ក្នុងមួយថ្ងៃ ទឹកកខ្វក់ជាង ៧ម៉ឺនម៉ែត្រគូបត្រូវបានទប់ស្កាត់មិនឱ្យបំពុលបរិស្ថាន និងប្រភពទឹកធម្មជាតិ
AKP ភ្នំពេញ ថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២៦ — ក្រសួងបរិស្ថាន បាននិងកំពុងចាត់វិធានការយ៉ាងសកម្ម ក្នុងការទប់ស្កាត់ការបញ្ចេញទឹកកខ្វក់ពីរោងចក្រ សហគ្រាស និងប្រភពបំពុលផ្សេងៗ ដោយបានឃាត់ និងទប់ស្កាត់ទឹកកខ្វក់ ក្នុងខែកក្កដា ឆ្នាំ២០២៦ បានចំនួន ២.២៧០.២៨៥ម៉ែត្រគូបមិនឱ្យហូរចូលទៅក្នុងប្រភពទឹកធម្មជាតិ។

ជាមួយគ្នានេះ ក្រសួងបរិស្ថានបាននិងគ្រប់គ្រងទឹកកខ្វក់មិនឱ្យបញ្ចេញទៅក្រៅពីទីតាំងអាជីវកម្មនានា ចំនួន ៧៣.២៣៥ម៉ែត្រគូប ទៅប៉ះពាល់ប្រភពទឹកសាធារណៈ និងធម្មជាតិនៅទូទាំងប្រទេស។ លទ្ធផលសម្រេចបាននាពេលនេះ កើតចេញពីកិច្ចខិតខំប្រឹងប្រែងរបស់ក្រសួងបរិស្ថាន ដែលបាននិងកំពុងអនុវត្តច្បាប់ ទប់ស្កាត់ការបំពុលបរិស្ថាន ធានាសុខភាពរបស់ប្រជាពលរដ្ឋឱ្យរស់នៅបានល្អប្រសើរ និងសម្រេចបានក្រោមយុទ្ធសាស្ត្រចក្រាវិស័យបរិស្ថាន លើសសរស្តម្ភទី១ ផ្តោតលើភាពស្អាត (ទឹក ដី មេឃ)។

លើសពពីនេះ ក្រសួងបរិស្ថាន សូមថ្លែងអំណរគុណដល់ម្ចាស់ក្រុមហ៊ុន រោងចក្រ និងសហគ្រាស ដែលបានសហការអនុវត្តច្បាប់ បំពាក់ឧបករណ៍ស្វ័យប្រវត្តិតាមដានសំណល់រាវ និងចូលរួមកាត់បន្ថយការបញ្ចេញទឹកកខ្វក់ចូលក្នុងប្រភពទឹកធម្មជាតិ សំដៅការពារសុខភាពប្រជាពលរដ្ឋ និងរក្សាភាពស្អាតនៅកម្ពុជា។
គួរបញ្ជាក់ថា ក្រុមហ៊ុន រោងចក្រ និងសហគ្រាសចំនួន ៦៤ទីតាំងបានបំពាក់ឧបករណ៍ស្វ័យត្រួតពិនិត្យការបញ្ចេញសំណល់រាវ ដូចមានកំណត់ក្នុង មាត្រា១៧៨ នៃក្រមបរិស្ថាន និងធនធានធម្មជាតិ។ គិតចាប់ពីខែមករាឆ្នាំ២០២៥ រហូតដល់ដំណាច់ខែកក្កដា ឆ្នាំ២០២៦ ក្រសួងបរិស្ថាន បានទប់ស្កាត់ការបញ្ចេញទឹកកខ្វក់ពីក្រុមហ៊ុន រោងចក្រ និងសហគ្រាស សរុបចំនួន ជាង ៣៥លានម៉ែត្រគូប (៣៥.២៣៥.០០៣ម៉ែត្រគូប) មិនឱ្យហូរចូលប្រភពទឹកធម្មជាតិ។ ដោយឡែកក្នុងរយៈពេល ៧ខែ (មករា- កក្កដា) ឆ្នាំ២០២៦ នេះ ទឹកកខ្វក់ចំនួនជាង ១៥.១៦០.៧៣០ម៉ែត្រគូប ត្រូវបានត្រួតពិនិត្យ និងទប់ស្កាត់មិនឱ្យបំពុលបរិស្ថាន៕

ដោយ៖ មករា





