លោកជំទាវ ជ័យ ណារី អ៊ុ រាត្រី ជំរុញប្រជាពលរដ្ឋដាំ និងថែទាំដើមឈើឱ្យរស់គ្រប់ទីកន្លែង ដើម្បីបង្កើតគម្របបរិស្ថានបៃតង និងទប់ស្កាត់ការប្រែប្រួលអាកាសធាតុ
AKP បន្ទាយមានជ័យ ថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៦--ក្នុងពិធីអបអរសាទរបុណ្យរុក្ខទិវា ៩ កក្កដា លោកជំទាវ ជ័យ ណារី អ៊ុ រាត្រី អនុប្រធានកិត្តិយសសាខាសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្តបន្ទាយមានជ័យ បានលើកឡើងយ៉ាងមុតមាំថា ការដាំដើមឈើគ្រាន់តែជាជំហានដំបូងប៉ុណ្ណោះ ប៉ុន្តែអ្វីដែលជាកាតព្វកិច្ចសំខាន់បំផុតគឺការយកចិត្តទុកដាក់ថែទាំឱ្យមានជីវិតរស់រានមានជោគជ័យ ដើម្បីបង្កើតបានជាគម្របបរិស្ថានដ៏រឹងមាំសម្រាប់សង្គមជាតិ។

ប្រសាសន៍គន្លឹះនេះ ត្រូវបានលើកឡើងកំលុងពេលលោកជំទាវ អញ្ជើញជាអធិបតីភាពក្នុង «ពិធីដាំដើមឈើ» កាលពីព្រឹកថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៦ នេះ នៅសហគមន៍ព្រៃឈើជ្រាប់ថ្មី ស្ថិតក្នុងភូមិជ្រាប់ថ្មី ឃុំជប់វារី ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ ដោយមានការអញ្ជើញចូលរួមពីសំណាក់ លោកជំទាវ នួម សុភ័ណ អ្នកតំណាងរាស្ត្រមណ្ឌលខេត្តបន្ទាយមានជ័យ លោកស្រី មុំ ពុទ្ធីតា អភិបាលរងខេត្ត ព្រមទាំងក្រុមការងារសមាគមនារី និងអាជ្ញាធរដែនដីយ៉ាងច្រើនកុះករ។

ក្នុងឱកាសនោះ លោកជំទាវអនុប្រធានកិត្តិយស បានអំពាវនាវចំៗដល់ប្រជាពលរដ្ឋ និងគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ឱ្យរួមគ្នាចលនាសកម្មភាពដាំដើមឈើឱ្យបានផុលផុសបំផុតនៅគ្រប់ទីកន្លែង ដោយមិនត្រូវមានការរើសអើងទីតាំងនោះឡើយ មិនថានៅតាមដងផ្លូវ សាលារៀន វត្តអារាម មូលដ្ឋានសហគមន៍ ក៏ដូចជាដីឡូត៍ឯកជនផ្ទាល់ខ្លួន។

«ការដាំដើមឈើគឺជារឿងមួយ ប៉ុន្តែអ្វីដែលសំខាន់ជាងនេះទៅទៀត គឺការយកចិត្តទុកដាក់ថែទាំឱ្យបានលូតលាស់ល្អ។ យើងមិនត្រូវដាំរួចហើយបោះបង់ចោលនោះទេ ព្រោះកូនឈើត្រូវការទឹក ការការពារ និងការស្រោចស្រពទើបអាចធំធាត់ក្លាយជាម្លប់ ពិតប្រាកដ»។ នេះជាការបញ្ជាក់បន្ថែមរបស់លោកជំទាវ ជ័យ ណារី អ៊ុ រាត្រី។

លោកជំទាវបានគូសបញ្ជាក់ជាថ្មីថា ការបង្កើតឱ្យមានបរិស្ថានបៃតងនៅមូលដ្ឋាន មិនត្រឹមតែជួយស្រូបយកឧស្ម័នពុលប៉ុណ្ណោះទេ ប៉ុន្តែវាថែមទាំងចូលរួមចំណែកយ៉ាងសកម្មក្នុងការទប់ស្កាត់ការប្រែប្រួលអាកាសធាតុសកល ផ្តល់ខ្យល់អាកាសបរិសុទ្ធដល់សុខភាពសាធារណៈ និងលើកម្ពស់សោភ័ណភាពក្នុងខេត្តបន្ទាយមានជ័យឱ្យកាន់តែមានភាពទាក់ទាញ ស្រស់បំព្រង និងគួរឱ្យចង់រស់នៅសម្រាប់មនុស្សគ្រប់រូប៕

ដោយ ឈុន សារ៉ាត





