ប្រធានាធិបតីអ៊ីរ៉ង់បដិសេធការរាយការណ៍ចំពោះការលាលែងពី
AKP ភ្នំពេញ ថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២៦ -- ប្រធានាធិបតីអ៊ីរ៉ង់ លោក ម៉ាសាអ៊ូដ ប៉េហ្សេសគីអាន់ បានបដិសេធកាលពីថ្ងៃអង្គារដែលថាលោកបានដាក់លិខិតលាលែងពីតំណែង ចំពេលដែលមានការកើនឡើងនៃភាពតានតឹងផ្នែកយោធាជាមួយសហរដ្ឋអាមេរិក។
លោក ប៉េហ្សេសគីអាន់ បានថ្លែងនៅក្នុងសុន្ទរកថាតាមទូរទស្សន៍ថា«ប្រសិនបើខ្ញុំនឹងលាលែងពីតំណែង ខ្ញុំនឹងប្រកាសជាសាធារណៈ។ ខ្ញុំនឹងមិនលាលែងពីតំណែងទេ ហើយខ្ញុំនឹងបន្តការតស៊ូ»។
លោកក៏បានបដិសេធផងដែរចំពោះការអះអាងអំពីការមិនចុះសម្រុងជាមួយមេដឹកនាំកំពូល លោក ម៉ូចតាបា ខាំមេណី និងកងកម្លាំងប្រដាប់អាវុធដោយលោកបានសង្កត់ធ្ងន់ថា «យើងកំពុងធ្វើការដោយសុខដុមរមនាយ៉ាងពេញលេញ»។
លោកបាននិយាយថា «មនុស្សគ្រប់គ្នាដឹងថា ប្រសិនបើមានការមិនចុះសម្រុងណាមួយកើតឡើង កងកម្លាំងប្រដាប់អាវុធនឹងនៅខាងលោក ខាំមេណី»។
ប្រព័ន្ធផ្សព្វផ្សាយប្រឆាំងអ៊ីរ៉ង់ពីមុនបានអះអាងថា លោក ប៉េហ្សេសគីអាន់ បានដាក់លិខិតលាលែងពីតំណែងរបស់លោកទៅលោក ខាំមេណីច្រើនដងមកហើយ។
អ៊ីរ៉ង់បានចូលរួមក្នុងជម្លោះជាមួយសហរដ្ឋអាមេរិកចាប់តាំងពីខែកុម្ភៈនៅពេលដែលទីក្រុងវ៉ាស៊ីនតោន និងអ៊ីស្រាអែលបានចាប់ផ្តើមការវាយលុករួមគ្នាទៅលើទីក្រុងតេអេរ៉ង់។ អ៊ីរ៉ង់បានសងសឹកវិញដោយការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើក និងមីស៊ីលលើប្រទេសឈូងសមុទ្រដែលកាន់កាប់ទ្រព្យសម្បត្តិរបស់សហរដ្ឋអាមេរិក។
សហរដ្ឋអាមេរិក និងអ៊ីរ៉ង់ បានយល់ព្រមលើបទឈប់បាញ់មួយកាលពីខែមេសា ហើយបន្ទាប់មកបានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា ដែលសម្របសម្រួលដោយប៉ាគីស្ថាន កាលពីខែមិថុនាដែលមានគោលបំណងបញ្ចប់ជម្លោះយោធារបស់ពួកគេ និងឈានដល់កិច្ចព្រមព្រៀងសន្តិភាពយូរអង្វែង។ ទោះជាយ៉ាងណាក៏ដោយ កិច្ចព្រមព្រៀងនេះបានបរាជ័យកាលពីខែមុន ដោយភាគីទាំងពីរបានវាយប្រហារគ្នាទៅវិញទៅមកអស់រយៈពេលជិតពីរសប្តាហ៍ មុនពេលប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បានបញ្ឈប់ការទម្លាក់គ្រាប់បែកភ្លាមៗ ចំពេលដែលមានការរាយការណ៍អំពីកិច្ចចរចាដើម្បីដោះស្រាយជម្លោះ៕
ដោយ៖ យា ចិន្ដាខន្ដី (ប្រភព៖ AA-AKP)





