៀនគ្រឿងញៀនទាំងពីរទីតាំងនេះបាននិងកំពុងផ្តល់សេវាព្យាបាល ថែទាំ គាំទ្រផ្លូវចិត្ត និងបណ្តុះបណ្តាលវិជ្ជាជីវៈដល់អ្នកដែលពាក់ព័ន្ធនឹងការប្រើប្រាស់គ្រឿងញៀន ដើម្បីឱ្យពួកគាត់អាចផ្តាច់គ្រឿងញៀន និងត្រឡប់ទៅរស់នៅក្នុងសង្គមវិញដោយជោគជ័យ ៕

ដោយ៖ ណយ នឿន (ប្រភព៖រដ្ឋបាលខេត្តបាត់ដំបង)





