កម្ពុជាធ្វើជាម្ចាស់ផ្ទះរៀបចំសិក្ខាសាលាថ្នាក់តំបន់ស្តីពី «ការកំណត់អត្តសញ្ញាណជីវសាស្រ្តក្នុងទឹក» eDNA ដើម្បីបង្កើនប្រសិទ្ធភាពនៃការអភិរក្សជីវចម្រុះ និងបរិស្ថានអេកូឡូស៊ីទន្លេមេគង្គ
AKP ភ្នំពេញ ថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៦-- លោកជំទាវ អ៊ឹម រចនា អនុរដ្ឋលេខាធិការទទួលបន្ទុកការងារអភិរក្សធនធានជលផលនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញជាអធិបតីក្នុងពិធីបើកសិក្ខាសាលាពិគ្រោះយោបល់ថ្នាក់តំបន់ស្តីពី «ការកំណត់អត្តសញ្ញាណជីវសាស្រ្តក្នុងទឹក» (eDNA)។

ថ្លែងក្នុងពិធីបើក លោកជំទាវ អ៊ឹម រចនា កាលពីថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២៦ បានគូសបញ្ជាក់ថា ការបង្កើនចំណេះដឹងលើ «eDNA» ជួយបង្កើនប្រសិទ្ធភាពនៃការអភិរក្សជីវចម្រុះ និងបរិស្ថានអេកូឡូស៊ីទន្លេមេគង្គ ជួយការពារពូជត្រីកម្រ និងរួមចំណែកដល់ការការពារនិងអភិរក្សសត្វផ្សោតទន្លេមេគង្គ ដែលកំពុងរស់នៅក្នុងអន្លង់ទឹកជ្រៅនៃខេត្តក្រចេះ និងស្ទឹងត្រែង នៃប្រទេសកម្ពុជា។

គួរបញ្ជាក់ជូនថា eDNA គឺជាសំណាកនៃវារីសត្វនៅក្នុងទឹក។ ការពិនិត្យ eDNA អនុញ្ញាតឱ្យអ្នកវិទ្យាសាស្ត្រដឹងថា មានត្រី ឬសត្វកម្រប្រភេទណាខ្លះកំពុងរស់នៅក្នុងតំបន់នោះ ដោយគ្រាន់តែយកសំណាកទឹកទៅវិភាគនៅក្នុងមន្ទីរពិសោធន៍។ បើតាមលោកជំទាវអនុរដ្ឋលេខាធិការ ការអនុវត្តវិធីសាស្ត្រ eDNA នេះ នឹងផ្តល់នូវមូលដ្ឋានទិន្នន័យច្បាស់លាស់ និងលឿនរហ័ស សម្រាប់ប្រទេសនៅតាមដងទន្លេមេគង្គអាចកំណត់តំបន់ការពារជលផលបានចំគោលដៅ។

សិក្ខាសាលាថ្នាក់តំបន់នេះរៀបចំឡើងដោយនាយកដ្ឋានអភិរក្សជលផលនៃអគ្គនាយកដ្ឋានជលផល ក្រោមការគាំទ្រថវិកាពីគម្រោងក្នុងក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង ដោយមានការចូលរួមពីលោកអ៊ុក វិបុល និងលោក ផៃ សុម៉ានី ប្រធាន និងអនុប្រធាននាយកដ្ឋានអភិរក្សជលផលនៃអគ្គនាយកដ្ឋានជលផល មន្ត្រីជំនាញនៃខណ្ឌជលផលខេត្តក្រចេះ និងស្ទឹងត្រែង ក្រុមអ្នកស្រាវជ្រាវជាន់ខ្ពស់មកពីប្រទេសចិន ឡាវ និងមីយ៉ាន់ម៉ា ព្រមទាំងតំណាងមកពីអង្គការ WWF សាកលវិទ្យាល័យភូមិន្ទកសិកម្ម និងវិទ្យាស្ថានជាតិកសិកម្មព្រែកលៀប៕

ដោយ៖ មករា





