លោកជំទាវ សុខ វណ្ណា នាំគ្រឿងឧបភោគបរិភោគ ចែកជូនដល់មណ្ឌលកុមារកំព្រា រទាំង ស្រុកកៀនស្វាយ
AKP កណ្ដាល ថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៦-- ដើម្បីចូលរួមចំណែកក្នុងសកម្មភាពសង្គម និងលើកកម្ពស់សុខុមាលភាពកុមារកំព្រា និងងាយរងគ្រោះ លោកជំទាវ សុខ វណ្ណា ប្រធានថ្នាក់កិត្តិយស អនុសាខាសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍នៃអគ្គនាយកដ្ឋានពន្ធនាគារ ក្រសួងមហាផ្ទៃ និងលោកស្រី ហេង សុទ្ធាវី អគ្គនាយិកាក្រុមហ៊ុន វ៉ាយ អេច អេស (ខេមបូឌា) ហ៊ូដ & បេវើរីច (YHS Cambodia Food & Beverage) ព្រមទាំងក្រុមការងារ បាននាំយកអំណោយជាគ្រឿងឧបភោគ បរិភោគ និងសម្ភារៈប្រើប្រាស់មួយចំនួន ទៅចែកជូនដល់កុមារកំព្រាដែលកំពុងស្នាក់នៅ និងទទួលបានការថែទាំក្នុងមណ្ឌលកុមារកំព្រា រទាំង ស្ថិតក្នុងឃុំភូមិធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល នៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៦។

ក្នុងឱកាសជួបសំណេះសំណាលនាពេលនោះ លោកជំទាវ សុខ វណ្ណា បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខយ៉ាងជ្រាលជ្រៅពីសំណាក់ថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ និងសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ ជូនចំពោះបុគ្គលិក និងកុមារទាំងអស់ដែលកំពុងរស់នៅក្នុងមណ្ឌល។ លោកជំទាវបានសម្តែងនូវក្តីអាណិតស្រឡាញ់ និងការយកចិត្តទុកដាក់ខ្ពស់ចំពោះសុខុមាលភាព និងការសិក្សារៀនសូត្ររបស់កុមារ ដោយបានក្រើនរំលឹកដល់ក្មួយៗទាំងអស់ឱ្យខិតខំប្រឹងប្រែងសិក្សារៀនសូត្រ ធ្វើជាកូនល្អ សិស្សល្អ និងជាពលរដ្ឋល្អសម្រាប់សង្គមជាតិទៅថ្ងៃអនាគត។

ជាមួយគ្នានេះ លោកស្រី ហេង សុទ្ធាវី អគ្គនាយិកាក្រុមហ៊ុន វ៉ាយ អេច អេស (ខេមបូឌា) ហ៊ូដ & បេវើរីច បានថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំ អស់នៅក្នុងមណ្ឌល ដែលបានលះបង់កម្លាំងកាយចិត្តក្នុងការថែទាំ និងអប់រំបណ្តុះបណ្តាលកុមារ។ លោកស្រីបានបញ្ជាក់ថា ក្រុមហ៊ុនតែងតែប្រកាន់ខ្ជាប់នូវស្មារតីទទួលខុសត្រូវសង្គម ហើយការចូលរួមចំណែកនាពេលនេះ គឺជាស្តែងចេញពីទឹកចិត្តស្រឡាញ់ និងការចែករំលែកដើម្បីជួយសម្រាលបន្ធុកជីវភាពរស់នៅ និងអាហារូបត្ថម្ភរបស់កុមារក្នុងមណ្ឌល រទាំង។

តំណាងមណ្ឌលកុមារកំព្រា រទាំង បានសម្តែងនូវក្តីរំភើប និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតជូនចំពោះលោកជំទាវ សុខ វណ្ណា និងលោកស្រី ហេង សុទ្ធាវី ព្រមទាំងប្រតិភូអមដំណើរទាំងអស់ ដែលបានចំណាយពេលវេលា និងធនធានផ្ទាល់ខ្លួន នាំយកនូវក្តីស្រឡាញ់ និងការឧបត្ថម្ភគាំទ្រដ៏ថ្លៃថ្លានេះមកកាន់កុមារទាំងអស់។ ទឹកចិត្ត និងសកម្មភាពមនុស្សធម៌នេះ គឺជាការលើកទឹកចិត្តយ៉ាងធំធេងដល់កុមារកំព្រា ឱ្យមានក្តីសង្ឃឹម និងស្នាមញញឹមក្នុងការតស៊ូរស់នៅ និងរៀនសូត្របន្តទៀត។

សូមជម្រាបជូនថា អំណោយដែលបាននាំយកទៅប្រគល់ជូនមណ្ឌលកុមារកំព្រានាឱកាសនោះ រួមមាន អង្ករ២បាវ ទឹកបរិសុទ្ធ១០កេស មីជាតិ៣កេស ប្រេងខ្យង៤ដប ត្រីខ២កេស ម្ស៉ៅស៊ុប១០កញ្ចប់ ផលិតផលភេសជ្ជៈyeos'ជាច្រើនមុខ គ្រឿងឧបភោគបរិភោគ និងសម្ភារៈប្រើប្រាស់មួយចំនួន និងនំចំណីជាច្រើនមុខផងដែរ៕
ដោយ ណយ នឿន (ប្រភព៖ រដ្ឋបាលខេត្តកណ្តាល)





