ឯកឧត្តម អឿង ចន្ថា អញ្ជើញបើកវគ្គបណ្តុះបណ្តាលពង្រឹងសមត្ថភាពមន្ត្រីគណៈកម្មាធិការគ្រប់គ្រងអាងទន្លេខេត្ត លើការរៀបចំផែនការគ្រប់គ្រងអាងស្ទឹង-ទន្លេ ក្នុងខេត្តកំពត
AKP ភ្នំពេញ ថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៦-- ឯកឧត្តមសាស្ត្រាចារ្យបណ្ឌិត អឿង ចន្ថា អនុរដ្ឋលេខាធិការ និងជាប្រធានលេខាធិការដ្ឋានគណៈកម្មាធិការជាតិគ្រប់គ្រងអាងទន្លេនៃ ក្រសួងធនធានទឹក និងឧតុនិយម និង លោក ង៉ាន់ ថារិទ្ធ អភិបាលរងនៃគណៈអភិបាលខេត្តកំពត នាថ្ងៃព្រហស្បតិ៍ទី៦ ខែសីហា ឆ្នាំ២០២៦នេះបានអញ្ជើញដឹកនាំបើកវគ្គបណ្តុះបណ្តាលស្តីពី ការពង្រឹងសមត្ថភាពមន្រ្តីគណៈកម្មាធិការគ្រប់គ្រងអាងទន្លេខេត្ត លើការរៀបចំផែនការគ្រប់គ្រងអាងស្ទឹង-ទន្លេ ក្នុងខេត្តកំពត នៅសាលប្រជុំសាលាខេត្តកំពត ។

ក្នុងឱកាសនោះ ឯកឧត្តមអនុរដ្ឋលេខាធិការ បានបញ្ជាក់ថា វគ្គបណ្តុះបណ្តាលនេះ រៀបចំឡើងក្នុងគោលបំណងពង្រឹងសមត្ថភាពដល់មន្ត្រីថ្នាក់ក្រោមជាតិ ជាពិសេសសមាជិកគណៈកម្មាធិការគ្រប់គ្រងអាងទន្លេខេត្ត តំណាងមន្ទីរ អង្គភាពពាក់ព័ន្ធជុំវិញខេត្ត និងអាជ្ញាធរមូលដ្ឋាន លើការរៀបចំផែនការគ្រប់គ្រងអាងស្ទឹង-ទន្លេ។ ការណ៍នេះ គឺដើម្បីលើកកម្ពស់ការគ្រប់គ្រងធនធានទឹកចម្រុះ និងការប្រើប្រាស់ប្រភពទឹកប្រកបដោយសមធម៌ ប្រសិទ្ធភាព និងនិរន្តរភាព សំដៅឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ និងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចប្រកបដោយ ចីរភាព។

ឯកឧត្តមក៏បានផ្តល់អនុសាសន៍ណែនាំដល់បណ្តាមន្ទីរ អង្គភាពនានាជុំវិញខេត្ត និងអាជ្ញាធរមូលដ្ឋានទាំងអស់ ត្រូវរួមគ្នាចូលរួមសហការ និងគោរពអនុវត្តតាមបទដ្ឋានគតិយុត្តជាធរមានក្នុងការគ្រប់គ្រងអាងទន្លេ ព្រមទាំងបន្តកិច្ចខិតខំប្រឹងប្រែងកសាង និងអភិវឌ្ឍសមត្ថភាពបន្ថែមទៀតក្នុងការរៀបចំផែនការគ្រប់គ្រងអាងទន្លេ ដើម្បីធានាឱ្យបាននូវប្រសិទ្ធភាព និងប្រសិទ្ធផលខ្ពស់ ក្នុងការគ្រប់គ្រងធនធានទឹក និងការអភិវឌ្ឍប្រកបដោយចីរភាព៕


ដោយ ពេជ្រ សំអឿន(ប្រភព៖ក្រសួងធនធានទឹក និងឧតុនិយម)





