ឯកឧត្តម សួស យ៉ារ៉ា ដឹកនាំកិច្ច ប្រជុំពិនិត្យវឌ្ឍនភាពការងារត្រៀមធ្វើជាម្ចាស់ផ្ទះ រៀបចំកិច្ចសន្ទនាពហុភាគីរបស់សភា ស្តីពី «ការវិនិយោគប្រកបដោយការទទួលខុសត្រូវ ដើម្បីលើកកម្ពស់សន្តិសុខស្បៀង និងការឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ»
AKP ភ្នំពេញ ថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៦--ឯកឧត្តម សួស យ៉ារ៉ា ប្រធានគណៈ កម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ និងព័ត៌មាន នៃរដ្ឋសភា (គណៈកម្មការទី៥) នាព្រឹកថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៦ បានអញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យវឌ្ឍនភាពការងារ ត្រៀមធ្វើជាម្ចាស់ផ្ទះរៀបចំ «កិច្ចសន្ទនាពហុភាគីពាក់ព័ន្ធរបស់សភា ស្តីពីការវិនិយោគប្រកបដោយការទទួលខុសត្រូវសម្រាប់សន្តិសុខស្បៀង និងអាកា សធាតុ»។

កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ ជាសមាជិកសភា តំណាងក្រសួងបរិស្ថាន ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រសួង ធនធានទឹក និងឧតុនិយម ក្រសួងពាណិជ្ជកម្ម ក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) ព្រមទាំងថ្នាក់ដឹកនាំនៃអគ្គលេខាធិការដ្ឋានរដ្ឋសភា។

ឯកឧត្តម សួស យ៉ារ៉ា បានគូសបញ្ជាក់ថា កិច្ចប្រជុំនាព្រឹកនេះ ផ្តោតសំខាន់លើការពិនិត្យមើលវឌ្ឍនភាពការងារ ការស ម្របសម្រួល និងការរៀបចំគ្រប់ទិដ្ឋភាពបច្ចេកទេស និងពិធីការ ដើម្បីធានាឱ្យដំណើរការនៃការរៀបចំកិច្ចសន្ទនាពហុភាគីនេះ ប្រព្រឹត្តទៅដោយរលូន ប្រកបដោយប្រសិទ្ធភាព និងទទួលបានជោគជ័យដ៏ត្រចះត្រចង់។ សកម្មភាពនេះ បង្ហាញយ៉ាងច្បាស់ពីតួនាទីយ៉ាង សកម្ម និងការប្តេជ្ញាចិត្តខ្ពស់របស់រដ្ឋសភាកម្ពុជា ក្នុងការចូលរួមជំរុញរបៀបវារៈតំបន់អាស៊ាន ស្តីពី «ការវិនិយោគប្រកបដោយការទទួលខុសត្រូវក្នុងវិស័យចំណីអាហារ កសិកម្ម និងព្រៃឈើ» (ASEAN Responsible Investment in Food, Agriculture and Forestry – ASEAN RAI)។

ឯកឧត្តម បានបន្ថែមថា គោលបំណងចម្បងនៃកិច្ចសន្ទនាគឺ ដើម្បីពង្រឹងការយល់ដឹង និងកិច្ចសហប្រតិបត្តិការរបស់សភា ស្របតាមគោលការណ៍ណែនាំអាស៊ាន ស្តីពីការលើកកម្ពស់ការវិនិយោគប្រកបដោយការទទួលខុសត្រូវក្នុងវិស័យចំណីអាហារ កសិកម្ម និងព្រៃឈើ ព្រមទាំងក្របខ័ណ្ឌអនុវត្តរបស់សភាអាស៊ាន (ASEAN RAI ២០២៤-២០៣០)។
កិច្ចសន្ទនាថ្នាក់តំបន់នេះ ត្រូវបានរំពឹងថានឹងក្លាយជាវេទិកាគោលនយោបាយ និងយុទ្ធសាស្ត្រដ៏សំខាន់ សម្រាប់ការផ្លាស់ប្តូរទស្សនៈ ការចែករំលែកបទពិសោធន៍ និងការរឹតចំណងកិច្ចសហប្រតិបត្តិការរវាង៖ ស្ថាប័ននីតិ ប្បញ្ញត្តិ (សភា) រាជរដ្ឋាភិបាល និងក្រសួង-ស្ថាប័នពាក់ព័ន្ធ ដៃគូអភិវឌ្ឍន៍អន្តរជាតិ វិស័យឯកជន និងភាគីពាក់ព័ន្ធ។

កិច្ចខិតខំប្រឹងប្រែងរួមគ្នានេះ មានគោល ដៅជំរុញការវិនិយោគបៃតង និងប្រកប ដោយការទទួលខុសត្រូវ ដែលជាកាតាលីករយ៉ាងសំខាន់ក្នុងការធានាសន្តិសុខស្បៀង ការលើកកម្ពស់ការអភិវឌ្ឍប្រកបដោយចីរភាព និងការឆ្លើយតបទៅនឹងការប្រែប្រួលអាកា សធាតុនៅក្នុងតំបន់អាស៊ានទាំងមូល។

សូមជម្រាបជូនផងដែរថា ព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រ «កិច្ចសន្ទនាពហុភាគីរបស់សភា ស្តីពីការវិនិយោគប្រកបដោយការទទួលខុសត្រូវ ដើម្បីលើកកម្ពស់សន្តិសុខស្បៀង និងការប្រែប្រួលអាកាសធាតុ» ដែលរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជាធ្វើជាម្ចាស់ផ្ទះនេះ នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៤ ដល់ថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៦ ខាងមុខនេះ នៅរាជធានីភ្នំពេញ៕
ដោយ៖ ប៊ុនរិទ្ធ, ប្រភព៖ រដ្ឋសភា





