ឡាវដាក់ឱ្យដំណើរការគម្រោងពង្រឹងការត្រៀមខ្លួនសម្រាប់ជំងឺរាតត្បាត
AKP ភ្នំពេញ ថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២៦ -- រដ្ឋាភិបាលឡាវ ដោយសហការជាមួយដៃគូអភិវឌ្ឍន៍ បានដាក់ឱ្យដំណើរការជាផ្លូវការនូវគម្រោងជំរុញការឆ្លើយតប និងការផ្លាស់ប្តូរជំងឺរាតត្បាតរបស់សាធារណរដ្ឋប្រជាមានិតឡាវ (ALERT-LAO) ដែលជាគំនិតផ្តួចផ្តើមដ៏សំខាន់មួយ ដែលមានគោលបំណងពង្រឹងសមត្ថភាពរបស់ប្រទេសនេះក្នុងការទប់ស្កាត់ រកឃើញ និងឆ្លើយតបទៅនឹងការគំរាមកំហែងនៃជំងឺរាតត្បាតនាពេលអនាគត។
គម្រោងនេះត្រូវបានសម្ពោធនៅក្នុងពិធីមួយនៅទីក្រុងវៀងចន្ទន៍កាលពីពេលថ្មីៗនេះ ដែលរៀបចំរួមគ្នាដោយក្រសួងសុខាភិបាលឡាវ និងក្រសួងកសិកម្ម និងបរិស្ថាន ក្នុងភាពជាដៃគូជាមួយអង្គការស្បៀងអាហារ និងកសិកម្ម (FAO) និងមូលនិធិកុមារនៃអង្គការសហប្រជាជាតិ (UNICEF)។
យោងតាមក្រសួងសុខាភិបាលឡាវ បានឱ្យដឹងថា គំនិតផ្តួចផ្តើមនេះឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរបស់ប្រទេសក្នុងការការពារសុខភាពសាធារណៈ ដោយការកសាងប្រព័ន្ធសន្តិសុខសុខភាពឱ្យកាន់តែរឹងមាំ និងសម្របសម្រួលជាងមុន។ គំនិតផ្តួចផ្តើម ALERT-LAO នឹងបង្កើនសមត្ថភាពនៃការព្រមានដំបូង និងធ្វើរោគវិនិច្ឆ័យជំងឺ ដោយធ្វើឱ្យប្រសើរឡើងនូវការត្រៀមខ្លួន និងការឆ្លើយតបទៅនឹងការផ្ទុះឡើងនៃជំងឺនាពេលអនាគត។
គម្រោងទូទាំងប្រទេសនឹងពង្រឹងការត្រៀមខ្លួនសម្រាប់ជំងឺរាតត្បាតរបស់ប្រទេសឡាវ ដោយពង្រឹងប្រព័ន្ធឃ្លាំមើលជំងឺ និងប្រព័ន្ធព្រមានដំបូង បង្កើនសមត្ថភាពវិភាគ អភិវឌ្ឍន៍កម្លាំងពលកម្មសុខភាពសាធារណៈ កាត់បន្ថយហានិភ័យនៃជំងឺ និងធ្វើឱ្យប្រសើរឡើងនូវបរិយាកាសគោលនយោបាយសម្រាប់ការត្រៀមខ្លួន និងការឆ្លើយតបក្នុងគ្រាអាសន្នសុខភាពសាធារណៈ។
ការដាក់ឱ្យដំណើរការនេះត្រូវបានកត់សម្គាល់ជាព្រឹត្តិការណ៍ដ៏សំខាន់មួយនៅក្នុងកិច្ចខិតខំប្រឹងប្រែងរបស់ប្រទេសឡាវ ដើម្បីជំរុញភាពធន់របស់ខ្លួនប្រឆាំងនឹងភាពអាសន្នសុខភាពសាធារណៈនាពេលអនាគត៕
ដោយ៖ យា ចិន្ដាខន្ដី (ប្រភព៖ VNA)





