រយៈពេល ៦ខែឆ្នាំ២០២៦ ជនបរទេសជាង ១ពាន់នាក់បានដាក់ពាក្យសុំរៀបអាពាហ៍ពិពាហ៍ជាមួយពលរដ្ឋខ្មែរ
AKP ភ្នំពេញ ថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២៦ — រយៈពេល ៦ខែដើមឆ្នាំ២០២៦ នេះ នាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានសម្ភាសន៍ជនបរទេសសរុប ១.១៥៤នាក់ (ស្រី៥២នាក់) មាន ៣៦សញ្ជាតិ ដែលបានដាក់ពាក្យសុំចុះបញ្ជីរៀបអាពាហ៍ពិពាហ៍ជាមួយពលរដ្ឋខ្មែរ។

បើយោងតាមរបាយការណ៍របស់នាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានឱ្យដឹងដែរថាក្នុងរយៈពេលដូចគ្នានេះ នាយកដ្ឋានបានវាយតម្លៃបញ្ជូនទៅក្រុមការងារចម្រុះច្រកចេញ-ចូលតែមួយចំនួន ១.១៦៩នាក់ (ស្រី៤៣នាក់) ដើម្បីបន្តនិតីវិធីពិនិត្យ។ ការណ៍នេះដែរ ដើម្បីធានាថា ការរៀបអាពាហ៍ពិពាហ៍ ប្រព្រឹត្តទៅដោយស្របច្បាប់ និងទប់ស្កាត់ការជួញដូរមនុស្សក្រោមរូបភាពអាពាហ៍ពិពាហ៍។
គួរបញ្ជាក់ថា បើយោងតាមអនុក្រឹត្យស្តីពី «ការកំណត់បែបបទ និងនីតិវិធីនៃការរៀបអាពាហ៍ពិពាហ៍រវាងពលរដ្ឋខ្មែរ និងជនបរទេស» ជនបរទេសដែលចង់រៀបអាពាហ៍ពិពាហ៍ជាមួយពលរដ្ឋខ្មែរ ត្រូវមានវត្តមានផ្ទាល់នៅកម្ពុជា ដោយភ្ជាប់មកជាមួយនូវលិខិតឆ្លងដែនមានទិដ្ឋាការសុពលភាព លិខិតបញ្ជាក់ភាពនៅលីវ មេម៉ាយ ពោះម៉ាយ លិខិតថ្កោលទោស លិខិតបញ្ជាក់មុខរបរ (ចេញដោយប្រទេសសាមី) និងលិខិតបញ្ជាក់សុខភាព។ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ព្រមទាំងក្រសួងមហាផ្ទៃកម្ពុជា នឹងធ្វើការពិនិត្យ និងវាយតម្លៃសំណុំឯកសារក្នុងរយៈពេលយ៉ាងយូរ ៥ថ្ងៃ នៃថ្ងៃធ្វើការ។
បន្ទាប់ពីឆ្លងកាត់ការពិនិត្យ ភាគីទាំងពីរត្រូវដាក់ពាក្យសុំនៅសាលាឃុំ-សង្កាត់នៃលំនៅដ្ឋានអចិន្ត្រៃយ៍ខាងភាគីខ្មែរ ដោយភ្ជាប់មកជាមួយនូវសំបុត្រកំណើត លិខិតបញ្ជាក់ភាពនៅលីវ មេម៉ាយ ពោះម៉ាយ និងលិខិតបញ្ជាក់សុខភាព។ មន្ត្រីអត្រានុកូលដ្ឋានឃុំ-សង្កាត់នឹងពិនិត្យ និងសម្រេចក្នុងរយៈពេល ៣ថ្ងៃ នៃថ្ងៃធ្វើការ រួចរៀបចំប័ណ្ណប្រកាសអាពាហ៍ពិពាហ៍ ដើម្បីបិទផ្សាយជាសាធារណៈរយៈពេល ១០ថ្ងៃ នៅស្ថានទូត ឬស្ថានតំណាងនៃប្រទេសសាមីខ្លួនជនបរទេស និងនៅសាលាឃុំ-សង្កាត់។
ប្រសិនបើផុតរយៈពេលបិទប្រកាសដោយគ្មានការប្តឹងតវ៉ា ឬជំទាស់ទេ សាមីខ្លួនទាំងពីរអាចរៀបអាពាហ៍ពិពាហ៍ជាមួយគ្នាបាន។ ទន្ទឹមនេះ ក៏ត្រូវមកចុះកិច្ចសន្យា និងចុះបញ្ជីអាពាហ៍ពិពាហ៍ដោយផ្ទាល់នៅចំពោះមុខមន្ត្រីអត្រានុកូលដ្ឋានឃុំ-សង្កាត់ ដោយនាំមកជាមួយនូវសាក្សីគ្រប់អាយុការ ២រូប ទើបអាពាហ៍ពិពាហ៍នោះមានអនុភាពពេញលេញតាមច្បាប់៕
ដោយ៖ មករា





