មេបញ្ជាការកងនាវាប៉ាស៊ីហ្វិកសហរដ្ឋអាមេរិក គូសបញ្ជាក់ពីការបន្ដពង្រឹងកិច្ចសហប្រតិបត្តិការយោធាទ្វេភាគីជាមួយកម្ពុជា និងការធ្វើលំហាត់ហ្វឹកហ្វឺន «ការ៉ាត់» ឡើងវិញនៅឆ្នាំ២០២៧ខាងមុខ
AKP ភ្នំពេញ ថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៦ -- ឯកឧត្តម នាយឧត្តមនាវី STEPHEN T. WEB KOEHLER មេបញ្ជាការកងនាវាប៉ាស៊ីហ្វិកសហរដ្ឋអាមេរិកបានគូសបញ្ជាក់ឱ្យដឹងពីការបន្តពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកងយោធពលខេមរភូមិន្ទកម្ពុជា រួមទាំងការធ្វើលំហាត់ហ្វឹកហ្វឺន «ការ៉ាត់» ឡើងវិញនៅឆ្នាំ២០២៧ ខាងមុខ កិច្ចសហប្រតិបត្តិការផ្នែកជំនួយមនុស្សធម៌ សង្គ្រោះគ្រោះមហន្តរាយ និងការចូលរួមលំហាត់ SEACAT ដើម្បីរួមចំណែកថែរក្សាសន្តិភាព និងស្ថិរភាពក្នុងតំបន់។ ការគូសបញ្ជាក់របស់ឯកឧត្ដមមេបញ្ជាការកងនាវាប៉ាស៊ីហ្វិកសហរដ្ឋអាមេរិកបែបនេះ ក្នុងឱកាសជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ ឯកឧត្ដម នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ នាព្រឹកថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៦ នៅអគ្គបញ្ជាការដ្ឋាន។

ក្នុងជំនួបនេះ ភាគីទាំងពីរបានវាយតម្លៃខ្ពស់ចំពោះការរីកចម្រើននៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការយោធាកម្ពុជា-សហរដ្ឋអាមេរិក ជាពិសេសរវាងកងទ័ពជើងទឹកនៃប្រទេសទាំងពីរ តាមរយៈការផ្លាស់ប្តូរទស្សនកិច្ច ការបណ្តុះបណ្តាលធនធានមនុស្ស ការចូលចតនាវាយោធា និងការត្រៀមរៀបចំលំហាត់ហ្វឹកហ្វឺនរួមនៅឆ្នាំ២០២៧។

ក្នុងឱកាសនោះ ឯកឧត្ដម នាយឧត្តមសេនីយ៍ វង្ស ពិសេន បានថ្លែងអំណរគុណចំពោះសហរដ្ឋអាមេរិក ដែលបានរួមចំណែកក្នុងដំណើរការសន្តិភាព និងការអភិវឌ្ឍនៅកម្ពុជា ព្រមទាំងបានស្វាគមន៍ការបន្តពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ ការប្រយុទ្ធប្រឆាំងអំពើភេរវកម្ម ឧក្រិដ្ឋកម្មឆ្លងដែន ការរុករកអដ្ឋិធាតុយុទ្ធជនអាមេរិកបាត់ខ្លួន និងការពង្រឹងសមត្ថភាពកងទ័ព។

ឯកឧត្ដម នាយឧត្តមសេនីយ៍ អគ្គមេបញ្ជាការ ក៏បានបញ្ជាក់ជាថ្មីនូវជំហររបស់កម្ពុជា ក្នុងការដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី ស្របតាមគោលការណ៍ច្បាប់អន្តរជាតិ និងមិនទទួលស្គាល់ការកែប្រែខ្សែបន្ទាត់ព្រំដែនដោយប្រើប្រាស់កម្លាំងយោធា។
ជាការឆ្លើយតប ឯកឧត្តមនាយឧត្តមនាវី STEPHEN T. WEB KOEHLER បានសម្តែងការកោតសរសើរចំពោះការប្តេជ្ញាចិត្តរបស់កម្ពុជា ក្នុងការដោះស្រាយបញ្ហាព្រំដែនរវាងកម្ពុជា និងថៃ ដោយសន្តិវិធី៕
ដោយ៖ រិទ្ធី, ប្រភព៖ អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ





