ក្រសួងព័ត៌មាន ទទួលបានអាហារូបករណ៍ពីសាកលវិទ្យាល័យចេនឡា ជូនដល់មន្រ្ដីរាជការ ដើម្បីរួមចំណែកលើកកម្ពស់វិស័យអប់រំ និងអភិវឌ្ឍន៍ធនធានមនុស្ស
AKP ភ្នំពេញ ថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៦ -- ក្រសួងព័ត៌មាន បានទទួលអាហារូបករណ៍ពីសាកលវិទ្យាល័យចេនឡា ថ្នាក់បរិញ្ញាបត្ររង និងថ្នាក់បរិញ្ញាបត្រ សម្រាប់ឆ្នាំសិក្សា២០២៦-២០២៧ ដើម្បីរួមចំណែកលើកកម្ពស់វិស័យអប់រំ និងផ្តល់ឱកាសដល់មន្ត្រីរាជការ បុគ្គលិក ព្រមទាំងកូនចៅរបស់មន្ត្រីរាជការ និងបុគ្គលិកដែលមានជីវភាពខ្វះខាត បានបន្តការសិក្សានៅថ្នាក់ឧត្តមសិក្សា សំដៅរួមចំណែកកសាងធនធានមនុស្សប្រកបដោយគុណភាពសម្រាប់ប្រទេសជាតិ។ ការទទួលបានអាហារូបករណ៍នេះ ធ្វើឡើងក្នុងឱកាសដែលឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន ទទួលជួបសម្ដែងការគួរសមជាមួយលោកបណ្ឌិត អ៊ី លីម៉ា សាកលវិទ្យាធិការ នៃសាកលវិទ្យាល័យចេនឡា នាព្រឹកថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៦ នៅទីស្តីការក្រសួងព័ត៌មាន។

ក្នុងជំនួបនោះ លោកបណ្ឌិត អ៊ី លីម៉ា បានបញ្ជាក់ថា ការផ្តល់អាហារូបករណ៍ជូនក្រសួងព័ត៌មាននេះ គឺជាការចូលរួមចំណែករបស់សាកលវិទ្យាល័យចេនឡា ក្នុងការគាំទ្រដល់ការអភិវឌ្ឍវិស័យអប់រំ និងការកសាងធនធានមនុស្ស ដោយបង្កើតឱកាសឱ្យយុវជន និងអ្នកដែលមានបំណងបន្តការសិក្សានៅថ្នាក់ឧត្តមសិក្សា ទទួលបានការអប់រំប្រកបដោយគុណភាព។ លោកបណ្ឌិតបានបង្ហាញក្តីសង្ឃឹមថា អាហារូបករណ៍ទាំងនេះ នឹងជួយសម្រាលបន្ទុកផ្នែកហិរញ្ញវត្ថុដល់ក្រុមគ្រួសាររបស់និស្សិត និងរួមចំណែកផលិតធនធានមនុស្សដែលមានសមត្ថភាពឆ្លើយតបនឹងតម្រូវការអភិវឌ្ឍន៍សង្គម និងសេដ្ឋកិច្ចជាតិ។

ក្នុងឱកាសនោះ ឯកឧត្តម នេត្រ ភក្ត្រា បានថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំសាកលវិទ្យាល័យចេនឡា ដែលបានចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងការលើកកម្ពស់វិស័យអប់រំ តាមរយៈការផ្តល់អាហារូបករណ៍ជូនក្រសួងព័ត៌មាន។ ឯកឧត្តមរដ្ឋមន្ត្រី បានមានប្រសាសន៍ថា ការអប់រំគឺជាគ្រឹះដ៏សំខាន់សម្រាប់ការអភិវឌ្ឍមនុស្ស និងការអភិវឌ្ឍប្រទេសជាតិ ហើយការផ្តល់អាហារូបករណ៍នាពេលនេះ គឺជាកាយវិការដ៏មានអត្ថន័យ ដែលមិនត្រឹមតែជួយសម្រាលបន្ទុកផ្នែកហិរញ្ញវត្ថុប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបើកទ្វារឱកាសឱ្យមន្ត្រីរាជការ បុគ្គលិក និងកូនចៅរបស់ពួកគេដែលមានជីវភាពខ្វះខាត អាចបន្តការសិក្សាថ្នាក់ឧត្តមសិក្សា ពង្រឹងចំណេះដឹង ជំនាញ និងសមត្ថភាព ដើម្បីបំពេញភារកិច្ចបម្រើជាតិ និងប្រជាពលរដ្ឋឱ្យកាន់តែមានប្រសិទ្ធភាព។

ជាមួយគ្នានេះ ឯកឧត្តម នេត្រ ភក្ត្រា បានគូសបញ្ជាក់ទៀតថា ក្រសួងព័ត៌មានតែងតែយកចិត្តទុកដាក់លើការអភិវឌ្ឍធនធានមនុស្ស ដោយជំរុញការបណ្តុះបណ្តាល និងការសិក្សាពេញមួយជីវិត ស្របតាមយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាល ក្នុងការកសាងមូលធនមនុស្សប្រកបដោយគុណភាព និងសមត្ថភាពខ្ពស់។ ឯកឧត្តមរដ្ឋមន្រ្ដីបានបញ្ជាក់បន្ថែមថា ក្រសួងនឹងធ្វើការផ្សព្វផ្សាយអំពីអាហារូបករណ៍នេះឱ្យបានទូលំទូលាយ ដើម្បីឱ្យមន្ត្រីរាជការ បុគ្គលិក និងកូនចៅដែលមានលក្ខខណ្ឌសមស្រប ទទួលបានឱកាសបន្តការសិក្សា និងអភិវឌ្ឍន៍ខ្លួនឱ្យក្លាយជាធនធានមនុស្សប្រកបដោយគុណភាព សម្រាប់បម្រើការអភិវឌ្ឍវិស័យព័ត៌មាន និងប្រទេសជាតិ៕


ដោយ៖ រិទ្ធី, រូបថត៖ ខឹម សុវណ្ណារ៉ា





