អ៊ីរ៉ង់យល់ព្រមបើកផ្លូវច្រកសមុទ្រហ័រមុសជាបណ្តោះអាសន្ន នៅក្នុងកិច្ចព្រមព្រៀងបណ្ដោះអាសន្នជាមួយអូម៉ង់
AKP ភ្នំពេញ ថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២៦ -- យោងតាមទីភ្នាក់ងារសារព័ត៌មាន IRNA បានឱ្យដឹងថា លោក កាហ្សេម ហ្ការីបាបាឌី អនុរដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ បាននិយាយថា នៅក្នុងកិច្ចព្រមព្រៀងជាមួយប្រទេសអូម៉ង់អ៊ីរ៉ង់បានយល់ព្រមបើកផ្លូវមួយនៅក្នុងច្រកសមុទ្រហ័រមុស ដែលនឹងដំណើរការរយៈពេលពីរទៅបួនខែ។
លោកបាននិយាយថា «ផ្លូវនេះ ដែលកំពុងត្រូវបានសម្របសម្រួលជាមួយប្រទេសអូម៉ង់ ត្រូវបានចាត់ទុកថាជាផ្លូវបណ្តោះអាសន្ន ដែលនឹងដំណើរការរយៈពេលពីពីរទៅបួនខែ។ ទោះជាយ៉ាងណាក៏ដោយ នៅក្នុងកិច្ចរចាបច្ចុប្បន្នជាមួយប្រទេសអូម៉ង់ បញ្ហានេះកំពុងត្រូវបានដោះស្រាយតាមរបៀបដែលផ្លូវបណ្តោះអាសន្ននេះអាចនៅតែមានប្រសិទ្ធភាពក្នុងរយៈពេលយូរជាងនេះ»។ លោក ហ្ការីបាបាឌី បានកត់សម្គាល់ថាការសម្រេចចិត្តនេះត្រូវបានជំរុញដោយភាពមិនប្រាកដប្រជា ដោយសារទីក្រុងតេអេរ៉ង់មិនដឹងថា ស្ថានភាពអ្វីដែលខ្លួននឹងជួបប្រទះនាពេលអនាគតនិងថា តើពួកគេនឹងធ្វើឱ្យស្ថានភាពនៅក្នុងផ្លូវទឹកមានលក្ខណៈធម្មតាឬអត់។
នៅពេលមុននេះ អ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់ លោក អេស្ម៊ែល បាហ្កាអី បាននិយាយថា អ៊ីរ៉ង់ និងអូម៉ង់បានព្រមព្រៀងគ្នាទៅលើកូអរដោនេភូមិសាស្ត្រនៃផ្លូវថ្មីមួយឆ្លងកាត់ច្រកសមុទ្រហ័រមុស ហើយសេចក្តីថ្លែងការណ៍រួមមួយអាចត្រូវបានចេញផ្សាយក្នុងពេលឆាប់ៗនេះ៕
ដោយ៖ យា ចិន្ដាខន្ដី (ប្រភព៖ តាសស៍)





