កូរ៉េខាងត្បូងនឹងពិនិត្យមើលចំពោះការចូលរួមជាមួយកិច្ចព្រមព្រៀង CPTPP ដើម្បីជំរុញកំណើននាំចេញ
AKP ភ្នំពេញ ថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២៦ -- លោក គីម ជុងក្វាន់ រដ្ឋមន្ត្រីក្រសួងឧស្សាហកម្មកូរ៉េខាងត្បូង បាននិយាយកាលពីថ្ងៃអង្គារថា ប្រទេសកូរ៉េខាងត្បូងនឹងពិនិត្យមើលឡើងវិញនូវការចូលរួមជាមួយកិច្ចព្រមព្រៀងគ្រប់ជ្រុងជ្រោយ និងជឿនលឿនសម្រាប់ភាពជាដៃគូអន្តរប៉ាស៊ីហ្វិក(CPTPP) ដើម្បីពង្រីកបណ្តាញពាណិជ្ជកម្មរបស់ខ្លួន និងកាត់បន្ថយការពឹងផ្អែកលើទីផ្សារនាំចេញបែបប្រពៃណី។
នៅក្នុងកិច្ចប្រជុំគោលនយោបាយមួយ លោក គីម បានកំណត់ការពិនិត្យមើលឡើងវិញនេះថាជារបៀបវារៈសំខាន់សម្រាប់ឆមាសទីពីរនៃឆ្នាំនេះ។
លោក គីម បាននិយាយថា «យើងនឹងពិនិត្យមើលឡើងវិញនូវការចូលរួមជាមួយកិច្ចព្រមព្រៀង CPTPP ដើម្បីធានាទីផ្សារថ្មីៗ ដូចជាអាស៊ាន និងម៉ិកស៊ិក ព្រមទាំងពន្លឿនការនាំចេញមាតិកា K និងទំនិញប្រើប្រាស់»។
លោកបានសង្កត់ធ្ងន់ថា រដ្ឋាភិបាលនឹងប្រមូលយោបល់យ៉ាងពេញលេញពីភាគីពាក់ព័ន្ធ រួមទាំងវិស័យកសិកម្ម និងនេសាទ និងរដ្ឋសភាដោយទទួលស្គាល់ពីភាពរសើបនៃកតិកាសញ្ញាពាណិជ្ជកម្មសម្រាប់អ្នកផលិតក្នុងស្រុក។
កិច្ចព្រមព្រៀង CPTPP គឺជាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីធំជាងគេបំផុតមួយរបស់ពិភពលោក ដែលមានសេដ្ឋកិច្ចចំនួន១២ និងកាត់បន្ថយ ឬលុបបំបាត់ពន្ធលើទំនិញភាគច្រើនដែលបានជួញដូរក្នុងចំណោមសមាជិករបស់ខ្លួន ខណៈដែលបង្កើតច្បាប់រួមសម្រាប់ពាណិជ្ជកម្ម ការវិនិយោគ និងពាណិជ្ជកម្មឌីជីថល។ សមាជិកចំនួន១២ របស់ខ្លួននោះ គឺរួមមានប្រទេសជប៉ុន អូស្ត្រាលី កាណាដា ម៉ិកស៊ិក ចក្រភពអង់គ្លេស សិង្ហបុរី វៀតណាមម៉ាឡេស៊ី ឈីលី ប៉េរូ នូវែលសេឡង់ និងប្រ៊ុយណេ។
ការពិនិត្យមើលឡើងវិញដែលបានស្នើឡើងនេះ បានកើតឡើងនៅពេលដែលរដ្ឋបាលលោក លី ស្វែងរកការធ្វើពិពិធកម្មគោលដៅនាំចេញចំពេលដែលមានភាពមិនប្រាកដប្រជាខាងភូមិសាស្ត្រនយោបាយកើនឡើងនិងការធ្លាក់ចុះនៃពាណិជ្ជកម្មសកលលោក។
ការអនុវត្តនេះ គឺជាផ្នែកមួយនៃគោលដៅគោលនយោបាយទូលំទូលាយរបស់ក្រសួងពាណិជ្ជកម្ម ឧស្សាហកម្ម និងធនធាន ក្នុងការពង្រីកឥទ្ធិពលសេដ្ឋកិច្ចរបស់កូរ៉េខាងត្បូងនៅក្រៅប្រទេស។
ក្រោមយុទ្ធសាស្ត្រនេះ រដ្ឋាភិបាលមានគម្រោងពង្រឹងទំនាក់ទំនងពាណិជ្ជកម្មនៅទូទាំងតំបន់ជាច្រើន ដើម្បីដោះស្រាយភាពមិនប្រាកដប្រជាដែលកំពុងកើនឡើង ដែលអាជីវកម្មកូរ៉េខាងត្បូងកំពុងប្រឈមមុខ៕
ដោយ៖ យា ចិន្ដាខន្ដី (ប្រភព៖ កូរ៉េថាមស៍)





