ហឹបប្រធានវិញ្ញាសាបានដឹកជញ្ជូនទៅកាន់បណ្ដារាជធានី/ខេត្ត ដើម្បីត្រៀមសម្រាប់ការប្រឡង សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង៖ ១០ សីហា ២០២៦
AKP ភ្នំពេញ ថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៦–ប្រធានគណៈមេប្រយោគទូទាំងប្រទេស ប្រចាំរាជធានី/ខេត្ត នាព្រឹកព្រលឹមថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២៦នេះ បានមកទទួល ផ្ទៀងផ្ទាត់ និងដឹកជញ្ជូនហឹបប្រធានវិញ្ញាសាទៅកាន់បណ្ដារាជធានី/ខេត្តរៀងៗខ្លួន ដើម្បីត្រៀមសម្រាប់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង៖ ១០ សីហា ២០២៦ ដោយគណៈមេប្រយោគគ្រប់រូបបានអនុវត្តតួនាទីរបស់ខ្លួនប្រកបដោយស្មារតីទទួលខុសត្រូវ ដើម្បីធានាបាននូវដំណើរការប្រឡង គោរពតាមគោលការណ៍ច្បាប់ យុត្តិធម៌ តម្លាភាព និងលទ្ធផលទទួលយកបាន។

បើតាមក្រសួងអប់រំ យុវជន និងកីឡា ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង៖ ១០ សីហា ២០២៦ខាងមុខនេះនឹងមានដំណើរការសំណេរ ប្រព្រឹត្តទៅរយៈពេល ២ថ្ងៃ គឺថ្ងៃទី១០-១១ ខែសីហា ឆ្នាំ២០២៦ ដំណើរការកំណែ ប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៦ ដំណើរការស្រង់ បូកពិន្ទុដោយកុំព្យូទ័រ និងផ្ទៀងផ្ទាត់ពិន្ទុ ប្រព្រឹត្តទៅចាប់ពីថ្ងៃទី២០ ដល់ថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៦ ដំណើរការបោះពុម្ពលទ្ធផលប្រឡង ប្រព្រឹត្តទៅនៅថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៦។ រីឯលទ្ធផលប្រឡងនឹងត្រូវប្រកាសនៅថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២៦ តាមមណ្ឌលសំណេរនៃរាជធានី ខេត្តទាំង២៥ ទូទាំងប្រទេស។

ដើម្បីសម្រួលដល់បេក្ខជនក្នុងការពិនិត្យព័ត៌មានប្រឡង ក្រសួងអប់រំ យុវជន និងកីឡា បានបិទផ្សាយបញ្ជីឈ្មោះបេក្ខជនចំនួន ២លើកគឺ លើកទី១៖ នៅថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២៦ ដើម្បីឱ្យបេក្ខជន
ពិនិត្យ និងស្វែងរកឈ្មោះតាមមណ្ឌលប្រឡង លើកទី២៖ នៅថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២៦ នៅតាមមណ្ឌលប្រឡង ដើម្បីពិនិត្យ និងផ្ទៀងផ្ទាត់ឈ្មោះ មណ្ឌលប្រឡង លេខបន្ទប់ និងលេខតុម្តងទៀត។ជាមួយគ្នានេះ ក្រសួងក៏បានផ្សព្វផ្សាយបញ្ជីអក្ខរក្រមបេក្ខជនតាមគេហទំព័រ និងបណ្តាញសង្គមផ្លូវការរបស់ខ្លួនចាប់ពីថ្ងៃទី០១ ខែសីហា ឆ្នាំ២០២៦ ដើម្បីសម្រួលដល់បេក្ខជនក្នុងការស្វែងរកឈ្មោះ និងមណ្ឌលប្រឡងជាមុនផងដែរ។

សូមជម្រាបថា ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង៖ ១០ សីហា ២០២៦នេះ មានបេក្ខជនចុះឈ្មោះប្រឡងសរុប ១៥១ ២៣៨នាក់ (ស្រី ៨៤ ៧៣៥នាក់) ក្នុងនោះ បេក្ខជនថ្នាក់វិទ្យាសាស្ត្រ មានចំនួន ៣៧ ៤៤៥នាក់ (ស្រី ២២ ១៩៣នាក់) បេក្ខជនថ្នាក់វិទ្យាសាស្ត្រសង្គម មានចំនួន ១១៣ ៧៩៣នាក់ (ស្រី ៦២ ៥៤២នាក់)៕
ដោយ៖ ចាន់ សុភឿន





