ប្រធានក្រុមប្រឹក្សាខេត្តបន្ទាយមានជ័យជំរុញឱ្យពង្រឹងប្រសិទ្ធភាពការងាររដ្ឋបាល និងតម្លាភាពក្នុងការផ្តល់សេវាជូនប្រជាពលរដ្ឋ
AKP បន្ទាយមានជ័យ ថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៦--នៅក្នុងកិច្ចប្រជុំសាមញ្ញលើកទី២៧ អាណត្តិទី៤ នាព្រឹកថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៦ នេះ ឯកឧត្តម ប្លែក វ៉ារី ប្រធានក្រុមប្រឹក្សាខេត្តបន្ទាយមានជ័យបានដាក់ចេញនូវអនុសាសន៍ណែនាំយ៉ាងម៉ឺងម៉ាត់ជំរុញឱ្យមន្ត្រីរាជការ អាជ្ញាធរ និងសមត្ថកិច្ចគ្រប់ជាន់ថ្នាក់ ទូទាំងរដ្ឋបាលខេត្ត បង្កើនការយកចិត្តទុកដាក់ខ្ពស់លើការកែលម្អប្រសិទ្ធភាពការងាររដ្ឋបាល និងធានានូវតម្លាភាពក្នុងការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋឲ្យកាន់តែមានគុណភាព និងទំនុកចិត្តខ្ពស់។
កិច្ចប្រជុំដឹកនាំដោយ ឯកឧត្តម ប្លែក វ៉ារី និងមានការអញ្ជើញចូលរួមពី លោក ឈឿន ក្រៃយ៉ុង អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម អ៊ុ រាត្រី អភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ ព្រមទាំងសមាជិក សមាជិកាក្រុមប្រឹក្សាខេត្ត ប្រធាន-អនុប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត និងមន្ត្រីពាក់ព័ន្ធជាច្រើនរូប។

ថ្លែងទៅកាន់អង្គប្រជុំ ឯកឧត្តម ប្លែក វ៉ារី បានគូសបញ្ជាក់ថា កិច្ចប្រជុំសាមញ្ញនេះមិនត្រឹមតែជាកាតព្វកិច្ចតាមផ្លូវច្បាប់ប៉ុណ្ណោះទេ ប៉ុន្តែគឺជា យន្តការប្រជាធិបតេយ្យយ៉ាងសំខាន់ ក្នុងការស្វែងរកភាពចន្លោះប្រហោង និងលើកកម្ពស់គណនេយ្យភាពការងារ។កិច្ចប្រជុំសាមញ្ញនាពេលនេះ គឺជាយន្តការប្រជាធិបតេយ្យយ៉ាងសំខាន់ ក្នុងការពិនិត្យមើលភាពចន្លោះប្រហោង ក៏ដូចជាបង្កើនប្រសិទ្ធភាពការងាររបស់រដ្ឋបាលខេត្តឱ្យកាន់តែមានភាពឆ្លើយតប ទាន់ពេលវេលា និងមានតម្លាភាពខ្ពស់ក្នុងការបម្រើផលប្រយោជន៍ជូនប្រជាពលរដ្ឋនៅក្នុងខេត្តទាំងមូល។
ឯកឧត្តមបានបន្ថែមថា ការពិនិត្យ និងអនុម័តលើរបាយការណ៍ប្រចាំខែកក្កដា និងរបាយការណ៍ប្រចាំឆមាសទី១ ឆ្នាំ២០២៦ គឺជាកញ្ចក់ឆ្លុះបញ្ចាំងពីកិច្ចខិតខំប្រឹងប្រែងរួមគ្នា ដែលទាមទារឱ្យមានការចូលរួមផ្តល់មតិយោបល់យ៉ាងស៊ីជម្រៅ ដើម្បីរុញច្រានចរន្តអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គមក្នុងខេត្តឱ្យកាន់តែមានសន្ទុះខ្លាំងក្លា។

ជាមួយនោះដែត លោក ឈឿន ក្រៃយ៉ុង អភិបាលរងខេត្ត បានសម្តែងនូវការប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងនាមគណៈអភិបាលខេត្ត ក្នុងការទទួលយកអនុសាសន៍ និងសេចក្តីសម្រេចទាំងឡាយទៅអនុវត្តឱ្យលេចចេញជាលទ្ធផលជាក់ស្តែង។
លោកបានគូសបញ្ជាក់បន្ថែមថា រដ្ឋបាលខេត្តនៅតែបន្តផ្តោតការយកចិត្តទុកដាក់ខ្ពស់លើការកែលម្អគុណភាពនៃការផ្តល់សេវារដ្ឋបាល។ ការបែងចែកប្រាក់រង្វាន់លើកទឹកចិត្តដែលបានមកពីការផ្តល់សេវារដ្ឋបាល និងការអនុវត្តថវិកាពង្រឹងយន្តការរដ្ឋបាល គឺជាកាតាលីករមួយយ៉ាងសំខាន់ក្នុងការលើកកម្ពស់ស្មារតីម្ចាស់ការ និងការទទួលខុសត្រូវរបស់មន្ត្រី-បុគ្គលិក ដើម្បធានាថា ប្រជាពលរដ្ឋទទួលបានសេវាសាធារណៈដោយភាពរហ័ស ងាយស្រួល និងមានទំនុកចិត្តខ្ពស់។

នៅក្នុងកិច្ចប្រជុំសាមញ្ញលើកទី២៧ អាណត្តិទី៤នេះ អង្គប្រជុំបានពិភាក្សា និងសេចក្តីព្រាងរបៀបវារៈ នៃកិច្ចប្រជុំសាមញ្ញលើកទី២៧ អាណត្តិទី៤ របស់ក្រុមប្រឹក្សាខេត្ត។សេចក្តីព្រាងកំណត់ហេតុ កិច្ចប្រជុំសាមញ្ញលើកទី២៦ អាណត្តិទី៤ របស់ក្រុមប្រឹក្សាខេត្ត។សេចក្តីព្រាងរបាយការណ៍ប្រចាំខែកក្កដា ឆ្នាំ២០២៦ របស់រដ្ឋបាលខេត្ត។សេចក្តីព្រាងរបាយការណ៍ប្រចាំឆមាសទី១ ឆ្នាំ២០២៦ របស់រដ្ឋបាលខេត្ត។
សេចក្តីព្រាងតារាងបែងចែកប្រាក់រង្វាន់លើកទឹកចិត្ត ដែលបានមកពីការផ្តល់សេវារដ្ឋបាល សម្រាប់ឧបត្ថម្ភជូនមន្ត្រី-បុគ្គលិករដ្ឋបាលខេត្ត ប្រចាំខែកក្កដា ឆ្នាំ២០២៦ ព្រមទាំងថវិកាពង្រឹងយន្តការរដ្ឋបាល និងបញ្ហាផ្សេងៗ។

កិច្ចប្រជុំនេះទទួលបានលទ្ធផលផ្លែផ្កាជាវិជ្ជមាន និងបានបង្ហាញពីស្មារតីសហការយ៉ាងរឹងមាំរវាងក្រុមប្រឹក្សាខេត្ត និងគណៈអភិបាលខេត្ត ក្នុងការបន្តរុញច្រានការអភិវឌ្ឍខេត្តបន្ទាយមានជ័យឱ្យកាន់តែរីកចម្រើន និងឆ្លើយតបបានយ៉ាងសក្តិសមទៅនឹងតម្រូវការរបស់ប្រជាពលរដ្ឋ៕
ដោយ ឈុន សារ៉ាត





