ឯកឧត្តម ជា វ៉ាន់ដេត និងឯកអគ្គរាជទូតប៊ែលហ្សិក ពិភាក្សាលើការបណ្តុះបណ្តាលធនធានមនុស្សជំនាញបច្ចេកវិទ្យាឌីជីថលឈានមុខថ្មីៗ
AKP ភ្នំពេញ ថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៦--ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ (ក.ប.ទ.) កាលពីរសៀលថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តមបានទទួលជំនួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយ ឯកឧត្តម Michel Parys ឯកអគ្គរាជទូតនៃព្រះរាជាណាចក្រប៊ែលហ្សិកប្រចាំកម្ពុជា នៅទីស្ដីការ ក.ប.ទ.។

ក្នុងជំនួបនេះ ឯកឧត្តមរដ្ឋមន្រ្តី បានស្វាគមន៍យ៉ាងកក់ក្តៅចំពោះដំណើរទស្សនកិច្ចរបស់ឯកឧត្តម ឯកអគ្គរាជទូត មកកាន់ព្រះរាជាណាចក្រកម្ពុជាក្នុងឱកាសនេះ។ ជាមួយគ្នានេះ ឯកឧត្តមឯកអគ្គរាជទូត បានកោតសរសើរចំពោះសមិទ្ធផលនានាដែលកម្ពុជាសម្រេចបាននាពេលកន្លងមក ក្នុងនោះក៏មានអាកាសយានដ្ឋានអន្តរជាតិតេជោ ដែលមានភាពលេចធ្លោ និងសោភ័ណភាពស្រស់ស្អាត។

ឆ្លៀតក្នុងឱកាសនេះ ឯកឧត្តមរដ្ឋមន្រ្តី និង ឯកឧត្តមឯកអគ្គរាជទូត បានពិភាក្សា និងផ្លាស់ប្តូរយោបល់គ្នាពាក់ព័ន្ធនឹងកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០ ឆ្នាំ២០២៦ និងព្រឹត្តិការណ៍ហ្រ្វង់កូតិច-FrancoTech ដែលកម្ពុជា ធ្វើជាម្ចាស់ផ្ទះរៀបចំ។ ទន្ទឹមនេះ ឯកឧត្តមរដ្ឋមន្រ្តី ក៏បានចែករំលែកអំពីវឌ្ឍនភាពនៃការដាក់ឱ្យប្រើប្រាស់ថ្នាល verify នៅកម្ពុជា និងឈានទៅចែករំលែកជាមួយបណ្តាប្រទេសជាមិត្ត។

ឯកឧត្តមរដ្ឋមន្រ្តី និង ឯកឧត្តមឯកអគ្គរាជទូត ក៏បានពិភាក្សាលើការបណ្តុះបណ្តាលធនធានមនុស្សជំនាញបច្ចេកវិទ្យាឌីជីថលឈានមុខថ្មីៗ និងបានផ្តួចផ្តើមឱ្យមានកិច្ចសហប្រតិបត្តិការផ្ទាល់រវាងបណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា នៃ ក.ប.ទ. និងសាកលវិទ្យាល័យនៅព្រះរាជាណាចក្រប៊ែលហ្សិក ក្នុងការបណ្តុះបណ្តាលធនធានមនុស្ស និងកម្មវិធីផ្លាស់ប្តូរសាស្រ្តចារ្យ ៕
ដោយ ណយ នឿន (ប្រភព៖ក្រសួងប្រៃសណីយ៍)





