កាន់តែទំនើប កាន់តែងាយស្រួល និងរហ័សជាងមុន ជាមួយ “ម៉ាស៊ីនបញ្ជាក់អត្តសញ្ញាណស្វ័យប្រវត្តិ ប.ស.ស. (AIM NSSF)”
AKP ភ្នំពេញ ថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៦--បេឡាជាតិសន្តិសុខសង្គម ហៅកាត់ថា ប.ស.ស. នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈបានដាក់ឱ្យប្រើប្រាស់ “ម៉ាស៊ីនបញ្ជាក់អត្តសញ្ញាណស្វ័យប្រវត្តិ ប.ស.ស. (AIM NSSF) នៅតាមមូលដ្ឋានសុខាភិបាលចំនួន ១៤ទីតាំង ដើម្បីកាត់បន្ថយការកកស្ទះ និងការរង់ចាំយូររបស់បងប្អូនសមាជិក ប.ស.ស. នៅពេលមកប្រើប្រាស់សេវាកម្មនៅតាមមន្ទីរពេទ្យ។
បើតាមលោក ស៊ុន មេសា អ្នកនាំពាក្យនៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានឱ្យដឹងថា ទីតាំងទាំង ១៤នោះរួមមាន មន្ទីរពេទ្យកាល់ម៉ែត, មន្ទីរពេទ្យជាតិ តេជោសន្តិភាព, មន្ទីរពេទ្យព្រះអង្គឌួង, មន្ទីរពេទ្យព្រះកេតុមាលា, មន្ទីរពេទ្យហ្លួងម៉ែ, មន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសុមៈ, មន្ទីរពេទ្យកុមារជាតិ, មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត, មន្ទីរពេទ្យព្រះសីហនុមណ្ឌលនៃក្តីសង្ឃឹម, វិទ្យាស្ថានជាតិ សុខភាពសាធារណៈ, មជ្ឈមណ្ឌលជាតិ គាំពារមាតា និងទារក, មជ្ឈមណ្ឌលជាតិ កំចាត់រោគរបេង និងហង់សិន, មន្ទីរពេទ្យ បង្អែកខេត្តកំពង់ចាម, មន្ទីរពេទ្យ បង្អែកខេត្តសៀមរាប។

លោកបន្តថា «ការដាក់ឱ្យប្រើប្រាស់ “ម៉ាស៊ីនបញ្ជាក់អត្តសញ្ញាណស្វ័យប្រវត្តិ ប.ស.ស. (AIM NSSF)” គឺជាជំហានមួយក្នុងការធ្វើទំនើបកម្មសេវាសាធារណៈរបស់ ប.ស.ស. ដើម្បីផ្តល់ភាពងាយស្រួល រហ័ស និងមានប្រសិទ្ធភាពជាងមុន និងជំរុញការប្រើប្រាស់បច្ចេកវិទ្យាឌីជីថលក្នុងការផ្តល់សេវាជូនប្រជាពលរដ្ឋឱ្យកាន់តែមានប្រសិទ្ធភាព»។
គួរបញ្ជាក់ផងដែរថា ម៉ាស៊ីនបញ្ជាក់អត្តសញ្ញាណស្វ័យប្រវត្តិ ប.ស.ស. មានសារៈប្រយោជន៍ជាច្រើនរួមមាន សមាជិកអាចព្រីនទម្រង់ប្រាស់សេវាដោយខ្លួនឯង, សេវាលឿន រហ័ស និងទាន់ពេលវេលា (មិនខកខានការពិនិត្យ), កាត់បន្ថយការក្លែងបន្លំ (ករណីខ្ជីកាតបងប្អូន សាច់ញាតិ-មិត្តភក្តិមកប្រើប្រាស់)។

លើសពីនេះ សមាជិកទាំងអស់ អាចទទួលសេវាតាមលំដាប់ (អ្នកមកមុនទទួលសេវាមុន), មន្ទីរពេទ្យមិនចាំបាច់ធ្វើការចុះឈ្មោះម្ដងទៀត, ផ្ដល់ភាពរហ័យដល់ការទូទាត់ដល់មូលដ្ឋានសុខាភិបាល (ពេលភ្ជាប់ប្រព័ន្ធគ្នា)៕
ដោយ៖ ប៊ុនរិទ្ធ





