ឯកឧត្តម សុខ លូ និងលេខាទី១ ស្ថានទូតជប៉ុន ជួបពិភាក្សាគម្រោង គ្រប់គ្រងសំណល់តាមគោលការណ៍សេដ្ឋកិច្ចវិលជុំ
AKP បាត់ដំបង ថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៦---ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ ដំបង នារសៀលថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៦ បានអញ្ជើញជួបពិភាក្សាការងារជាមួយលោក Kiichi IKEHARA លេខាទី១ ស្ថានទូតជប៉ុនប្រចាំកម្ពុជា ពាក់ព័ន្ធនឹងគម្រោង «ការ គ្រប់គ្រងសំណល់តាមគោលការណ៍សេដ្ឋកិច្ចវិលជុំ ក្នុងខេត្តបាត់ដំបង»។

ក្នុងជំនួបនេះ ភាគីជប៉ុនបានលើកឡើងថា រដ្ឋាភិបាលជប៉ុនមានបំណងផ្តល់ឧបករណ៍កែច្នៃកាកសំណល់ដល់ ខេត្តបាត់ដំបង ដើម្បីលើកកម្ពស់ប្រសិទ្ធភាពនៃការគ្រប់គ្រងសំណល់ កាត់បន្ថយបរិមាណសំរាមត្រូវបោះចោល និងពង្រីកអាយុកាលនៃទីលានចាក់សំរាម ស្របតាមគោលការណ៍សេដ្ឋកិច្ចវិលជុំ។ ឧបករណ៍នេះគ្រោងប្រគល់ឱ្យប្រតិបត្តិករដែលមានសមត្ថភាពគ្រប់គ្រង និងអនុវត្តតាមស្តង់ដារបច្ចេកទេសជប៉ុន ដោយមានកិច្ចសហការជាមួយក្រសួងបរិស្ថាន និងភាគីពាក់ព័ន្ធ។

ក្នុងឱកាសនោះ ឯកឧត្តម សុខ លូ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរដ្ឋាភិបាលជប៉ុន ដែលបានគិតគូរ និងគាំទ្រគម្រោងដ៏មានសារៈសំខាន់នេះ។ គម្រោងនេះនឹងរួមចំណែកធ្វើឱ្យការគ្រប់គ្រងកាកសំណល់នៅខេត្តបាត់ដំបងកាន់តែមានប្រសិទ្ធភាព ពង្រីកអាយុកាលទីលានចាក់សំរាម និងលើកកម្ពស់បរិស្ថានឱ្យកាន់តែស្អាត និងមាននិរន្តរភាព។
ឯកឧត្តម ក៏បានសម្តែងការគាំទ្រយ៉ាងពេញទំហឹង និងសង្ឃឹមថា គម្រោងនេះនឹងអាចដំណើរការជាក់ស្តែងនៅក្នុងខេត្តនាពេលខាងមុខ។

សូមបញ្ជាក់ថា ខេត្តបាត់ដំបងមានទី លានទុកដាក់សំរាម ស្ថិតនៅឃុំតាគ្រាម ស្រុកបាណន់ លើផ្ទៃដីសរុប ២០,៨ ហិកតា។ ទីលាននេះជាគម្រោងដែលទទួលបានហិរញ្ញប្បទានពីធនាគារអភិវឌ្ឍន៍អាស៊ី (ADB) និងត្រូវបានអនុវត្តដោយក្រសួងសាធារណការ និងដឹកជញ្ជូន។ បច្ចុប្បន្ន ទីលានទុកដាក់សំរាមនេះបានសាងសង់រួចរាល់ និងកំពុងដំណើរការប្រើប្រាស់ ដើម្បីគាំទ្រដល់ការគ្រប់គ្រងកាកសំណល់ក្នុងខេត្តបាត់ដំបងប្រកបដោយប្រសិទ្ធភាព ៕
ដោយ ណយ នឿន ,ប្រភព៖រដ្ឋបាលខេត្តបាត់ដំបង





