ឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន ប្រគល់ម៉ាស៊ីនផលិតអ៊ុកស៊ីហ្ស៊ែនខ្នាតតូច និងសម្ភារ:បរិក្ខាពេទ្យមួយចំនួនដល់មន្ទីរសុខាភិបាលខេត្តកំពង់ឆ្នាំង
AKP កំពង់ឆ្នាំង ថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៦-- ឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន ទេសរដ្ធមន្រ្តីទទូលបន្ទុកបេសកកម្មពិសេស បាននាំយកម៉ាស៊ីនផលិតអ៊ុកស៊ីហ្ស៊ែនខ្នាតតូច និងសម្ភារ:បរិក្ខាពេទ្យផ្ដល់ជូនមន្ទីរសុខាភិបាលខេត្តកំពង់ឆ្នាំង កាលពីថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៦។ពិធីនេះដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម ស៊ីវ រុន ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្ត ឯកឧត្តម លោកជំទាវ អ្នកតំណាងរាស្រ្ត ថ្នាក់ដឹកនាំខេត្ត លោក លោកស្រីមន្ទីរស្ថាប័នពាក់ព័ន្ធជុំវិញខេត្ត អភិបាលក្រុង ស្រុក ព្រមទាំងថ្នាក់ដឹកនាំមន្រ្តីរាជការនៃមន្ទីរសុខាភិបាលជាច្រើននាក់ផងដែរ ។

ក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើ សួរសុខទុក្ខរបស់សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជានាចក្រកម្ពុជាដល់បងប្អូនមន្ត្រីសុខាភិបាលខេត្ត និងប្រជាពលរដ្ឋដែលមានបញ្ហាខ្វះខាតអុកស៊ីហ្ស៊ែនជួយសង្រ្គោះអ្នកជំងឺ និងអ្នកជំងឺទូទៅផ្សេងៗ លែងជួបបញ្ហាប្រឈមទៀត គ្រាដែលបច្ចុប្បន្នពេលអស់អុកស៊ីហ្ស៊ែនត្រូវដឹកជញ្ចូនទៅរាជធានីភ្នំពេញ ដើម្បីដោះដូរសង្គ្រោះភ្លាមៗ។

ទន្ទឹមនឹងនេះឯកឧត្តមបណ្ឌិតសភាចារ្យបានបន្តទៀតថា ក្រុមវេជ្ជសាស្ត្រផ្តល់ការអប់រំផ្នែកសុខភាពបន្ថែមជូនដល់ប្រជាពលរដ្ឋទាំងអស់ដែលអញ្ជើញមកទទួលសេវាព្យាបាល ជាមោទនៈភាពយ៉ាងក្រៃលែងដែលប្រជាពលរដ្ឋទាំងអស់បានអញ្ជើញមកទទួលការពិនិត្យ និងព្យាបាលជំងឺបង្ហាញនូវភាពជឿជាក់នូវការព្យាបាលផ្នែកវិទ្យាសាស្ត្រ ព្រោះកន្លងមកមានអ្នកជម្ងឺមួយចំនួនជឿលើការបន់ស្រន់ ជាទំនាមទំលាប់មួយ តែទោះជាយ៉ាងណាក៏ដោយផ្នែកវិជ្ជសាស្ត្រអាចជួយសង្គ្រោះយើងបានទាន់ពេលវេលា។

ក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន បានកត់សម្គាល់ទៀតថា សុខភាពមាតាទារក និងកុមារជាសក្ខីភាពបញ្ជាក់ពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលក្នុងការខិតខំបន្តដើម្បីសម្រេចគោលដៅអភិវឌ្ឍដែលសំដែងនូវឆន្ទៈខ្ពស់ក្នុងការបន្តរួមចំណែកការងារលើកកម្ពស់សុខភាពស្ត្រីកុមារ និងទារកនៅក្នុងព្រះរាជាណាចក្រកម្ពុជា ជាពិសេសការកាត់បន្ថយអត្រាស្លាប់របស់មាតា និងទារកនៅពេលកំពុងសម្រាលកូន និងក្រោយពេលសម្រាលកូន។ យកចិត្តទុកដាក់ឱ្យបានស៊ីជម្រៅថែមទៀតដល់ការបណ្តុះបណ្តាលជំនាញពេទ្យឆ្មប និងលើកកម្ពស់សីលធម៌ល្អក្នុងការសង្គ្រោះ និងសំដែងនូវឆន្ទៈខ្ពស់ក្នុងការបន្តរួមចំណែកការងារលើកកម្ពស់សុខភាពបន្ទាន់ផ្នែកសម្ភព និងការថែទាំទារកផងដែរ៕

ដោយ បៃ ស៊ីថុន





