ក្រុមហ៊ុនធុរកិច្ចម៉ាឡេស៊ីរីកចម្រើនដោយសារការរីកចម្រើននៃបញ្ញាសិប្បនិម្មិត
AKP ភ្នំពេញ ថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២៦ -- ក្រុមហ៊ុនធុរកិច្ចម៉ាឡេស៊ីចំនួន១៩ បានចូលទៅក្នុងបញ្ជីក្រុមហ៊ុនល្អបំផុតទាំង២០០ របស់ទស្សនាវដ្តី Forbes Asia ឆ្នាំ២០២៦ ដែលមានប្រាក់ចំណូលប្រចាំឆ្នាំតិចជាង ១ពាន់លានដុល្លារអាម៉េរិក ដែលច្រើនជាងទ្វេដងនៃចំនួនឆ្នាំមុន។
ក្រុមហ៊ុនធុរកិច្ចម៉ាឡេស៊ីជាងពាក់កណ្តាលនៅក្នុងបញ្ជីនេះ ទទួលបានអត្ថប្រយោជន៍ពីការរីកចម្រើននៃហេដ្ឋារចនាសម្ព័ន្ធបញ្ញាសិប្បនិម្មិត (AI) របស់ប្រទេស។
ក្រុមហ៊ុន Southern Cable Group របស់ប្រទេសម៉ាឡេស៊ី ដែលជាក្រុមហ៊ុនផលិតខ្សែកាបវ៉ុលទាប និងខ្ពស់ បានបង្ហាញខ្លួនជាលើកដំបូងនៅក្នុងបញ្ជីនេះ ដោយមានការគាំទ្រពីឧស្សាហកម្មមជ្ឈមណ្ឌលទិន្នន័យដែលកំពុងរីកចម្រើន ដែលបានរួមចំណែក ១៥% នៃប្រាក់ចំណូល ១,៨ពាន់លានរីងហ្គីត (៤៤០លានដុល្លារអាម៉េរិក) របស់ខ្លួនក្នុងឆ្នាំ២០២៥។
បញ្ជីល្អបំផុតក្រោមមួយពាន់លានដុល្លារអាម៉េរិក បង្ហាញពីក្រុមហ៊ុនចុះបញ្ជីជាសាធារណៈចំនួន ២០០ក្រុមហ៊ុន ក្នុងចំណោម ១៩.០០០ក្រុមហ៊ុននៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ដែលមានការលក់ប្រចាំឆ្នាំលើសពី ១០លានដុល្លារអាម៉េរិក និងក្រោម ១ពាន់លានដុល្លារអាម៉េរិក។ ប្រទេសចិនមានចំនួនក្រុមហ៊ុនច្រើនជាងគេនៅក្នុងបញ្ជីនេះ ដោយមាន ២៨ក្រុមហ៊ុន បន្ទាប់មក គឺប្រទេសឥណ្ឌាដែលមាន ២៧ក្រុមហ៊ុន៕
ដោយ៖ យា ចិន្ដាខន្ដី (ប្រភព៖ VNA)





