អភិបាលខេត្តកណ្តាលសម្តែងការព្រួយបារម្ភយ៉ាងខ្លាំងចំពោះការកើនឡើងបញ្ហាជំងឺគ្រុនឈាម
AKP កណ្តាល ថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៦--ឯកឧត្តម គួច ចំរើន អភិបាលខេត្តកណ្តាល បានសម្តែងការព្រួយបារម្ភយ៉ាងខ្លាំងចំពោះការកើនឡើងបញ្ហាជំងឺគ្រុនឈាម ដោយទាមទារការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ទាំងអាជ្ញាធរមូលដ្ឋាន មន្ត្រីសុខាភិបាល និងប្រជាពលរដ្ឋផ្ទាល់។

ការលើកឡើងនេះ បានធ្វើឡើងក្នុងឱកាសដែលឯកឧត្តម គួច ចំរើន រួមជាមួយ ឯកឧត្តម នូ សាខន ប្រធានក្រុមប្រឹក្សាខេត្តកណ្ដាល និងឯកឧត្តម ចៅ សម្បត្តិ អនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកលើកដែក អញ្ជើញជាគណៈអធិបតី ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការស្ពាន បេតុង និងលូ ស្ថិតនៅភូមិកោះចំរើន ឃុំកំពង់ភ្នំ ស្រុកលើកដែក នៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៦ ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តមលោក-ជំទាវអភិបាលរងខេត្តមន្ទីរអង្គភាពជុំវិញខេត្ត អាជ្ញាធរស្រុក និងប្រជាពលរដ្ឋ សិស្សានុសិស្សជាច្រើនរូប ។

បញ្ហាជំងឺគ្រុនឈាមនេះ ឯកឧត្តមបានណែនាំឱ្យ មន្ទីរសុខាភិបាលខេត្ត និងអាជ្ញាធរមូលដ្ឋាន ត្រូវចុះបាញ់ថ្នាំសម្លាប់មូសឱ្យចំគោលដៅនៅតំបន់ដែលមានការឆ្លង ព្រមទាំងជំរុញឱ្យប្រជាពលរដ្ឋលុបបំបាត់ទឹកដក់ដែលជាជម្រើសរបស់មុខខ្លា ដាក់ថ្នាំអាបែតក្នុងពាង និងធុងទឹក និងអនុវត្តវិធានការបង្ការជាប្រចាំ ដើម្បីកាត់ផ្តាច់ការរាតត្បាតនៃជំងឺគ្រុនឈាម ៕
ដោយ ណយ នឿន (ប្រភព៖រដ្ឋបាលខេត្តកណ្តាល)





