អ៊ីរ៉ង់ និងអូម៉ង់ ជិតឈានដល់កិច្ចព្រមព្រៀងបើកច្រកសមុទ្រហ័រមុសឡើងវិញ
AKP ភ្នំពេញ ថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២៦ -- សារព័ត៌មាន The New York Times បានរាយការណ៍កាលពីពេលថ្មីៗនេះដោយដកស្រង់សម្តីមន្ត្រីអ៊ីរ៉ង់និងសហរដ្ឋអាមេរិកដែលបាននិយាយថា អ៊ីរ៉ង់ និងអូម៉ង់ជិតឈានដល់កិច្ចព្រមព្រៀងមួយ ដើម្បីស្តារចរាចរណ៍ផ្លូវសមុទ្រពាណិជ្ជកម្មឡើងវិញតាមរយៈច្រកសមុទ្រហ័រមុស។
យោងតាមការរាយការណ៍នេះ នាវាដែលចូលទៅក្នុងឈូងសមុទ្រនឹងធ្វើដំណើរឆ្លងកាត់ច្រកដឹកជញ្ជូនដែលគ្រប់គ្រងដោយអ៊ីរ៉ង់ និងនៅជិតឆ្នេរសមុទ្ររបស់ខ្លួន ខណៈដែលចរាចរណ៍ចេញនឹងប្រើប្រាស់ច្រកមួយនៅជិតអូម៉ង់។
មន្ត្រីអ៊ីរ៉ង់បានប្រាប់សារព័ត៌មាន The New York Times ថា គ្មានការយកថ្លៃសេវាទេ ប៉ុន្តែបាននិយាយថា កិច្ចព្រមព្រៀងនេះរួមមាន «ថ្លៃសេវា»ដើម្បីគ្របដណ្តប់លើផលប៉ះពាល់បរិស្ថាន សន្តិសុខសម្រាប់នាវាដឹកទំនិញនិងនាវាដឹកប្រេង និងថ្លៃបុគ្គលិក។ ពួកគេបានបន្ថែមថា ប្រាក់ចំណូលនឹងត្រូវបានចែករំលែកស្មើៗគ្នារវាងអ៊ីរ៉ង់ និងអូម៉ង់។
មន្ត្រីអាម៉េរិកម្នាក់បាននិយាយថា របាយការណ៍របស់អ៊ីរ៉ង់ គឺ «មិនត្រឹមត្រូវទេ» ដោយបាននិយាយថា ផ្លូវដឹកជញ្ជូន «បណ្តោះអាសន្ន»ណាមួយឆ្លងកាត់ច្រកសមុទ្រនេះនឹងមិនតម្រូវឱ្យមានការយល់ព្រមពីអ៊ីរ៉ង់ទេហើយនឹងមិនពាក់ព័ន្ធនឹងការយកថ្លៃសេវាទេ។
យោងតាមរបាយការណ៍នេះ បានឱ្យដឹងថា មន្ត្រីជាន់ខ្ពស់មួយចំនួនរបស់មន្ទីរបញ្ចកោណមានការសង្ស័យចំពោះការរៀបចំដែលបានស្នើឡើងដោយសម្តែងការព្រួយបារម្ភថា វាអាចជាសម្បទានដល់អ៊ីរ៉ង់។
សារព័ត៌មាន The New York Times ក៏បានរាយការណ៍ផងដែរថាមន្ត្រីអ៊ីរ៉ង់មួយចំនួនបានសួរថា តើកិច្ចព្រមព្រៀងនេះនឹងដំណើរការដូចការគ្រោងទុក និងការពារការវាយប្រហាររបស់សហរដ្ឋអាមេរិកមួយជុំទៀតដែរឬទេ៕
ដោយ៖ យា ចិន្ដាខន្ដី (ប្រភព៖ AA-AKP)





