ក្រសួងបរិស្ថានសម្រេចឱ្យក្រុមហ៊ុនរោងចក្រកែច្នៃលោហធាតុមួយកន្លែងក្នុងខេត្តកំពត បំពេញបែបបទស្របតាមច្បាប់បរិស្ថានឱ្យបានត្រឹមត្រូវ មុនពេលដំណើរការ
AKP ភ្នំពេញ ថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៦-- បន្ទាប់ពីរកឃើញក្រុមហ៊ុន ASIA EUROPE METAL KH CO., LTD. ស្ថិតនៅភូមិភូមិមនោណុប ឃុំជំពូវន្ត ស្រុកជុំគិរី ខេត្តកំពត ដែលបានដំណើរការ ពុំទាន់មានរបាយការណ៍វាយតម្លៃហេតុប៉ះពាល់បរិស្ថាន និងគ្មានលិខិតអនុញ្ញាតបញ្ចេញសំណល់ ក្រសួងបរិស្ថានបានតម្រូវឱ្យក្រុមហ៊ុន ធ្វើការបំពេញបែបបបទឱ្យបានត្រឹមត្រូវស្របតាមក្រមបរិស្ថាន និងធនធានធម្មជាតិ មុនពេលដំណើរការផលិកម្ម។

ក្រុមការងារអធិការកិច្ចនៃអគ្គនាយកដ្ឋានគាំពារបរិស្ថាននៅថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៦ ដឹកនាំដោយលោក ឡៅ គឹមឈី អនុប្រធាននាយកដ្ឋាន ដោយមានការចូលរួម ពីមន្ទីរបរិស្ថានខេត្តកំពត បានធ្វើការចុះត្រួតពិនិត្យក្រុមហ៊ុន ASIA EUROPE METAL KH CO., LTD. ដែលជាប្រភេទរោងចក្រកែច្នៃលោហធាតុនៅទីតាំងខាងលើ។

ក្រសួងបរិស្ថានបានបញ្ជាក់ថានឹងលើកទឹកចិត្ត និងគាំទ្រដល់ការវិនិយោគ ដែលបានចូលរួមចំណែកដល់ការអភិវឌ្ឍប្រកបដោយចីរភាព ក្នុងការគិតគូការពារបរិស្ថាន និងសុខភាពសាធារណៈស្របតាមគោលនយោបាយនិងយុទ្ធសាស្រ្តរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងនោះការអនុវត្តយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន ដើម្បីកម្ពុជាមានភាពស្អាត ភាពបៃតង និងចីរភាព។

សូមបញ្ជាក់ថា រោងចក្រកែច្នៃលោហៈ ក្នុងនោះមានការទាញយកសារធាតុ អង់ទីម៉ូនី (Antimony) ដែលជាសារធាតុរ៉ែដ៏សំខាន់មួយ ដែលប្រើក្នុងអាគុយ គ្រឿងអេឡិចត្រូនិក សម្ភារៈធន់នឹងចរន្តអគ្គិសនី និងបច្ចេកវិទ្យាទំនើបៗជាច្រើន។ ដោយសារតម្រូវការសារធាតុរ៉ែដ៏សំខាន់នេះកើនឡើង ការទទួលខុសត្រូវរបស់រោងចក្រកែច្នៃ ត្រូវធានាការពារ ផលប៉ះពាល់ដល់បរិស្ថាន ឬសុខភាពសាធារណៈ ឱ្យបានត្រឹមត្រូវ។ បើគ្មានការការពារបរិស្ថានត្រឹមត្រូវទេ ការកែច្នៃទាញយកសារធាតុ អង់ទីម៉ូនី អាចបញ្ចេញធូលី លោហធាតុធ្ងន់ និងទឹកសំណល់ដែលបំពុលខ្យល់ ទឹក និងដី។ សារធាតុបំពុលទាំងនេះ អាចបង្កគ្រោះថ្នាក់ដល់ការរស់នៅរបស់មនុស្ស សត្វ បំពុលប្រភពទឹក បំពុលដី កាត់បន្ថយផលិតភាពកសិកម្ម និងបង្កហានិភ័យសុខភាពសាធារណៈ។ លើសពីនេះការខូចខាតបរិស្ថាន អាចមានរយៈពេលជាច្រើនឆ្នាំ ប្រសិនបើការបំពុលមិនត្រូវបានគ្រប់គ្រងឱ្យបានត្រឹមត្រូវ៕

ដោយ៖ មករា





