អ្នកឃុំក្រាំងតាយ៉ង ស្រុកពាមជរ និងអ្នកឃុំបឹងដោល ស្រុកព្រះស្តេច ខេត្តព្រៃវែងទទួលបានផ្លូវក្រាលកៅស៊ូពីរជាន់ (DBST) ១ខ្សែ
AKP ភ្នំពេញ ថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៦-- ឯកឧត្ដមបណ្ឌិត ចាន់ ដារ៉ុង រដ្ឋលេខាធិការ ក្រសួងអភិវឌ្ឍន៍ជនបទ និងក្រុមការងារបច្ចេកទេស កាលពីថ្ងៃអង្គារ ទី៤ ខែសីហា ឆ្នាំ២០២៦កន្លងទៅនេះ បានអញ្ជើញបើកការដ្ឋានសាងសង់លើកកម្រិតគុណភាពផ្លូវក្រាលកៅស៊ូពីរជាន់ (DBST) ចំនួន១ខ្សែ ប្រវែង១,៨៥ គីឡូម៉ែត្រ ទទឹង៦ម៉ែត្រ ក្នុងនោះមានការសាងសង់លូមូលមុខ១ ចំនួន២កន្លែង និងការងាររៀបថ្ម (៣០X៥០) ការពារជើងទេរផ្លូវប្រវែង២០០ម៉ែត្រ ដំឡើងផ្លាកសញ្ញាចរាចរណ៍១០ផ្លាក និងបង្គោលសុវត្ថិភាពចំនួន១៦ដើម ស្ថិតនៅភូមិក្រាំងតាយ៉ង ឃុំក្រាំងតាយ៉ង ស្រុកពាមជរ ភ្ជាប់ទៅភូមិក្លែងគង់ ឃុំបឹងដោល ស្រុកព្រះស្តេច ខេត្តព្រៃវែង ដោយមានការអញ្ចើញចូលរួមពីសំណាក់អភិបាល អភិបាលរងនៃគណៈអភិបាលស្រុក ក្រុមប្រឹក្សាឃុំ ប្រធានភូមិ និងប្រជាពលរដ្ឋ។

ឯកឧត្ដមបណ្ឌិតរដ្ឋលេខាធិការបាននាំយកនូវប្រសាសន៍ផ្ដាំផ្ញើសាកសួរសុខទុក្ខប្រកបដោយមនោសញ្ចេតនា សេចក្តីនឹករឭក សេចក្តីស្រលាញ់យ៉ាងជ្រាលជ្រៅ និងពរសព្ទសាធុការពីសំណាក់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ។

ឯកឧត្ដមបណ្ឌិតរដ្ឋលេខាធិការក៏បានចូលរួមអបអរសាទរជាមួយបងប្អូនប្រជាពលរដ្ឋដែលនឹងទទួលបានផ្លូវកៅស៊ូពីជាន់នាពេលឆាប់ៗខាងមុខ និងសំណូមពរដល់អាជ្ញាធរ និងប្រជាពលរដ្ឋដែលរស់នៅតាមបណ្តោយផ្លូវ សូមមេត្តាយោគយល់ និងសហការជាមួយកងវិស្វកម្មជួសជុលផ្លូវ ព្រមទាំងចូលរួមថែរក្សាលមិទ្ធផលនេះដើម្បីប្រើប្រាស់បានយូរអង្វែង និងសូមកងវិស្វកម្មធ្វើយ៉ាងណាឱ្យបានលឿន មានគុណភាពរឹងមាំ និងសោភ័ណភាពល្អ ហើយការស្ថាបនាផ្លូវខាងលើ គ្រោងនឹងបញ្ចប់នៅដើមខែមេសា ឆ្នាំ២០២៧ខាងមុខនេះ៕


ដោយ៖ ពេជ្រ សំអឿន (ប្រភព៖ ក្រសួងអភិវឌ្ឍន៍ជនបទ)





