ខេត្តសៀមរាបរួមគ្នាថែរក្សាសុខភាពវិស័យទេសចរណ៍ និងជំរុញរដ្ឋបាលក្រុងស្រុកឱ្យបង្កើនប្រភពទឹកធម្មជាតិ
AKP សៀមរាប ថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៦-- ឯកឧត្តម លី សំរិទ្ធ ប្រធានក្រុមប្រឹក្សាខេត្តសៀមរាប បានគូសបញ្ជាក់ថា ដើមី្បសុខភាពវិស័យទេសចរណ៍នៅកម្ពុជា សំខាន់ខេត្តសៀមរាប យើងត្រូវតែរួមគ្នាលើការអភិរក្ស និងអភិវឌ្ឍន៍ ដោយសូមឱ្យបងប្អូនប្រតិបត្តិករ អាជីវករ និងមគ្គុទេសក៍លើវិស័យទេសចរណ៍ មិនត្រូវលើកពីចំណុចអវិជ្ជមានរបស់ខ្លួនទៅប្រាប់ភ្ញៀវ និងការលក់ដូរកេងបន្លំដល់ភ្ញៀវទេសចរ ដែលនោះគឺជាការវាយបំបែកឆ្នាំងបាយខ្លួនឯងហើយ។ ឯកឧត្តម លី សំរិទ្ធ បានគូសបញ្ជាក់យ៉ាងដូច្នេះនៅក្នុងកិច្ចប្រជុំសាមញ្ញលើកទី២៧ របស់ក្រុមប្រឹក្សាខេត្តសៀមរាប ដែលបានប្រព្រឹត្តទៅនៅសាលប្រជុំសាលាខេត្តសៀមរាប នាថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៦។

ឯកឧត្តមបានបន្តឱ្យដឹងទៀតថា ការថយចុះនៃភ្ញៀវទេសចរនេះគឺដោយសារវិបត្តិសេដ្ឋកិច្ចលើពិភពលោកដោយសង្គ្រាម និងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។ ឯកឧត្តមក៏បានលើកផងដែរថា នៅក្នុងខេត្តសៀមរាបតើមានមន្ទីរពេទ្យសម្រាប់ភ្ញៀវទេសចរ ទៅតាមកម្រិតស្តង់ដាអន្តរជាតិដែរឬទេ។

ដោយឡែកពាក់ព័ន្ធទៅនឹងបញ្ហាទឹក ឯកឧត្តមបានផ្តល់អនុសាសន៍មួយចំនួនលើការងារធនធានទឹក គឺត្រូវកែប្រែបណ្តាអាងស្តុបទឹក ដែលមានការរីងរាក់នោះ គ្រប់បណ្តាក្រុង ស្រុក នៃខេត្តសៀមរាប ដែលមានការពាក់ព័ន្ធនឹងអាងទឹក ត្រូវរៀបចំផែនការធ្វើការស្តារឡើងវិញ ដើមី្បធានាក្នុងការផ្ទុកទឹកសម្រាប់ផ្គត់ផ្គង់ ដល់ការស្រោចស្រពផលដំណាំរបស់ប្រជាកសិករ ដែលជាមធ្យោបាយបង្កើនប្រភពទឹកធម្មជាតិនៅតាមមូលដ្ឋាន ព្រោះរដូវក្តៅរាំងស្ងួតដែល អាចបង្កឡើងដោយបាតុភូតអាល់មីណូអាចនឹងឈានមកដល់ក្នុងពេលឆាប់ៗខាងមុខនេះ។


ចំពោះបញ្ហាគ្រឿងញៀន បារីអេឡិចត្រូនិក ក្មេងទំនើង និងអនឡាញស្កេម ដែលជាប្រធានបទដ៏ក្តៅរបស់ប្រមុខរាជរដ្ឋាភិបាល ក្នុងការលុបបំបាត់ឱ្យខាងតែបាននោះ ឯកឧត្តម លី សំរិទ្ធ បានដាក់បន្ទុកទៅលើគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ដែលជាកម្លាំងងសមត្ថកិច្ច មានតួនាទីបង្ក្រាបឱ្យខាងតែបាន កុំឱ្យកើតមានក្នុងមូលដ្ឋាន ដែលធ្វើឱ្យប៉ះពាល់ដល់ភ្ញៀវទេសចរ៕
ដោយ ហង្ស សៀក





