លោកអភិបាលស្រុកស្ទោង៖ ការចូលរួមរបស់យុវជន អាជ្ញាធរមូលដ្ឋាន ព្រះសង្ឃ លោកអាចារ្យ គណៈកម្មការ និងប្រជាពលរដ្ឋ ក្នុងការដាំដើមឈើ ជាចំណែកនៃការលើកកម្ពស់សោភ័ណភាព និងបរិស្ថាន
AKP កំពង់ធំ ថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៦-- លោកសាយ គឹមឡមអភិបាលស្រុកស្ទោងបានលើកឡើងថា ការចូលរួមរបស់យុវជន អាជ្ញាធរមូលដ្ឋាន ព្រះសង្ឃ លោកអាចារ្យ គណៈកម្មការ និងប្រជាពលរដ្ឋក្នុងការដាំដើមឈើ ជាចំណែកនៃការលើកកម្ពស់សោភ័ណភាព និងបរិស្ថាន។លោក សាយ គឹមឡមបានមានប្រសាសន៍លើកឡើងដូច្នេះនៅក្នុងពិធីដាំដើមឈើដើមអមសងខាងផ្លូវថ្មីចូលទៅកាន់វត្តទួលព្រះធាតុ(វត្តភ្លង)នាព្រឹកថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២៦។

លោកអភិបាលស្រុកសង្កត់ធ្ងន់ថាការដាំដើមឈើនៅថ្ងៃនេះគឺជាការបន្ថែមគម្របបៃតងជួយឱ្យតំបន់នោះមានខ្យល់អាកាសបរិសុទ្ធ មានម្លប់ត្រជាក់និងកែលម្អទិដ្ឋភាពទូទៅឱ្យកាន់តែស្រស់បំព្រង ព្រោះដើមឈើទាំងនេះបានចូលរួម និងមានតួនាទីយ៉ាងសកម្មក្នុងការស្រូបយកឧស្ម័នកាបូនិច ដែលជាផ្នែកមួយនៃការឆ្លើយតបទៅនឹងការឡើងកម្ដៅនៃបរិយាកាសសកល។

លោកអភិបាលស្រុកបានបញ្ជាក់ថា សកម្មភាពរួមគ្នាជាគំរូដ៏ល្អក្នុងការបណ្តុះស្មារតីសាមគ្គីភាព និងបង្កើនស្មារតីទទួលខុសត្រូវចំពោះបរិស្ថានក្នុងស្រទាប់មហាជន ជាពិសេសសិស្សានុសិស្ស និងយុវជន។លោកបានជំរុញបន្ថែមទៀតដល់គ្រប់ស្រទាប់មហាជន យុវសិស្ស និងពុទ្ធបរិស័ទចំណុះជើងវត្តត្រូវខិតខំរួបរួមសហការគ្នាក្នុងការរួមថែរក្សា ការពារ និងស្រោចទឹកឱ្យដុះលូតលាស់គង់វង្ស ជាស្មារតីម្ចាស់ការ ដើម្បីទុកជាសម្បត្តិរួមរហូតដល់ជំនាន់ក្រោយ។

លោក សាយ គឹមឡម អភិបាលស្រុកស្ទោងបានគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតដល់ឯកឧត្តម ថោ ជេដ្ឋា ប្រធានក្រុមការងារចុះមូលដ្ឋានស្រុកស្ទោង ព្រមទាំងលោក ផាង វី ប្រធានក្រុមការងារចុះមូលដ្ឋានឃុំទ្រា ដែលបានកសាងផ្លូវ និងប្រឡាយថ្មីភ្ជាប់ពីមូលដ្ឋានទៅកាន់វត្តទួលព្រះធាតុ(វត្តភ្លង)សម្រាប់ប្រជាពុទ្ធបរិស័ទធ្វើដំណើរទៅធ្វើទៅបំពេញបុណ្យនៅក្នុងវត្តអារាមប្រកបដោយសុវត្ថិភាពនិងឆាប់រហ័ស។

សូមបញ្ជាក់ថា ដើមឈើដែលដាំនៅក្នុងឱកាសនេះមានចំនួន៤៨៥ដើមជាប្រភេទឈើ ធ្នង់ គគី ក្ងោក និងឈើហូបផ្លែ នៅលើផ្លូវថ្មីប្រវែង ១.៣០០ម៉ែត្រជាអំណោយរបស់ឯកឧត្តម ថោ ជេដ្ឋា ប្រធានក្រុមការងារចុះមូលដ្ឋានស្រុកស្ទោង៕
ដោយ ស៊ុម វណ្ណា





