ប្រជាពលរដ្ឋរងគ្រោះចំនួន៣០០គ្រួសារនៅស្រុកគងពិសីទទួលបានអំណោយមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា
AKP កំពង់ស្ពឺ ថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៦-- ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ស្ពឺ បានអញ្ជើញអមដំណើរលោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការកាកបាទក្រហមកម្ពុជា ក្នុងពិធីចែកអំណោយមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា ជូនដល់ប្រជាពលរដ្ឋងាយរងគ្រោះបំផុតចំនួន ៣០០គ្រួសារ មកពីឃុំទាំង១៣ នៃស្រុកគងពិសី ដោយពិធីនេះត្រូវបានប្រារព្ធធ្វើឡើងនៅវត្តអង្គរំដួល ហៅវត្តស្វាយទាប ស្ថិតនៅក្នុងភូមិស្វាយ ឃុំស្តុក ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។

ក្នុងឱកាសនោះ លោក ហន ពិដ្ឋ អភិបាលស្រុកគងពិសី បានអានរបាយការណ៍ស្វាគមន៍ ដោយបានគូសបញ្ជាក់អំពីស្ថានភាពទូទៅ ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ និងកិច្ចខិតខំប្រឹងប្រែងរបស់អាជ្ញាធរមូលដ្ឋានក្នុងការស្វែងរក និងស្រង់ទិន្នន័យគ្រួសារងាយរងគ្រោះបំផុតក្នុងឃុំទាំង១៣ ដើម្បីទទួលបានជំនួយមនុស្សធម៌ទាន់ពេលវេលា។

ឆ្លៀតក្នុងឱកាសនោះ លោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការកាកបាទក្រហមកម្ពុជា បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខយ៉ាងកក់ក្តៅ និងក្តីនឹករលឹកពីសម្ដេចព្រះមហាក្សត្រី នរោត្ដម មុនិនាថ ស៊ីហនុ ព្រះវររាជមាតាជាតិខ្មែរ ព្រះប្រធានកិត្តិយសកាកបាទក្រហមកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជូនចំពោះបងប្អូនប្រជាពលរដ្ឋទាំងអស់ដែលបានចូលរួម។
ជាមួយគ្នានេះ លោកជំទាវបានរំលឹក និងអំពាវនាវដល់ប្រជាពលរដ្ឋឱ្យយកចិត្តទុកដាក់ខ្ពស់លើការថែរក្សាសុខភាព និងអនាម័យជាប្រចាំ ដោយត្រូវរស់នៅ និងហូបស្អាត។ លោកជំទាវបានណែនាំឱ្យកាត់បន្ថយការបរិភោគអាហារដែលមានជាតិផ្អែម ប្រៃ និងជាតិខ្លាញ់ច្រើន ព្រមទាំងកាត់បន្ថយការពិសារគ្រឿងស្រវឹង និងភេសជ្ជៈកំប៉ុងផ្អែមៗ ហើយផ្ទុយទៅវិញ ត្រូវខិតខំបង្កើនការញ៉ាំបន្លែធម្មជាតិឱ្យបានច្រើន ដើម្បីធានានូវសុខភាពល្អបរិបូរណ៍ និងជៀសផុតពីជំងឺដង្កាត់ផ្សេងៗ។

លោកជំទាវបានបន្តទៀតថា កាកបាទក្រហមកម្ពុជាដែលមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធានតែងតែឈរនៅក្បែរខាង និងរួមសុខរួមទុក្ខជាមួយបងប្អូនប្រជាពលរដ្ឋជានិច្ច ដោយមិនទុកឱ្យប្រជាពលរដ្ឋណាម្នាក់ស្លាប់ដោយអត់បាយ ដោយមិនបានដឹង ឬមិនបានជួយដោះស្រាយនោះឡើយ។ អំណោយមនុស្សធម៌ដែលបានចែកជូននាពេលនេះ ទោះបីជាមិនបានបំពេញតាមតម្រូវការទាំងស្រុង ប៉ុន្តែវាអាចជួយសម្រាលទុក្ខលំបាក និងជីវភាពរស់នៅរបស់បងប្អូនបានមួយកម្រិត។
បន្ថែមពីនេះ លោកជំទាវបានបន្តអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ឱ្យខិតខំបង្កបង្កើនផល ដាំដំណាំរួមផ្សំ និងចិញ្ចឹមសត្វបន្ថែមនៅតាមខ្នងផ្ទះ ដើម្បីលើកកម្ពស់សេដ្ឋកិច្ចគ្រួសារ និងត្រូវបញ្ជូនកូនចៅឱ្យបានទៅរៀនសូត្រគ្រប់ៗគ្នា ដើម្បីឱ្យពួកគេមានអនាគតភ្លឺស្វាង និងក្លាយជាទំពាំងស្នងឫស្សីដ៏ល្អសម្រាប់ប្រទេសជាតិ។

សូមបញ្ជាក់ថា អំណោយមនុស្សធម៌ដែលត្រូវផ្តល់ជូនប្រជាពលរដ្ឋងាយរងគ្រោះទាំង៣០០គ្រួសារ ក្នុងមួយគ្រួសារទទួលបានអង្ករ មី ត្រីខ ទឹកត្រី ទឹកស៊ីអ៊ីវ ប្រេងឆា ទឹកសុទ្ធ ឃីត១កញ្ចប់ សារុង និងថវិកាចំនួន ២០,០០០ រៀលផងដែរ៕
ដោយ៖ ម៉ែន ប៊ុនធីម





