ឯកឧត្តម នេត្រ ភក្ត្រា៖ សំឡេងនៃភស្តុតាង ឮខ្លាំងជាងសំឡេងនៃការកុហក និងការបដិសេធ
AKP ភ្នំពេញ ថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៦--តាមរយៈសំណេរបង្ហោះតាមបណ្ដាញសង្គមនាព្រឹកថ្ងៃទី៧ សីហានេះ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានគូសបញ្ជាក់ថា ការពិតមិនអាចលុបបំបាត់បានដោយសេចក្តីថ្លែងការណ៍បដិសេធណាមួយឡើយ ព្រោះភស្តុតាងជាក់ស្តែងនៃសកម្មភាពឈ្លានពានប្រដាប់អាវុធរបស់យោធាថៃ នៅលើទឹកដីកម្ពុជា នៅតែបន្តនិយាយដោយខ្លួនឯង។

ឯកឧត្តមរដ្ឋមន្ត្រី សរសេរបន្តថា រណ្តៅគ្រាប់បែកដែលបន្សល់ទុកក្រោយការវាយប្រហារតាមអាកាសដោយយន្តហោះចម្បាំង F-16 និង Gripen, សំណល់គ្រាប់បែកចង្កោម និងគ្រាប់យុទ្ធភណ្ឌផ្សេងៗ, ស្លាកស្នាមនៃការខូចខាតលើប្រាង្គប្រាសាទបុរាណខ្មែរ រួមទាំងប្រាសាទព្រះវិហារ និងប្រាសាទតាក្របី, ផ្ទះសម្បែង និងទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋដែលត្រូវបានបំផ្លិចបំផ្លាញ, ក៏ដូចជាការស្លាប់ និងរបួសរបស់ជនស៊ីវិល គឺជាសាក្សីស្ងៀមស្ងាត់ដែលមិនអាចកែប្រែដោយវោហារសាស្ត្រណាមួយបានឡើយ។

លើសពីនេះ រូបភាព និងឯកសារដែលកត់ត្រាសកម្មភាពលួចយកទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋខ្មែរ ការដាក់តុងតឺន័រ ការរាយលួសបន្លា ការបិទផ្លូវ និងការបង្កើតស្ថានភាព fait accompli នៅតំបន់ដែលមានវិវាទ បន្តបង្ហាញពីផលវិបាកដែលនៅសេសសល់ក្រោយការប្រើប្រាស់កម្លាំងប្រដាប់អាវុធ។

បើតាមឯកឧត្តមរដ្ឋមន្ត្រី«គេអាចបដិសេធរឿរ៉ាវផ្សេងៗ ប៉ុន្តែរណ្តៅគ្រាប់បែកមិនអាចត្រូវបានបដិសេធបានឡើយ។ ការឃោសនាអាចកែប្រែរឿងរ៉ាវ ប៉ុន្តែមិនអាចកែប្រែស្លាកស្នាមនៃការបំផ្លិចបំផ្លាញបានទេ។ សេចក្តីថ្លែងការណ៍អាចបង្វែរការយកចិត្តទុកដាក់ ប៉ុន្តែមិនអាចធ្វើឱ្យជនរងគ្រោះរស់ឡើងវិញ ឬធ្វើឱ្យផ្ទះដែលត្រូវបានបំផ្លាញត្រឡប់មកដូចដើមបានឡើយ»។

ភស្តុតាងទាំងនេះត្រូវតែត្រូវបានរក្សាទុក កត់ត្រា ផ្ទៀងផ្ទាត់ និងបង្ហាញទៅកាន់សហគមន៍អន្តរជាតិ ដើម្បីឱ្យការពិតត្រូវបានការពារ ការទទួលខុសត្រូវត្រូវបានធានា និងដើម្បីកុំឱ្យការប្រើកម្លាំងបង្កើតការពិតថ្មីនៅលើដី ក្លាយជាមធ្យោបាយជំនួសច្បាប់អន្តរជាតិ។

ឯកឧត្តមរដ្ឋមន្ត្រីក្រសួងព័ត៌មានគូសបញ្ជាក់ដោយសង្កត់ធ្ងន់ថា«ការពិតមិនត្រូវការសំឡេងខ្លាំងដើម្បីឈ្នះទេ។ ភស្តុតាងគ្រប់គ្រាន់ ហើយពិភពលោកនឹងវិនិច្ឆ័យ»៕


ដោយ៖ គង់ សិរីរ័ត្ន





