អាជ្ញាធររាជធានីភ្នំពេញបន្តស្តារប្រឡាយ និងប្រព័ន្ធលូជាអាទិភាពនៅខណ្ឌទួលគោក ដើម្បីរំដោះជំនន់ទឹកភ្លៀង
AKP ភ្នំពេញ ថ្ងៃ០៥ ខែសីហា ឆ្នាំ២០២៦ -- ក្រុមជំនាញអាជ្ញាធររាជធានីភ្នំពេញ បានបន្តចុះស្តារប្រឡាយ និងប្រព័ន្ធលូជាអាទិភាពនៅក្នុងភូមិសាស្ត្រខណ្ឌទួលគោក ក្រោយពីធ្វើសកម្មភាពស្តារប្រព័ន្ធលូនៅភូមិសាស្ត្រខណ្ឌដូនពេញ ខណ្ឌចំការមន និងខណ្ឌ៧មករា បន្ទាប់ពីបានស្តារប្រព័ន្ធលូ ស្តារប្រឡាយជាច្រើនខ្សែ និងស្ថាបនាស្ថានីយ៍បូមទឹកជាបន្តបន្ទាប់នៅខណ្ឌឬស្សីកែវ ខណ្ឌដង្កោ និងខណ្ឌសែនសុខ។
ការងារស្ដាប្រព័ន្ធលូ ប្រឡាយនេះ ស្ថិតក្នុងផែនការត្រៀមរំដោះជំនន់ទឹកភ្លៀង ដើម្បីបញ្ចៀសការជន់លិចផ្ទះសម្បែង និងហេដ្ឋារចនាសម្ព័ន្ធនានាក្នុងរដូវវស្សានេះ។

ជាក់ស្ដែង នៅព្រឹកថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២៦ ក្រុមការងារដឹកនាំផ្ទាល់ដោយលោក ឯក ឃុនដឿន អភិបាលរងរាជធានីភ្នំពេញ តំណាងឱ្យអភិបាលរាជនីភ្នំពេញ បានចុះស្តារប្រឡាយ និងប្រព័ន្ធលូជាអាទិភាពនៅក្នុងភូមិសាស្ត្រខណ្ឌទួលគោកជាច្រើនខ្សែបន្តទៀត។
នាឱកាសនោះ លោក ឯក ឃុនដឿន បានឱ្យដឹងថា ការស្តារប្រឡាយ និងប្រព័ន្ធលូក្នុងខណ្ឌទួលគោកនេះ រួមមាន ស្តាប្រឡាយចំនួន ៣ខ្សែ ប្រវែងសរុប ២.៧៦០ម៉ែត្រ ក្នុងនោះមានស្តារប្រឡាយបឹងសាឡាង ប្រវែង ៩២០ម៉ែត្រ ស្ថិតក្នុងសង្កាត់បឹងសាឡាង ប្រឡាយអាងស្តុកទឹកស្ថានីយទួលគោកទី១ ប្រវែង ១.១០០ម៉ែត្រ ស្ថិតក្នុងសង្កាត់បឹងកក់ទី២ និងប្រឡាយអាងស្តុកទឹកស្ថានីយទួលគោកទី២ ប្រវែង ៧៤០ម៉ែត្រ ស្ថិតក្នុងសង្កាត់បឹងកក់ទី១។ ស្តារលូផ្លូវលេខ២៤៥ ចាប់ពីផ្លូវលេខ១៨២ ដល់ផ្លូវលេខ២៣០ ស្ថិតក្នុងសង្កាត់ផ្សារដេប៉ូទី១ សង្កាត់ទឹកល្អក់ទី៣ និងសង្កាត់ផ្សារដើមគរ ប្រវែង ១.០៤០ម៉ែត្រ។ ស្តារលូផ្លូវលេខ៣៣៦ ចាប់ពីផ្លូវលេខ២១៥ ដល់ផ្លូវលេខ២៦១ ក្នុងសង្កាត់ផ្សារដើមគរ និងសង្កាត់បឹងសាឡាង ប្រវែង ១.៧២០ម៉ែត្រ។ ស្តារលូផ្លូវលេខ១៨២ ចាប់ពីផ្លូវលេខ២១៥ ដល់ផ្លូវលេខ២៤៥ ក្នុងសង្កាត់ផ្សារដេប៉ូទី១ ប្រវែង ៣.៦០០ម៉ែត្រ។ ស្តារលូ ផ្លូវលេខ២៥៣ ចាប់ពីផ្លូវលេខ១២៨ ដល់ផ្លូវលេខ២៣០ ក្នុងសង្កាត់ទឹកល្អក់ទី១ ទី២ និងទី៣ ប្រវែង ២.០០០ម៉ែត្រ។ ស្តារលូផ្លូវលេខ២៥៧ ចាប់ពីផ្លូវលេខ១២៨ ដល់ផ្លូវលេខ២៣០ ក្នុងសង្កាត់ទឹកល្អក់ទី១ ទី២ និងទី៣ ប្រវែង ២.១០០ម៉ែត្រ។ ស្តារលូផ្លូវលេខ២៦១ ចាប់ពីផ្លូវ១៨២ ដល់ផ្លូវលេខ២៣០ ក្នុងសង្កាត់ទឹកល្អក់ទី៣ ប្រវែង ១.០៦០ម៉ែត្រ។


លោក ឯក ឃុនដឿន បានបញ្ជាក់ទៀតថា ក្រុមការងារនេះនឹងប្រើប្រាស់រថយន្តចំនួន ១៣ គ្រឿង ដោយបែងចែងជាក្រុម ធ្វើសកម្មភាពព្រមៗគ្នាតែម្តង។ តាមការណែនាំពីអភិបាលរាជធានីភ្នំពេញ គឺបានឱ្យអាជ្ញាធរខណ្ឌទាំង៥ នៅកណ្តាលរាជធានី សហការជាមួយមន្ទីរសាធារការ និងដឹកជញ្ជូនរាជធានីភ្នំពេញ ធ្វើសកម្មភាពបូម ស្តារអណ្តូងលូ និងសម្អាតដីភក់តាមប្រព័ន្ធលូ ត្រៀម បញ្ចៀសការជន់លិចលង់មុនរដូវភ្លៀងធ្លាក់មកដល់។ គិតមកដល់ពេលនេះ កិច្ចការស្តារប្រព័ន្ធលូបានអនុវត្តនៅក្នុងខណ្ឌចំនួន៣ ហើយ ដែលបានបញ្ចប់រួចរាល់ ដោយក្នុងនោះរួមមាន ខណ្ឌដូនពេញ ខណ្ឌចំការមន និងខណ្ឌ៧មករា។

លោក ឯក ឃុនដឿន ក៏បានណែនាំឱ្យអាជ្ញាធរខណ្ឌ សង្កាត់ ត្រូវចុះពិនិត្យមើលទីតាំង ដែលប្រឈមនឹងការលិចលង់ខ្លាំង ដើម្បីឱ្យក្រុមការងារបានស្តារឱ្យចំគោលដៅ ហើយប្រព័ន្ធលូតូចដែលមិនទាន់បានភ្ជាប់ជាមួយលូមេ ក្រុមការងារត្រូវភ្ជាប់ដើម្បីឱ្យទឹកហូរងាយស្រួល និងធានាបានថា មិនមានការលិចលង់ដោយជំនន់ទឹកភ្លៀងនៅរដូវវស្សានេះទៀត។
លោកអភិបាលរងក៏បានអំពាវនាវឱ្យបងប្អូនប្រជាពលររដ្ឋ ត្រូវវេចខ្ចប់ ទុកដាក់សំរាមឱ្យបានត្រឹមត្រូវ ដើម្បីរក្សាបានអនាម័យ និងបរិស្ថានស្អាត ព្រមទាំងអាចបញ្ចៀសការលិចលង់ និងជួយលើកកម្ពស់សោភណ្ឌភាពរាជធានីភ្នំពេញយើងផងដែរ៕
ដោយ៖ សួស សំរិត





