ម៉ាឡេស៊ីកំពុងពិចារណាយកពន្ធលើការលក់រថយន្តអគ្គិសនី ដើម្បីផ្តល់មូលនិធិដល់ហេដ្ឋារចនាសម្ព័ន្ធសាកថ្មសាធារណៈ
AKP ភ្នំពេញ ថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២៦ -- រដ្ឋាភិបាលម៉ាឡេស៊ីកំពុងពិចារណាដាក់ពន្ធលើយានយន្តអគ្គិសនី (EV) ទាំងអស់ដែលបានលក់ ដើម្បីបង្កើតមូលនិធិសម្រាប់ពង្រីកបណ្តាញសាកថ្មសាធារណៈសម្រាប់យានយន្ត EV របស់ប្រទេស ដើម្បីគាំទ្រដល់ការទទួលយកយានយន្ត EV ដែលកំពុងកើនឡើង និងដោះស្រាយគម្លាតនៅក្នុងហេដ្ឋារចនាសម្ព័ន្ធសាកថ្ម។
ថ្លែងក្នុងអំឡុងវគ្គសំណួរ និងចម្លើយនៅក្នុងព្រឹទ្ធសភាកាលពីពេលថ្មីៗនេះ រដ្ឋមន្ត្រីក្រសួងវិនិយោគ ពាណិជ្ជកម្ម និងឧស្សាហកម្មម៉ាឡេស៊ី លោក ចូហារី អាប់ឌុល ហ្កានី បាននិយាយថា សំណើនេះបានកើតឡើងបន្ទាប់ពីការខាតបង់ចំណូលពន្ធចំនួន ៣,៣ពាន់លានរីងហ្គីត (៨២៥លានដុល្លារអាម៉េរិក) របស់រដ្ឋាភិបាលតាមរយៈការលើកទឹកចិត្តសម្រាប់យានយន្ត EV ដែលនាំចូល ខណៈដែលការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធសាកថ្មសាធារណៈបានធ្លាក់ចុះទាបជាងការរំពឹងទុក។
លោក ចូហារី បាននិយាយថា ប្រទេសម៉ាឡេស៊ីត្រូវការយន្តការប្រកបដោយចីរភាពមួយ ដើម្បីផ្តល់ហិរញ្ញប្បទានដល់ការដាក់ឱ្យដំណើរការស្ថានីយ៍សាកថ្មសាធារណៈ។ ក្រោមសំណើនេះ ការយកពន្ធនឹងត្រូវបានដាក់លើយានយន្ត EV នីមួយៗដែលបានលក់ ដោយប្រាក់ចំណូលនឹងត្រូវបានបញ្ជូនចូលទៅក្នុងមូលនិធិដែលសម្រាប់ប្រើប្រាស់ដល់ការបង្កើតស្ថានីយ៍សាកថ្ម។
លោកបានកត់សម្គាល់ថា រដ្ឋាភិបាលមិនអាចពឹងផ្អែកតែទៅលើក្រុមហ៊ុនផលិត ឬអ្នកចែកចាយយានយន្ត ដើម្បីអនុវត្តការវិនិយោគបែបនេះបានទេ។
ទាក់ទងនឹងការទទួលយកយានយន្ត EV លោក ចូហារី បាននិយាយថា កង្វះហេដ្ឋារចនាសម្ព័ន្ធសាកថ្មសាធារណៈនៅតែជាបញ្ហាប្រឈមដ៏ធំបំផុត ជាពិសេសសម្រាប់អ្នករស់នៅក្នុងអាផាតមិន និងគម្រោងកម្មវិធីលំនៅដ្ឋានប្រជាជន (PPR) ដែលមិនអាចដំឡើងឆ្នាំងសាកនៅតាមផ្ទះរបស់ពួកគេបាន។
ប្រទេសម៉ាឡេស៊ីពីមុន បានផ្តល់ការលើកលែងពន្ធនាំចូល ពន្ធអាករលើទំនិញ និងពន្ធលើការលក់សម្រាប់រថយន្តអគ្គិសនីដែលសាងសង់រួចជាស្រេច (CBU) រយៈពេលបួនឆ្នាំ ចាប់តាំងពីឆ្នាំ២០២២ ដល់ឆ្នាំ២០២៥ ដើម្បីជំរុញកំណើនទីផ្សារ និងទាក់ទាញការវិនិយោគ។ ការលើកទឹកចិត្តទាំងនេះ បាននាំឱ្យមានប្រាក់ចំណូលពន្ធដែលបាត់បង់ចំនួន ៣,៣ពាន់លានរីងហ្គីតក្នុងរយៈពេលនោះ៕
ដោយ៖ យា ចិន្ដាខន្ដី (ប្រភព៖ VNA)





